ក្រុងហូជីមិញ៖ សិល្បៈខ្មែរនៅតំបន់ភាគខាងត្បូងវៀតណាម បានឆ្លងកាត់ដំណាក់កាលជាច្រើន ទោះជាអត្តសញ្ញាណវប្បធម៌នេះនៅរក្សាបាននៅឡើយ។ តែជាមួយលំហូរតន្ត្រីសម័យ និងវប្បធម៌ទំនើប ទម្រង់សិល្បៈតន្ត្រីជនជាតិដើមខ្មែរ នៅភាគខាងត្បូងវៀតណាម កំពុងប្រឈមនឹងបញ្ហាបាត់បង់ប្រជាប្រិយភាព។
តន្ត្រីប្រជាប្រិយខ្មែរតែងតែត្រូវបាន គាំទ្រដោយពលរដ្ឋក្នុងស្រុក ដោយសារអត្ថន័យបង្កប់ក្នុងទម្រង់សិល្បៈនេះទាក់ទិននឹងជីវិតប្រចាំថ្ងៃ សកម្មភាពសហគមន៍ និងតម្រូវតាមឱកាសបុណ្យទាននានា។
ទម្រង់សិល្បៈដ៏សម្បូរបែបរួមមាន ភ្លេងមហោរី ភ្លេងការ ស្គរឆៃយ៉ាំ ចម្រៀងអាយ៉ៃ និងបទបំពេកូនជាដើម។ អ្នកនិពន្ធ ថាច់ មុនី មកពីខេត្តត្រាវិញ បានឲ្យដឹងថា ទម្រង់សិល្បៈចម្រៀងចាប៉ី ផ្ដល់ទាំងការកម្សាន្ត សំណើច និងសាររៀបរាប់សាច់រឿងយ៉ាងជក់ចិត្តជូនទស្សនិកជន។
យោងតាមអ្នកនិពន្ធរូបនេះ ការសម្ដែងចម្រៀងចាប៉ី ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី ដោយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម។
លោកក៏បានសង្កត់ពីសារៈសំខាន់នៃការអភិរក្សទម្រង់សិល្បៈអាយ៉ៃឆ្លើយឆ្លង ដែលតែងតែត្រូវបានលើកយកមកសម្ដែងនៅសហគមន៍ខ្មែរក្នុងរដូវកាលបុណ្យចូលឆ្នាំវៀតណាម។
លោក សុន ង៉ូកហ័ង នាយករងនៃសាលាវប្បធម៌ និងសិល្បៈខេត្តសុខត្រាង បានឲ្យដឹងថា៖ «សហគមន៍ដើមកំណើតខ្មែរនៅភាគខាងត្បូងវៀតណាម បានទទួលកេរដំណែលវប្បធម៌ដ៏មិនអាចកាត់ថ្លៃបានពីបុព្វបុរសរបស់ពួកគេ»។
លោកលើកឡើងទៀតថា៖ «ក្នុងប្រវត្តិសាស្ត្រកន្លងមក ឧបករណ៍តន្ត្រីខ្មែរបាននាំសារវិជ្ជមាន និងអត្ថន័យដ៏ជ្រាលជ្រៅឆ្លុះបញ្ចាំងជីវភាពប្រចាំថ្ងៃរបស់សហគមន៍ដើមកំណើតខ្មែរ ដែលធ្វើឲ្យវិស័យតន្ត្រីចម្រុះវប្បធម៌នៅវៀតណាមកាន់តែសម្បូរបែប»។
ទន្ទឹមនឹងនោះ សិល្បករ ថាច់ ម៉ូលី មកពីមហោស្រព Cao Van Lau បានសម្ដែងការគិតគូរថា ទម្រង់ សិល្បៈប្រជាប្រិយខ្មែរដ៏សំខាន់នៅភាគខាងត្បូង ពិតជាត្រូវការគោលនយោបាយថ្មីក្នុងការអភិរក្ស។
លោកបារម្ភពីចំនួនធ្លាក់ចុះពីមួយឆ្នាំទៅមួយឆ្នាំនៃអ្នកចេះទម្រង់សិល្បៈទាំងនេះ ខណៈក្មេងជំនាន់ក្រោយក៏ពុំសូវចាប់អារម្មណ៍នឹងរៀនទម្រង់សិល្បៈខ្មែរពីបុរាណ។
លោក ប៊ុយ កុងបា នៃនាយកដ្ឋានវប្បធម៌ និងព័ត៌មានខេត្តកៀនយ៉ាង បាននិយាយថា លោកជួបប្រទះបញ្ហាដោយសារថវិកាមានកំណត់ កង្វះសកម្មភាពសហការពីសិល្បករ និងបញ្ហាឧបករណ៍តន្ត្រីមិនគ្រប់គ្រាន់។
បណ្ដាវត្តអារាមខ្មែរ ក្នុងខេត្តកៀនយ៉ា នៅតែប្រឈមបញ្ហាកង្វះឧបករណ៍តន្ត្រី។ ទន្ទឹមនឹងនោះវិទ្យាស្ថានបណ្ដុះបណ្ដាលជំនាញសិល្បៈនេះក៏មិនសូវផុសផុល។
លោក ផាម ធីតូធី មកពីសាកលវិទ្យាល័យត្រាវិញ ដែលជាវិទ្យាស្ថានមានបង្រៀនឧបករណ៍តន្ត្រីខ្មែរ បានឲ្យដឹងថា នៅចន្លោះឆ្នាំ ២០១២ និង ២០១៩ សាលាទទួលបានសិស្សតែ ២៩ នាក់ប៉ុណ្ណោះ៕ VNS