The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទណ្ឌិត​ចុងភៅ​ក្លាយជា​តារា​អ៊ីនស្ដាក្រាម​ល្បី ដោយសារ​ស្នាដៃ​ចម្អិនម្ហូប​ពី​បន្ទប់​ពន្ធនាគារ




ទណ្ឌិត​ចុងភៅ​ក្លាយជា​តារា​អ៊ីនស្ដាក្រាម​ល្បី ដោយសារ​ស្នាដៃ​ចម្អិនម្ហូប​ពី​បន្ទប់​ពន្ធនាគារ

Content image - Phnom Penh Post
ទណ្ឌិត​ដែល​ក្លាយ​ជា​តារា​ចុងភៅ​អ៊ីនស្តាក្រាម​ខំប្រឹង​ចម្អិនម្ហូប​ទាំង​ខ្សត់​គ្រឿងផ្សំ។ AFP

ទណ្ឌិត​ចុងភៅ​ក្លាយជា​តារា​អ៊ីនស្ដាក្រាម​ល្បី ដោយសារ​ស្នាដៃ​ចម្អិនម្ហូប​ពី​បន្ទប់​ពន្ធនាគារ

ក្រុងប៉ារីស៖ ទឹក​សូកូឡា​ខាប់ៗ​នៅក្នុង​ឆ្នាំង​ដែក​រមែង​ប្រទះ​ឃើញ​ជា​រឿយៗ​នៅក្នុង​កម្មវិធី​ដុតនំ តែ​នេះ​ជា​កម្មវិធី​ម្ហូប​ដ៏គួរ​ឱ្យ​ទាក់ទាញ និង​ប្លែក ខណៈ​មេចុងភៅ​បារាំង​ថ្មី​កំពុងតែ​ល្បី​ជាមួយ​នឹង​ការចម្អិនម្ហូប​ពី​ក្នុង​ពន្ធនាគារ។

ស្វាគមន៍​មកកាន់ DanyHellz Kitchen គណនី​អ៊ីនស្ដាក្រាម​អ្នកទោស​បារាំង​ម្នាក់​ដ៏មាន​ប្រជាប្រិយ ដែល​បាន​បង្កើត​មុខម្ហូប tagines បង្អែម tiramisus និង​ភីហ្សា ជាមួយ​សម្ភារ​ផ្ទះបាយ​តិចតួច ដែល​លោក​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​នៅក្នុង​គុក។
«យើង​អាច​ធ្វើអ្វីៗ​បាន​គ្រប់យ៉ាង​ពី​បាត​ដៃទទេ» គឺជា​ពាក្យស្លោក​របស់​ចុងភៅ ដែល​បាន​ថត​វីដេអូ​ខ្លួនឯង​តាមរយៈ​ទូរស័ព្ទដៃ​ផ្ទាល់ខ្លួន តែ​មិនបាន​បង្ហាញមុខ​លើ​កាមេរ៉ា ដើម្បី​រក្សា​ភាពអនាមិក ដែល​ការប្រើប្រាស់​ទូរស័ព្ទ​ក្នុង​គុក​ក៏​ត្រូវបាន​ហាមឃាត់​ផងដែរ។

Dany (មិនមែន​ជា​ឈ្មោះ​ពិត) បាននិង​កំពុង​ជាប់​ពន្ធនាគារ ៧ ឆ្នាំ​ពី​បទ​ជួញដូរ​សារធាតុ​ខុសច្បាប់។

លោក​បាន​ប្រាប់ AFP ក្នុង​បទសម្ភាស​តាម​ទូរស័ព្ទ​ថា៖ «ក្រោយពី​រយៈពេល ២ ទៅ ៣ ឆ្នាំ​មក អាហារ​ក្នុង​គុក​ពិតជា​រងាន់​ណាស់ ហើយ​វា​មាន​រសជាតិ​ដដែល។ ដូច្នេះ ខ្ញុំ​ក៏​ព្យាយាម​ធ្វើ​ម្ហូបប្លែក»។

វីដេអូ​របស់លោក​ផ្ដល់នូវ​ពន្លឺ​ស្រស់បំព្រង​ក្នុង​ទិដ្ឋភាព​នៃ​ជីវិត​អ្នកទោស​ជាមួយ​ការប្រើ​ពន្លឺភ្លើង​ចាំង​ចូល​តាម​បង្អួច​គុក និង​មាន​ទូរទស្សន៍​តូច ១ នៅលើ​ជញ្ជាំង។

Content image - Phnom Penh Post
លោក​ Dany (ឈ្មោះ​ប្រឌិត) រស់នៅក្នុង​ពន្ធនាគារ​ជាង ៧ ឆ្នាំ​ព្រោះ​បទល្មើស​រត់ពន្ធ​សារធាតុ​ខុសច្បាប់។ Instagram@danyhellzkitchen

សម្រាប់ Dany ជា​អ្នក​បញ្ចប់​ការសិក្សា​មកពី​តំបន់​អាហ្វ្រិក​ខាងជើង ការចម្អិនម្ហូប​គឺជា​ទម្រង់​នៃ​ការព្យាបាល​ផ្លូវចិត្ដ​ម្យ៉ាង។

លោក​ត្រូវ​ជ្រើសរើស​ថា តើ​លោក​ត្រូវ​កាន់​ថាស​បាយ​ទៅ​ដួស​ត្រី​ចំហុយ ឬ​បន្លែ​ជាមួយ​ប្រេងអូលីវ និង​ខ្ទឹមស ឬ​ក៏​លោក​បង្កើត​មុខម្ហូប​ខ្លួនឯង ដោយ​ប្រើ​វត្ថុធាតុដើម​ផ្ទះបាយ​ក្នុង​គុក។

លោក​ក៏បាន​ទទួល​កញ្ចប់​ម្ហូប​ពី​មិត្ដភក្ដិ និង​ក្រុមគ្រួសារ​ផងដែរ។

ដោយ​មិនអាច​ប្រើ​សម្ភារ​មុខស្រួច លោក​បាន​ហាន់ និង​ចិត​សម្បក​ដោយ​ប្រើ​កាំបិត​មុខ​ទាល។

អ្នកទោស​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យប្រើ​ដំបែ ដែល​អាច​ច្នៃ​ផលិត​ជា​អាល់កុល ជាហេតុ​ដែល​បង្ក​ការលំបាក​ក្នុង​ការចម្អិន​ម្ហូប​របស់​លោក Dany តែ​គ្មានអ្វី​អាច​រាំរាំង​លោក​ឡើយ។

វីដេអូឃ្លីប ១ លើ​បណ្ដាញ​សង្គម​អ៊ីនស្ដាក្រាម ដែល​លោក​មាន​អ្នកគាំទ្រ​ជិត ៣ ម៉ឺន​នាក់​បាន​បង្ហាញថា លោក​ផលិត​នំ​ខួបកំណើត​ថែម​ទៀត៕ HR

Content image - Phnom Penh Post
ទិដ្ឋភាព​ក្នុង​របង​គុក​នៅ​បារាំង​ជា​ទី​ដែល​លោក Dany ចម្អិនម្ហូប។ AFP

Content image - Phnom Penh Post
អាហារ​ដំបូង​ដែល​លោក​ប៉ុនប៉ង​ទទួលទាន​ក្រោយ​ចេញពី​គុក​គឺ​ភីហ្សា។ AFP

អត្ថបទគួរចាប់អារម្មណ៍