ក្រុងហាណូយ៖ ដបប្លាស្ទិក និងកែវរាប់ពាន់ស្ថិតនៅរាយប៉ាយពាសពេញដីកសិដ្ឋានរបស់លោក ត្រាន់ ង៉ុក ថាង ដែលដបនីមួយៗជាជម្រករបស់ត្រីពណ៌ស្រស់ឆើត និងក្លៀវក្លា ដែលត្រូវតែចិញ្ចឹមដាច់ដោយឡែក។
លោក ថាង បានចាប់អាជីពបង្កាត់ពូជត្រីក្រឹមជល់ ឬហៅថា ត្រីប្រយុទ្ធ រយៈពេលជាង ២០ ឆ្នាំនៅប្រទេសវៀតណាម ហើយមុខរបររបស់លោកនៅតែកាក់កប។
ត្រីក្រឹមទាំងនេះធ្លាប់មានតម្លៃខ្ពស់ដោយសារសមត្ថភាពប្រយុទ្ធរបស់ពួកវា ជាមួយការលេងល្បែងភ្នាល់ទៅលើភាគីត្រីនីមួយ។ បច្ចុប្បន្ន ពួកវាស្ទើរតែប្រែក្លាយជាត្រីតាំងលម្អ ប៉ុន្តែនៅតែរក្សាទុកដាក់ដោយឡែកនៅកសិដ្ឋានរបស់លោក ថាង ដើម្បីបញ្ចៀសការជល់គ្នា។
ដោយប្រមែប្រមូលដបនៅតាមស្ថានីយរថភ្លើងក្នុងស្រុក លោកបានប្រាប់ AFP ថា៖ «ខ្ញុំបានសិក្សាពីអត្ដចរិតត្រីក្រឹមនីមួយៗ ហើយខ្ញុំដឹងថា ដបប្លាស្ទិកជាជម្រកដ៏ល្អសម្រាប់ចិញ្ចឹមពួកវា»។
បុរសវ័យ ៥៤ ឆ្នាំរូបនេះបាននិយាយថា៖ «ខ្ញុំកាត់កដប និងចោះរន្ធ ១ ដែលងាយស្រួលក្នុងការផ្លាស់ប្ដូរទឹក។ ត្រីទាំងនេះ ត្រូវបានផ្ដល់ចំណីរកបានពីស្រះជិតៗរៀងរាល់ថ្ងៃ។ ការថែទាំបែបនេះ វាងាយស្រួលជាង ហើយអាចបញ្ចៀសការជល់គ្នាថែមទៀត»។
ស្ថិតនៅកំពូលតារាងនៃពូជត្រី លោក ថាង បានចិញ្ចឹមត្រីប្រមាណពី ៣ ពាន់ ទៅ ៤ ពាន់ក្បាលក្នុង ១ ឆ្នាំ និងការលក់តម្លៃចន្លោះពី ៣០០ រៀល ទៅ ២ ម៉ឺនរៀលក្នុង ១ ក្បាល។
ម៉ូយប្រចាំម្នាក់ លោក ប៊ុយ ដួនធុង អាយុ ៣៥ ឆ្នាំ តែងតែនិយមទិញគ្រប់ប្រភេទត្រីក្រឹម ដូចជា ព្រះចន្ទ ៨ កើត ដាំបូ ឆើតឆាយ និងកូយ រយៈពេល ៤ ឆ្នាំចុងក្រោយនេះ។
លោកនិយាយថា៖ «ពេលនេះ ត្រីក្រឹមមិនសម្រាប់ជល់ទៀតទេ តែសម្រាប់តាំងលម្អ។ ប្រភេទត្រីនីមួយៗសុទ្ធតែស្រស់ស្អាតទៅតាមលក្ខណៈខុសៗគ្នា»៕ HR