
ត្រីក្រឹមជល់ ឬ Siamese fighting fish នៅប្រទេសថៃ។ រូបថត AFP
ក្រុងបាងកក: ទាំងព្រុយ កន្ទុយរំលេចពណ៌ស្រស់ឆើតឆាយគួរឲ្យទាក់ទាញ ត្រីក្រឹមសៀមកាលពីសប្ដាហ៍កន្លងទៅត្រូវបានដាក់ងារជាសត្វទឹកតំណាងជាតិប្រចាំប្រទេសថៃ។
ដោយស្គាល់ជាត្រីក្រឹមជលនៅភាគខាងលិចប្រទេស មច្ឆាលេងសម្រស់នេះទទួលបានប្រជាប្រិយភាពជាត្រីតាំងលម្អចំពោះរូបឆោម និងកន្ទុយវែងអន្លាយរបស់វា។
រដ្ឋាភិបាលថៃបានឲ្យដឹងក្នុងសេចក្ដីការណ៍មួយថា គណៈរដ្ឋមន្ដ្រីបានអនុម័តសំណើដាក់បញ្ចូលត្រីក្រឹមសៀមជាជលសត្វតំណាងជាតិ ដោយយោងតាមប្រវត្ដិ និងទំនាក់ទំនងប្រពៃណី។
ដំណឹងនេះបានធ្វើឲ្យកើតអារម្មណ៍នឹកអាឡោះអាល័យដល់មនុស្សជំនាន់មុនរស់នៅក្នុងប្រទេសថៃដែលបានប្ដូរឈ្មោះសៀមក្នុងឆ្នាំ ១៩៣៩។ ពួកគេបាននឹកឃើញដល់ពេលលក់ដូរត្រីក្រឹម និងចាំបញ្ជល់គ្នាកាលពីកុមារភាព។
លោក សក្កដា ស៊ីហាផាត់ អ្នកថែទាំនៅវិចិត្រសាលត្រីក្រឹមសៀមក្នុងខេត្ដសាមុត ប្រាកាន បានឲ្យដឹងថា៖ «ពលរដ្ឋថៃភាគច្រើនពេលក្មេងនៅតំបន់ជនបទនាំគ្នាចាប់ត្រីក្រឹមតាមបឹងត្រពាំង»។
វិចិត្រសាលនេះត្រូវធ្វើដំណើរប្រមាណ ១៥ នាទីពីក្រុងបាងកកតាមទូកដោយឆ្លងកាត់ទន្លេចៅប្រាយ៉ាត្រូវបានជឿថាជាជម្រកមច្ឆាលេងសម្រស់ទាំងនេះ។ ប៉ុន្ដែផ្លូវទឹកប្រទេសថៃបានផ្លាស់ប្ដូរទៅតាមកាលវេលាដោយមានការអភិវឌ្ឍផ្នែកកសិកម្ម និងពាណិជ្ជកម្មរំខានដល់ការបង្កកំណើតត្រី។
លោកបានបន្ដថា៖ «ឥឡូវទាល់តែទៅរកនៅតាមតំបន់ដីសើមពីបរមបុរាណទើបឃើញត្រីក្រឹម។ ពួកវាលែងសម្បូរដូចមុនហើយ»៕ HR