ក្រុង​ហ្សឺណែវ​ : ត្បូងពេជ្រ​ពណ៌​ផ្កា​ឈូក​ដ៏​កម្រ​មួយ​ដែល​ត្រូវបាន​កែច្នៃ​ពី​ត្បូង​ឆៅ​ដ៏​ធំបំផុត​ក្នុង​ប្រទេស​រុស្ស៊ី ត្រូវបាន​ដាក់​លក់​ដេញថ្លៃ​នៅ Sotheby''s ក្នុង​ហ្សឺណែវ តម្លៃ ២៦,៦ ​លាន​ដុល្លារ​។

ដោយ​ឲ្យ​ឈ្មោះ​ថា «​វិញ្ញាណ​កូលាប​» ត្បូង​ពេជ្រ​ ១៤,៨៣ ​ការ៉ាត់​ ត្រូវបាន​លក់​ក្នុង​តម្លៃ​ខ្ពស់​បំផុត​ រួម​ទាំង​ប្រាក់​កម្រៃ​ជើង​សារ​នៅ​​ក្នុង​ប្រវត្ដិ​សាស្ដ្រ​គ្រាប់​ពេជ្រ​ផ្កា​ឈូក​បែក​ស្វាយ។

វា​ត្រូវការ​ពេល​តែ​ប៉ុន្មាន​នាទី​ក្នុង​ការ​ដេញថ្លៃ​ដែល​តម្លៃ​បាន​ហក់​ដល់​ ២១ ​លាន​ហ្វ្រង់​ស្វ៊ីស ក្រោយ​ពី​ត្បូង​ប៉ុន​ថ្លើមថ្ម​ត្រូវបាន​ដាក់​លក់​ដេញ​ថ្លៃ​តាម​អនឡាញ​ ដោយ​អ្នកទិញ​ចុងក្រោយ​មិន​ត្រូវ​បាន​ផ្ដល់​អត្ដសញ្ញាណ​ឡើយ​។

អ្នក​លក់​ដេញថ្លៃ​ឲ្យ​ក្រុមហ៊ុន Sotheby''s លោក Benoit Repellin បាន​ហៅ​គ្រាប់​ពេជ្រ​នោះ​ជា «​អច្ឆរិយៈ​ធម្មជាតិ​» និង​បាន​បន្ថែម​ថា តម្លៃ​ដ៏​ខ្ពស់​សម្រាប់​ត្បូង​ពណ៌​ផ្កាឈូក​នេះ​នឹង​បន្ដ​កើន​ឡើង​ ខណៈ​ពួកវា​កាន់តែ​ត្បូង​កម្រ​។

«​វីញ្ញាណ​កូលាប» ត្រូវបាន​កែច្នៃ​ចេញ​ពី​ថ្ម​ត្បូង​ ២៧,៨៥ ការ៉ាត់ ដែលត្រូវបាន​រក​ឃើញ​ក្នុង​ឆ្នាំ​ ២០១៧ ដោយ​ក្រុមហ៊ុន​ជីក​រ៉ែ Alrosa ក្នុង​សាធារណៈរដ្ឋ​សាខា នៃ​ប្រទេស​រុស្ស៊ី ភាគ​ឦសាន្ដ​ស៊ីបេរី​។

វា​ត្រូវ​ចំណាយ​​ពេល​មួយ​ឆ្នាំ​ក្នុង​កែច្នៃ​ត្បូង​ដ៏​មាន​តម្លៃ​នេះ ហើយ​វា​ជា​តម្រូវ​ការ​ខ្ពស់​សម្រាប់​ទីផ្សារ​សកល​លោក​។

កំណត់​ត្រា​ពិភពលោក​សម្រាប់​ពេជ្រ​ពណ៌​ផ្កា​ឈូក​មាន​ប្រវត្ដិ​ក្នុង​ឆ្នាំ​ ២០១៧ នៅពេល​ត្បូង​មួយ​គ្រាប់​ស្គាល់​ជា CTF Star Pink ត្រូវបាន​លក់​តម្លៃ ៧១,២​ លាន​ដុល្លារ ​ក្នុង​ទីក្រុង​ហុងកុង​។

បើ​យោងតាម Sotheby''s បាន​ឲ្យ​ដឹងថា ៥​ ក្នុង​ចំណោម​ត្បូង​ពេជ្រ​ដ៏​មាន​តម្លៃ​បំផុត​ទាំង ១០​គ្រាប់ ធ្លាប់ត្រូវ​បាន​ដាក់​លក់​ គឺមាន​ពណ៌​ផ្កា​ឈូក​ ដោយ​ត្រូវ​បាន​ដាក់​លក់​មួយ​ទសវត្សរ៍​ចុង​ក្រោយ​។

ទើប​តែ​នៅក្នុង​ខែ​នេះ ការ​រុក​រករ៉ែ​ពេជ្រ​ពណ៌​ផ្កា​ឈូក​ធំបំផុត​ក្នុង​លោក​ត្រូវបាន​បញ្ឈប់​ ខណៈ​ក្រុមហ៊ុន Argyle របស់​អូស្ដ្រាលី​ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​ផ្គត់​ផ្គង់​ជាង ៩០​ ភាគរយ​ ក៏​ឈប់​អាជីវកម្ម៕ AFP/HR