ភ្នំពេញ៖ ​ក្រោយ​ពី​​ចាប៉ី​ដង​វែង​ខ្មែរ ​ត្រូវ​បាន​​ចុះ​បញ្ជី​​ជា​សម្បត្តិ​បេតិកភណ្ឌ​អរូបី​នៃ​មនុស្ស​ជាតិ​របស់​អង្គការ​​យូណេស្កូ​ កាល​ពី​ថ្ងៃ​​ទី ​៣០ ខែ ​​វិច្ឆិកា ឆ្នាំ ​២០១៦​ មក​នោះ​សហគមន៍​ចាប៉ី​​​អមតៈ​ កំពុង​​​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​​​​ការ​ផ្សព្វផ្សាយ​បន្ត​ដល់​​មហាជន​​​ ​​ហើយ​នា​​ពេល​បច្ចុប្បន្ន​នេះ​ ​​ទម្រង់​​​សម្តែង​ចាប៉ី​ដង​វែង​ហាក់​​​​​ទទួល​ចំណាប់​អារម្មណ៍​​​ពី​មជ្ឈដ្ឋាន​​ក្រៅ​គួរ​ឲ្យ​កត់​សម្គាល់​ផង​ដែរ​។ ​

តាម​ធម្មតា​ទម្រង់​​​​សិល្បៈ​ចាប៉ី​​ដង​​វែង នៅ​​សម័យ​កាល​ទំនើប​នេះ រមែង​ឃើញ​សម្តែង​នៅ​ក្នុង​កម្មវិធី​ធំៗ​ ឬ​កម្មវិធី​មហោស្រព​ផ្សេងៗ​ កម្រ​មាន​វត្តមាន​ការ​សម្តែង​នៅ​ក្នុង​កម្មវិធី​បុណ្យ​តូច​តាច​​នៅ​​​​​ជនបទ​ ឬ​​​​ភូមិ​​​​ណាស់​។ តែ​​​​រយៈពេល​ ២-៣ ​ឆ្នាំ​ចុង​ក្រោយ​​នេះ គេ​​​សង្កេត​​​ឃើញ​​​ថា​ ទម្រង់​​​​សិល្បៈ​​ចាប៉ី​ដង​​​​វែង​ ហាក់​​​មាន​ភាព​បត់បែន​ទៅ​​តាម​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​​និយម​​​ចូលចិត្ត​ជា​បណ្តើរ​ពី​មជ្ឈដ្ឋាន​​​ខាង​ក្រៅ​ ដោយ​​មាន​ការ​យក​​​ទៅ​សម្តែង​​នៅ​ក្នុង​ពិធី​ជ័យ​មង្គល​កូន​កំលោះ​កូន​ក្រមុំ ​(មង្គលការ) និង​​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ជា​ដើម​។

យ៉ាង​​ណាមិញ​នៅ​ចុង​សប្តាហ៍​នេះ គឺ​ថ្ងៃទី ​៧ ខែ មីនា ឆ្នាំ ​២០២០ ក៏​មាន​​បងប្អូន​ខ្មែរ​រស់នៅ​​​ក្នុង​ភូមិ​ និង​ឃុំ​ព្រែក​ក្រឹស ស្រុក​​កំពង់​ត្រាច ខេត្ត​កំពត បាន​​​​​ជួល​ក្រុម​សិល្បៈ​ចាប៉ី​ដង​​វែង​​របស់​ក្រុម​សហគមន៍​ចាប៉ី​អតមៈ ទៅ​សម្តែង​​ក្នុង​ឱកាស​បុណ្យ​​​ចម្រើន​ព្រះជន្ម​ផង​ដែរ​។

លោក ពេជ្រ សារ៉ាត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ បាន​ឲ្យ​ដឹង​​​ថា៖ «​កម្មវិធី​បុណ​ចម្រើន​ព្រះជន្ម នៅ​ខេត្ត​​​កំពត ដើម្បី​​​បង្ហាញ​ និង​សម្តែង​សិល្បៈ​បុរាណ​​ ​៣ ​ទម្រង់។​ ចម្រៀង​​​​​​ចាប៉ី​ដង​វែង ជា​ក្រុម​​ច្រៀង​​​ឆ្លង​ឆ្លើយ​​​​ទម្រង់​​របាំ ចម្រៀង​មហោរី និង​ប្រជាប្រិយ។ សូម​ពុក​ម៉ែ​ បង​ប្អូន ចូលរួម​គាំទ្រ​ ​យុវជន​ជំនាន់​ក្រោយ​ ដើម្បី​រួម​គ្នា​ធានា​និរន្តរភាព​សិល្បៈ​បុរាណ​ខ្មែរ​យើង ខណៈ​ក្រុម​សិល្បករ-សិល្បការិនី​សរុប​មាន​​​ចំនួន​ប្រមាណ​​ជិត ​២០​ នាក់ ​​​មាន​នារី ៧ ​​នាក់»។ ​

លោក ពេជ សារ៉ាត ប្រធាន​សហគមន៍​ចាប៉ី​អមតៈ និង​ដៃ​គូ​ចម្រៀង​ចាប៉ី​ឆ្លើយឆ្លង។ រូបថត សហ​ការី

ប្រធាន​​សហគមន៍​ចាប៉ី​អមតៈ​រូប​នេះ​​បន្ត​ថា៖ «​ដោយសារ​ជិត​ដល់​ទិវា​សិទ្ធិ​នារី​​ផង​នោះ យើង​មាន​​គម្រោង​ជ្រើស​រើស​យក​ប្រធានបទ​សំខាន់ៗ​ទៅ​​​​សម្តែង​ចាប៉ី​ដង​វែង​នេះ​ផង​ដែរ​ ខណៈ​យើង​​នឹង​លើក​យក​ប្រធានបទ​សំខាន់​មក​សម្តែង និង​ច្រៀង​រៀប​រាប់​ពី​រឿងរ៉ាវ​របស់​ស្រ្តី​។ ជាមួយ​​​គ្នា​នេះ យើង​នឹង​បក​ស្រាយ​​​ពី​ប្រធាន ​«ស្រ្តី​ជា​មាតា​ពិភព​​​លោក និង​តំណាល​ពី​​គុណ​មាតា​» ផង​ដែរ ​នា​ឱកាស​សម្តែង​​​ក្នុង​ពិធី​បុណ្យ​នេះ​»។​​

គួរ​រំឭក​ដែរ​ថា នៅ​ក្នុង​ពិធី​មង្គលការ​លោក ពេជ សារ៉ាត និង​ភរិយា ជា​​គ្រូ​បង្រៀន​​នៅ​ឯ​វិទ្យាល័យ​សុខអាន​ដូង​ខ្ពស់ កាល​​ពី​ថ្ងៃទី ២៤ ខែ​ កុម្ភៈ ឆ្នាំ​ ២០១៩ កន្លង​​មក​ នៅ​ភូមិ និង​ឃុំ​​ដូង​ខ្ពស់ ស្រុក​បុរី​ជលសា​ខេត្ត​​តាកែវ លោក ពេជ ​សារ៉ាត ប្រាប់​ថា​៖ «​ដោយសារ​តែ​​​ចាប៉ី​ដង​វែង​ខ្មែរ យើង​ជា​សម្បត្តិ​វប្បធម៌​នៃ​មនុស្សជាតិ​របស់​​​អង្គការ​យូណេស្កូ ​ដែល​បាន​​​​ចុះ​បញ្ជី​កាល​ឆ្នាំ​ ២០១៦ នោះ​​ហើយ​ខ្ញុំ​ចង់​ឲ្យ​កេរ្តិ៍ឈ្មោះ​ឧបករណ៍​ភ្លេង​បុរាណ​ខ្មែរ​មួយ​នេះ កាន់​តែ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ស្វែងយល់ និង​ស្គាល់​​​​បាន​ច្រើន​ពី​សំណាក់​បងប្អូន​​ខ្មែរ​គ្រប់​វ័យ ជា​ពិសេស​កុមារ​តូចៗ​តែ​ម្តង ហើយ​ក៏​​ចូលរួម​ជួយ​​អភិរក្ស​ថែរក្សា​នូវ​​មរតក​ដូនតា​យើង​។ ដូច្នេះ​នៅ​​ក្នុង​ពិធី​មង្គលការ​​ខ្ញុំ ​ក៏​សម្រេច​​ចិត្ត​​យក​ចាប៉ី​ដង​វែង​​​ដាក់​តាំង​​បង្ហាញ​​ថ្ងៃ​​សិរីសួស្តី​នោះ ​ដោយ​យល់​ស្រប​​ពី​ភរិយា និង​ចាស់ទុំ​ទាំង​សង​ខាង​ផង​ដែរ​»​៕