ក្រុងសៀមរាបៈ គ្រាន់តែ​ដាក់​ដៃ​ចូលក្នុង​ទឹក​គឺអាច​នឹង​ត្រង​បាន​ត្រី​តែម្តង នេះ​គឺជា​ចក្ខុវិស័យ​របស់​សហគម​ន៍​តំបន់​អភិរក្ស​ជីវចម្រុះ​បឹង​ពារាំង ខេត្តសៀមរាប។ គ្រាន់តែ​បី​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់​សហគមន៍​នៅ​តំបន់​នេះ​ស្រុះដៃ​គ្នា​បំបាត់​ការនេសាទ​ខុសច្បាប់ ត្រី​ក៏​ចាប់ផ្តើម​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​ហើយ​សត្វ​ស្លាប​ជាច្រើន​ម៉ឺន​ក្បាល​បានមក​រស់នៅ​បង្ករ​ជា​ជំរក​កាន់តែ​ច្រើនឡើង។ «ប្រជាជន​នៅទីនេះ​មាន​ឆន្ទៈ​ក្នុងការ​អភិរក្ស ព្រោះ​ពួកគាត់​យល់​អំពី​គុណ​តំលៃ​អេកូ​ទេសចរណ៍» នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក​ផាត បុរី ប្រធាន​គ្រប់គ្រង៣តំបន់​កម្ពុជា​ឡាវ​និង​ភូមា​របស់​ក្រុមហ៊ុន Booking.com ថ្លែង​ក្នុង​ឪ​កាស​ដែល​លោក​រៀបចំ​កម្មវិធី​ថ្លែងអំណរគុណ​ដល់​បណ្តា​អាជីវកម្ម​ផ្ទះសំណាក់​សណ្ឋាគារ ក្នុង​វិស័យ​បដិសណ្ឋារកិច្ច​នៅ​ខេត្តសៀមរាប។

លោក ផាត បុរី និងក្រុម​ការងារ​ booking.com។ ហុង មិនា

ថ្លែង​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍នៅ​ប្រប​មាត់បឹង លោក​បាន​ចង្អុល​ទៅកាន់​ម្ហូប​ជាច្រើន​តម្រៀប​គ្នា​រៀបចំ​ទទួល​អ្នកចូលរួម​ថា៖ «ជាធម្មតា​យើង​ធ្វើ​កម្មវិធី​នេះ​នៅក្នុង​សណ្ឋាគារធំៗ លើក​កែវស្រា​ឡើងជា​ការអបអរ តែ​ឆ្នាំនេះ​យើង​ចង់បង្ហាញ​សហគមន៍​ថា​យើង​បានលឺ​ពួកគេ ហើយ​ការដែល​យើង​អញ្ជើញ​មនុស្ស​រាប់រយ​អ្នក​មកកាន់​ទីនេះ ព្រោះ​យើង​ចង់​ចូលរួមចំនែក​គាំទ្រ​ដល់​ការខិតខំ​ប្រឹងប្រែង​នេះ។» ថ្លែង​ស្របគ្នា​នេះដែរ លោក​សាន វ​ឌ្ឍ​នា អគ្គនាយក សណ្ឋាគារ Hillocks ដែល​បាន​ចូលរួមចំនែក​ក្នុង​ការជួយ​ជ្រុម​ជ្រែង​ឲ្យ​កម្មវិធី​នេះ​ឲ្យ​កើតមានឡើង​ដែល​នោះ បានលើកឡើង​ពោ​ពេញ​ទៅដោយ​ការ​លុង​នឹង​សម្រស់​នៅទីនេះ​ថា៖ «ជិះ​តែ២០នាទី​ប៉ុណ្ណោះ​ពី​ក្រុង សៀមរាប ហើយ​ការធ្វើតំណើ​មកកាន់​ទីនេះ​យើង​នឹង​ឃើញ​ជីវភាព​របស់​ប្រជាជន​យ៉ាង​រស់​រវើក វាលស្រែ​ដ៏​ធំ​ល្វឹងល្វើយ ហើយ​អ្នក​ក៏បាន​ចូលមក​ដល់​តំបន់​នេះ​ដោយ​មិនដឹង​ខ្លួន​ថា​វា​នៅ​ជិត​ក្រុង​ដល់​ម្លឹ​ង វា​ពិតជា​ស្អាត​ណាស់។» បឹង​ពារាំង​ជា​តំបន់​ព្រៃ​លិច​ទឹក​ទំហំ៣០០០ហិច​តា ត្បិត​វា​សំបូរ​ដើមឈើ​ប៉ុន្តែ​សហគមន៍​យល់ឃើញថា​ពួកគេ​ត្រូវ​ការដាំ​ឈើ​បន្ថែមទៀត ហើយ​ការដែល ​Booking.com នាំយក​មនុស្ស​ជាង២០០នាក់​មកកាន់​ទីនេះ ដើម្បី​ដាំ​ដើមឈើ វា​អាច​នឹង​ក្លាយជា​គំនិត​ផ្តួចផ្តើម​មួយ​ជា​ប្រពៃណី​ទៅ​អនាគត។ «មនុស្ស​គ្រប់គ្នា​គួរ​មក​ដាំ​ដើមឈើ​នៅទីនេះ ហើយ​ឈ្មោះ​របស់​ពួកគេ​នឹងត្រូវ​ចងចាំ​» នេះ​គឺជា​ការ​លើក​ឡើង​ដោយ​លោក​គង់ មង្គល ប្រធាន​សហគមន៍​បឹង​ពារាំង។

ក្រុមទេសចរជិះរទេះគោយន្តទៅ​កម្សាន្តតំបន់បឹងពារាំង​​​។ ហុង មិនា

ទោះជា​យ៉ាងណា​លោក​វ​ឌ្ឍ​នា បានលើកឡើង​បន្ថែមទៀតថា៖ «​នៅថ្ងៃនេះ​យើង​ឃើញ​មាន​ម្ចាស់​សណ្ឋាគារ​ជាច្រើន​មាន​វត្តមាន​នៅទីនេះ តើ​យើង​គួរ​ត្រូវធ្វើ​អ្វី​ខ្លះទៀត​ដើម្បី​ជួយ​បំពេញ​ការខ្វះចន្លោះ​ដើម្បី​ឲ្យ​យើង​អាច​រៀបចំ​ទទួលភ្ញៀវ​មក​កំសាន្ត​នៅទីនេះ​បាន​ងាយស្រួល។» លោក​បានលើកឡើងបន្ថែមទៀតថា៖ «​នៅទីនេះ​មានកូន​កោះតូចៗជាច្រើន​អាច​ឲ្យ​យើង​រៀបចំ​ជាការ​បោះតង់​ប្រណិត​អី​ជាដើម តែ​តំបូង​យើង​ត្រូវ​គិតថា​ពេល​ភ្ញៀវ​មកដល់​តើ​ពួកគាត់​នឹង​ត្រូវការ​អ្វីខ្លះ ហើយ​អ្វីខ្លះ​នោះឯង​ដែល​យើង​ជាអ្នក​ដែលមាន​ធនធាន​ត្រូវ​ជួយ​គ្នា​តិច​ឫ​ច្រើន​ផ្តល់ជូន​ដល់​សហគមន៍​ដោយផ្ទាល់។»

ទាំង​សហគមន៍ និង​វិស័យ​ឯកជន​បានលើកឡើង​ពី​សារៈសំខាន់​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​នៅ​តំបន់​អភិរក្ស​ជីវចម្រុះ​បឹង​ពារាំង​នេះ ពួកគេ​មានជំនឿថា​ភាពជោគជ័យ​នៃ​គម្រោង​នៅទីនេះ​នឹងមាន​ជំ​ហ៊ាន​ទៅមុខ​កាន់តែ​លឿន​ប្រសិនបើ​មានការ​ចូលរួម​រួមគ្នា​ទាំង​វិស័យ​ឯកជន និង​ការគាំទ្រ​ពី​មន្ត្រី​ថ្នាក់ជាតិ​រួមគ្នា​បំពេញ​ចន្លោះ​ផ្សេងគ្នា​ពីលើ​ឆន្ទៈ​របស់​សហគមន៍​ និង​មន្ត្រី​ថ្នាក់ក្រោម​ជាតិ​ដែលមាន​ស្រាប់។