ភ្នំពេញ: ដោយស្គាល់ជា «អារ៉ូវ៉ាណា អាស៊ី» ត្រីនាគ ត្រូវបានចាត់ទុកជានិមិត្តរូបលាភសំណាង និងសេចក្ដីចម្រុងចម្រើនចំពោះពលរដ្ឋអាស៊ី ដោយសាររូបសម្បត្ដិដ៏ស្រស់ឆើតឆាយនៃស្រកាក្រាស់ធំៗ និងព្រុយចង្កាភ្លោះ ២ ស្រដៀងនឹងនាគរាជចិន។ លើសពីនេះជំនឿហុងស៊ុយ បានបង្កើនប្រជាប្រិយភាពត្រីជាប្រភេទសត្វចិញ្ចឹមប្រណីត។
លោក អ៊ៅ ណន ហៅគ្រូ ម៉ុង ដែលផ្ទះស្ថិតនៅទល់មុខចំខ្លោងទ្វារខាងកើតវត្តព្រះពុទ្ធឃោសាចារ្យ ហៅវត្តចិនដំដែកបានប្រាប់ពីជំនឿចិញ្ចឹមត្រីនាគថា៖ «ចិញ្ចឹមយ៉ាងម៉េច កុំឲ្យត្រីហ្នឹងងាប់។ បើវាងាប់ ប្រាកដជាដាក់ [រាសី] ខ្លាំងណាស់។ បើសិនជាត្រីងាប់ យើងមានបញ្ហាចំពោះសុខភាព រឿងរ៉ាវពីតូចទៅជាធំ។ បើរស់យើងសុខសប្បាយ រកស៊ីមានបាន អ្នកតូចអ្នកធំរាប់អាន»។
លោកអះអាងថា៖ «ត្រីនាគនេះគេគិតទៀតថា វាត្រូវនៅទិសណា។ សំខាន់ រៀបចំទុកដាក់យ៉ាងដូចម្ដេចឲ្យវាស្ថិតនៅខាងស្ដាំដៃ ពេលដើរចូលផ្ទះ។ ចំពោះអ្នកចង់ចិញ្ចឹមត្រីនៅខាងឆ្វេងដៃ វាមានរឿងរ៉ាវឥតឈប់ឈរ និងអាចធ្វើឲ្យត្រីងាប់ទៀត ធ្លាក់បុណ្យធ្លាក់ស័ក្ដិ»។
ដោយមិននឹកគិតដល់ហុង-ស៊ុយឬសិរីមង្គល តែជាចំណង់ចំណូលចិត្ដចិញ្ចឹមត្រីនាគដូចគ្នាពលរដ្ឋខ្មែរមួយក្រុមធំចងក្រងជាក្រុមស្រឡាញ់ត្រីនាគ ក្នុងបំណង ដើម្បីចែករំលែកចំណេះដឹងអំពីវិធីសាស្ត្រក្នុងការចិញ្ចឹម ថែទាំ និងផ្សារភ្ជាប់ទំនាក់ទំនងគ្នា។
ជាមួយសមាជិក ៤៤៦៨ នាក់ ដែលក្នុងនោះ មានអ្នកចិញ្ចឹមត្រីនាគពី ៣០០ ទៅ ៤០០ នាក់នោះ លោក ណា សុពេជ្រ ជាស្ថាបនិកម្នាក់នៃក្រុមអ្នកស្រឡាញ់ត្រីនាគ Cambodia Arowana Group បានបង្កើតឡើងក្នុងឆ្នាំ ២០០៨ បាននិយាយថា៖ «មូលហេតុយើងបង្កើតក្រុមនេះ ដោយសារយើងចង់ស្គាល់ និងចងក្រងមិត្ដភក្ដិដែលមានចំណូលចិត្ដស្រឡាញ់ត្រីនាគដូចគ្នា។ មួយទៀត យើងបានចែករំលែកគ្នាពីចំណេះដឹងរបស់សមាជិកម្នាក់ៗ ជាពិសេស ចែករំលែកនូវរូបភាពត្រីនាគសំណព្វចិត្ដរបស់ខ្លួនឲ្យសមាជិកបានឃើញ»។
ទោះបីជាការចិញ្ចឹមត្រីនាគ ចេញពីក្ដីស្រឡាញ់ និងដើម្បីលម្អយ៉ាងណាក៏ដោយ ក៏លោកសារភាពថា សមាជិកក្រុមខ្លះទៀតក៏បានលក់បន្ដដែរ ដោយសារតែចង់ផ្លាស់ប្ដូរ ពូជត្រីកាន់តែល្អជាងមុន។
ជាក់ស្ដែង លោកបានចិញ្ចឹមត្រីនាគចំនួន ២ ក្បាល ប្រវែងប្រមាណ ១,៥ តឹក ទិញតម្លៃ ១០ ដុល្លារ ក្នុងមួយក្បាល រហូតដល់ត្រីមានទម្ងន់ ២,៥ គីឡូក្រាម ប្រវែងជាង ៤ តឹក លើរយៈពេលជាង ២ ឆ្នាំ និងសម្រេចចិត្ដលក់ឲ្យមិត្ដភក្ដិក្នុងក្រុមដែលមានបំណងចង់ចិញ្ចឹមបន្ដក្នុងតម្លៃ ៨០០ ដុល្លារ។
លោក សុពេជ្រ ប្រាប់ថា៖ «ងាយស្រួលចិញ្ចឹមទេ ដោយវាទាមទារទឹកស្អាត ឬទឹកម៉ាស៊ីនបន្ថែមថ្នាំរក្សាគុណភាពទឹកបន្ដិច ឬឧស្សាហ៍ផ្លាស់ប្ដូរមួយសប្ដាហ៍ ២ ដង។ អុកស៊ីហ្ស៊ែន និងម៉ូទ័របូមផ្លាស់ប្ដូរទឹកត្រូវដំណើរការជាប់ ២៤ ម៉ោងពេញ។ ចំពោះចំណីភាគច្រើន ត្រីនាគស៊ីបង្គាស្រស់មួយថ្ងៃ ២ ទៅ ៣ ដង ដោយប្រើបង្គាពី ១ ទៅ ២ គ្រាប់»។
លោក ណា សុពេជ្រ បានបន្ថែមថា ដើម្បីរំលេចពណ៌ស្រស់ស្អាត វាកើតពីកត្ដាពូជត្រី និងការចិញ្ចឹមក្នុងបរិស្ថានជុំវិញ។ ចំពោះប្រភេទត្រីនាគកំពូលបំផុតគេហៅ Platinum ដែលមានរូបរាងពណ៌សទឹកកក ឬទឹកដោះគោទាំងអស់មានតម្លៃរាប់ម៉ឺនដុល្លារឯណោះ៕