ក្រុងបាងកក៖ រាប់តាំង​ពី​គ្រឿង​ទេស ចំណី​បំពង ប្រេង​ នំ​ខេក នំ​ម៉ាការ៉ូន បង្អែម​អាកោ ការ៉េម ភេសជ្ជៈ​កាហ្វេ និង​នំខារ៉ាមែល ទាំងអស់នេះ​គ្រាន់តែ​ជាផលិតផល​​ច្នៃពី​កញ្ឆា​ត្រួសៗ ដែល​ត្រូវបាន​ដាក់តាំងពិព័រណ៍ «កញ្ឆា និង​ឱសថត​បុរាណ​ថៃ» ​នៅទីក្រុង​បាងកក កាលពីថ្ងៃទី ១៨ ខែ​មីនា កន្លង​​ទៅនេះ។

ជាប្រទេស​ទីមួយ​នៅ​អាស៊ីអាគ្នេយ៍​ដែល​ដាក់​ឲ្យ​ការ​ប្រើប្រាស់​កញ្ឆា​ស្របច្បាប់​ក្នុង​ឆ្នាំ ២០១៨ ប្រទេស​ថៃ ​បាន​ត្រួសត្រាយ​ផ្លូវ​​ឈាន​មុខ​គេ​ក្នុង​​ការ​​ផលិត​កែ​ច្នៃ បន្សុទ្ធ និង​ធ្វើ​ទីផ្សារ​​​ប្រេង​កញ្ឆា ហើយ​រាជាណាចក្រ​នេះ​​ក៏​ស្ទុះស្ទា​នឹង​កើប​ប្រាក់​ពី​ឧស្សាហកម្ម​តម្លៃ​រាប់​សិប​លាន​ដុល្លារ​នេះ​ផង​ដែរ។

រុក្ខជាតិ​កញ្ឆា​នេះ​ផង​ដែរ ទីបំផុត​ក៏​ត្រូវ​បាន​ដក​ចេញ​ពី​បញ្ជី​សារធាតុ​ញៀន​ណាកូទិក​​នៅប្រទេស​ថៃ ​កាលពី​ខែ​មុន​ ដែល​នេះ​មាន​ន័យ​ថា តាម​មន្ទីរ​ពេទ្យ​មួយ​ចំនួន​​អាច​ប្រើប្រាស់​ស្លឹក ដើម និង​ឫស​របស់​វា​​ជា​អាហារ។

ការ​ប្រើប្រាស់​រុក្ខជាតិ​កញ្ឆា​ជា​គ្រឿង​ផ្សំ​ចម្អិន​អាហារ​ ហាក់​បីដូច​ជា​ការ​វិលត្រឡប់​ទៅ​អតីតកាល​របស់ថៃ។

នេះ​បើយោង​តាម​វេជ្ជបណ្ឌិត Pakakrong Kwankhao ដែល​ដឹកនាំ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​​ឱសថត​បុរាណ​ថៃ​​អាស្រ័យ​លើ​ភស្ដុតាង​បែប​វិទ្យាសាស្ត្រ នៅ​មន្ទីរពេទ្យ​ Chao Phya Abhaibhubejhr។

អ្នកស្រី​វេជ្ជបណ្ឌិត​បាន​លើកឡើង​ថា៖ «ការប្រើប្រាស់​ស្លឹក​កញ្ឆា​ក្នុងការ​ចម្អិន​​ម្ហូបអាហារ​ គឺ​ជា​វប្បធម៌​របស់​យើង​​ពី​ដើមស្រាប់​ទៅ​ហើយ»។

អ្នកស្រី​បាន​បន្ត​ទៀត​ថា៖ «កាលពី​អតីតកាល​មុន​ពេល​មាន​បម្រាម​ប្រើប្រាស់កញ្ឆា យើង​បាន​​ប្រើប្រាស់​វា​ក្នុង​បរិមាណ​តិច​តួច​សម្រាប់​​ផ្សំគ្រឿង​ម្ហូប ហើយ​យើង​ក៏​ធ្លាប់ប្រើប្រាស់​វា​ជា​ឱសថ​សម្រាល​ជំងឺ​តម្កាត់​នានា​ដែរ»។

យោង​តាមអ្នកជំនាញ ការប្រើប្រាស់កញ្ឆា​ទទួលទាន ត្រូវបានកំណត់ត្រឹម ៥​ស្លឹក​កញ្ឆា​ប៉ុណ្ណោះ ហើយ​ប្រសិន​បើ​នរណា​ខ្សោយ​​ ពួកគេ​អាច​ជ្រើសរើស​​ម្ហូប​ដែល​ផ្សំ​ពី​កញ្ឆា​​ត្រឹម​តែ​កន្លះ​ស្លឹក​បាន​ហើយ​។

ស្ត្រី​មាន​ផ្ទៃពោះ និង​អ្នក​មាន​បញ្ហា​សុខភាព​​មួយចំនួន​​គួរ​តែ​ចៀស​វាង​អាហារ​មាន​កញ្ឆា​ដាច់ខាត។

ស្របនឹង​ទំនោរប្រទេស​ជឿន​លឿន​ក្នុងពិភពលោក ដែល​អនុម័ត​ឲ្យ​មានការ​ប្រើប្រាស់​កញ្ឆា​ស្រប​ច្បាប់​ក្នុង​បរិមាណ​សមរម្យ ​អ្នកជំនាញថៃ​ក៏​បានអះអាង​ផង​ដែរថា ​ការប្រើប្រាស់ក្នុង​បរិមាណតិចតួច​​ក្រៅ​ពី​កាត់​បន្ថយការ​​ឈឺចាប់ ក៏​ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​ដល់​អ្នកទទួលទានផងដែរ៕ AFP