ក្រុងបាងកក៖ អាងទឹកឯកជន អាហារឆ្ងាញ់ និងការវាស់កម្ដៅ ២ ដង ក្នុង ១ ថ្ងៃ ទាំងនេះមាននៅកន្លែងចត្ដាឡីស័កកម្រិតផ្កាយ ៥ ក្នុងប្រទេសថៃ ដែលភ្ញៀវទេសចរអាចសម្រាកកាយបែបប្រណីតភាពស្របតាមវិធានការប្រឆាំងវីរុសកូរ៉ូណាដ៏តឹងរ៉ឹងបំផុត។
ក្រោយហាមប្រាមភ្ញៀវទេសចរចូលប្រទេសអស់រយៈពេល ៦ ខែ ប្រទេសថៃ ដែលពឹងអាស្រ័យសេដ្ឋកិច្ចចម្បងលើវិស័យទេសចរណ៍ ត្រៀមបើកទ្វារទទួលភ្ញៀវខ្លះៗ ដោយចាប់ផ្ដើមពីក្រុងភូកេត ដែនកោះទេសចរណ៍ពេញនិយមនៅប៉ុន្មានសប្ដាហ៍ខាងមុខ។
ប៉ុន្ដែមុនពេលរីករាយនឹងសម្ផស្សឆ្នេរទេសចរចិន និងស្កានឌីវ៉ានី ៣០០ នាក់ នឹងត្រូវធ្វើចត្ដាឡីស័កក្នុងរយៈពេល ១៤ ថ្ងៃ រួមទាំងការធ្វើតេស្ដរកវីរុសកូរ៉ូណាចំនួន ២ លើកទៀត ដោយមានការឃ្លាំមើលពីសំណាក់ក្រុមវេជ្ជបណ្ឌិត និងសន្ដិសុខ។
លោក Jean-Francois ជានិវត្ដជនមកពីបារាំង រស់នៅប្រទេសស៊ុយអែត ដែលរំពឹងបានគេចពីរដូវរងានៅរាជាណាចក្រនោះ បាននិយាយថា៖ «វាច្បាស់ជាងាយស្រួលហើយ តែខ្ញុំបារម្ភថា ខ្ញុំប្រហែលជាអន្ទះសាហើយមើលទៅដោយសារតែអត់មានសេរីភាព»។
នៅរីសត The Senses Resort នៃឆក Patong Bay នៃដែនកោះភូកេត វីឡា ១៦ ខ្នង ត្រូវបានរៀបចំជាពិសេសសម្រាប់ភ្ញៀវធ្វើចត្តាឡីស័ក។
វីឡាដែលមានទំហំ ២២០ ម៉ែត្រការ៉េ ត្រូវបានឌីហ្សាញឡើងវិញ ដើម្បីងាយស្រួលដល់ការបាញ់ថ្នាំសម្លាប់មេរោគ ខណៈកាមេរ៉ាសុវត្ថិភាពត្រូវបានដំឡើងនៅមាត់ច្រក។
បុគ្គលិកក៏ទទួលវគ្គបណ្ដុះបណ្ដាលនៅមន្ទីរពេទ្យអំពីរបៀបត្រួតពិនិត្យបង្ការការឆ្លង និងផ្ដល់សម្ភារការពារ ដើម្បីផ្ដល់អាហារតាមបន្ទប់ផងដែរ។
ម្ចាស់សណ្ឋាគារ ស៊ូផាឆូក ឡាអុងផេត បាននិយាយថា៖ «យើងត្រូវស្វែងរកប្រភពចំណូលផ្សេងៗ ដើម្បីឧបត្ថម្ភបុគ្គលិក និងសេដ្ឋកិច្ចក្នុងស្រុក»។
រីសតរបស់លោកជាអចលនទ្រព្យប្រណីត ១ ក្នុងចំណោម ៩ នៅភូកេតដោយរដ្ឋាភិបាលបានអនុម័តឲ្យប្រើជាកន្លែងចត្ដាឡីស័កបែបប្រណីត។
ការស្នាក់អាស្រ័យនៅរីសត The Senses ត្រូវចាយអស់ ៥ ៣០០ ដុល្លារ ឬ ១៨ ៧០០ ដុល្លារ សម្រាប់ ១ គ្រួសារ។ បើគំរូចត្តាឡីស័កនៅកោះ ភូកេតទទួលជោគជ័យរដ្ឋាភិបាលនឹងបន្ដឲ្យសណ្ឋាគារដទៃទៀតអនុវត្ដបែបនេះ។
ភ្ញៀវដាណឺម៉ាក អាយុ ៥០ ឆ្នាំ ដែលគ្រោងមកស្នាក់នៅ The Senses បាននិយាយដោយសុំមិនបញ្ចេញឈ្មោះថា៖ «វាជាទ្រុងស្រោបមាសដ៏មានប្រសិទ្ធភាព»៕ AFP/HR