ក្រុងបាងកក: មន្ដ្រីម្នាក់បាននិយាយពីសប្ដាហ៍មុនថា ឆកតូចក្នុងប្រទេសថៃ ដែលបានក្លាយជាគោលដៅទេសចរណ៍មិនគួររំលង ក្រោយពីភាពយន្ដ «The Beach» ឆ្នាំ ២០០០ នឹងត្រូវបិទទ្វារលែងជួបភ្ញៀវរយៈពេល ៤ ខែខណៈថៃទប់ទល់នឹងផលប៉ះពាល់ពីចំនួនភ្ញៀវទេសចរដ៏ច្រើន។
សេចក្ដីប្រកាសបានបន្ថែមលើបម្រាមហាមទូកចូលចតលើឆកម៉ាយ៉ា កាលពីខែមុន ដើម្បីការពារពីផលប៉ះពាល់ដល់ផ្កាថ្ម។ ភ្ញៀវរហូតដល់ ៤០០០ នាក់ និងទូករាប់រយគ្រឿងបានសម្រុកមកកម្សាន្ដលើឆ្នេរកោះ ភីភី អមដោយភ្នំថ្មច្រូងច្រាង និងផ្ទៃទឹកថ្លា រៀងរាល់ថ្ងៃ ជាពិសេស វាមាននៅក្នុងឈុតឆាកភាពយន្ដរបស់តារាហូលីវូដលោក ឡេអូណាដូ ឌីកាព្រីយ៉ូ។
ប៉ុន្ដែឆកតូចនេះនឹងលែងទទួលភ្ញៀវរយៈពេល ៤ ខែចាប់ពីខែមិថុនាដល់ខែកញ្ញា អំឡុងរដូវមូសុង។ នេះបើយោងតាមនាយកការិយាល័យឧទ្យានជាតិ សុងថាម ស៊ុក សាវ៉ាង។
លោកបានថ្លែងថា៖ «យើងបានសម្រេចឈានដល់ការបិទឆ្នេរម៉ាយ៉ា ៤ ខែនេះគឺដើម្បីស្ដារប្រព័ន្ធអេកូឡូស៊ី»។
ផ្លូវចូលទៅកាន់ឆ្នេរកម្សាន្តនោះនឹងបិទ ខណៈទូកទេសចរណ៍នឹងត្រូវហាមឃាត់ពីការដាក់ភ្ញៀវផងដែរ។
លោកនិយាយថា អំឡុងពេលបិទ ៤ ខែនេះ សាកលវិទ្យាល័យនានានឹងធ្វើការសិក្សាពីវិធីអភិវឌ្ឍវិស័យទេសចរណ៍ចីរភាព។ ការបិទឆ្នេរនេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយ ដើម្បីស្រោចស្រង់បរិស្ថានដែលបង្កឡើងដោយឧស្សាហកម្មទេសចរណ៍ដ៏ធំសម្បើមរបស់ថៃ ជាសសរស្ដម្ភសេដ្ឋកិច្ចដ៏សំខាន់ ដែលបាននាំយកភ្ញៀវ ៣៥ លាននាក់មកលេងរាជាណាចក្រមួយនេះកាលពីឆ្នាំមុន។
ក្រុមអ្នកជំនាញ និងមន្ដ្រីបរិស្ថាន បានព្រមានថា ភ្ញៀវទេសចរច្រើនពេកបង្កផលប៉ះពាល់ដល់សម្រស់ឆ្នេរទាំងបញ្ហាសំរាម និងប្រព័ន្ធអេកូឡូស៊ីផងដែរ។
ការជក់បារីត្រូវបានហាមនៅលើគោលដៅទេសចរណ៍ឆ្នេរល្បីៗចំនួន ២០ របស់ប្រទេស ក្នុងរដូវសម្បូរភ្ញៀវ រួចហើយ ដោយអាជ្ញាធរត្រូវផាកពិន័យ ឬដាក់ទោសទណ្ឌដល់អ្នកល្មើសច្បាប់ថ្មីនេះថែមទៀត។
លោក ឡេអូណាដូ ឌីកាព្រីយ៉ូ បានដើរតួសម្ដែងក្នុងភាពយន្ដ «The Beach»ក្រោមការដឹកនាំរបស់ផលិតករ ដាននី ប៊យ ដោយដកស្រង់ចេញពីរឿងប្រលោមលោកទេសចរណ៍សម្ពាយរបស់លោក Alex Garland ដោយប្រើចំណងជើងដូចគ្នា៕
