ភ្នំពេញៈ នៅក្នុងពេលអន្តរកាល ដែលកំពុងតែមានវិបត្តិកូវីដ ១៩ នេះ ក្រៅពីកម្មវិធីក្លិបភាពយន្ត និងភាពយន្តរៀងរាល់ថ្ងៃសៅរ៍ នោះ មជ្ឈមណ្ឌលបុប្ជាណា ក៏បានរៀបចំនូវការបញ្ចាំងភាពយន្តកម្ពុជា និងបរទេស ដែលទាក់ទងនឹងព្រឹត្តិការណ៍ពិសេសៗដូចជា ដំណើរទស្សនកិច្ចរបស់សមិទ្ធករភាពយន្តមកពីបរទេស ឬរដូវកាលនៃមហោស្រពនានា។
សម្រាប់ល្ងាចថ្ងៃសុក្រទី ១៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ ក៏មានការចាក់បញ្ចាំងភាពយន្តតាមអនឡាញ ដែលអមដោយសំណួរចម្លើយ ឬកិច្ចពិភាក្សា ដើម្បីឲ្យទស្សនិកជនអាចចែករំលែកមតិយោបល់របស់ពួកគេ ក៏ដូចជាការយល់ឃើញបន្ថែមលើខ្សែភាពយន្តកំពូលទាំង ៥ (Top5) នៃមហោស្រពភាពយន្តខ្នាតខ្លីចតុមុខឆ្នាំ ២០១៩ ឡើងវិញ ក្រោយពីទស្សនារួច ជាពិសេសសម្រាប់ដែលពុំទាន់បានទស្សនាភាពយន្តកំពូលទាំង ៥ នោះ។
លោកអ្នកអាចទស្សនាការបញ្ចាំងតាមអនឡាញ ពិសេសអំពីភាពយន្តកំពូលទាំង ៥ និងជួបសមិទ្ធករភាពយន្តផងដែរក្នុងកិច្ចពិភាក្សា Online នឹងចាប់ផ្ដើម ក្រោយពីបញ្ចាំងភាពយន្តទាំងនោះចប់ហើយ។
តាមសេចក្តីជូនដំណឹងពីគេហទំព័របុប្ផាណា និងក្រុមភាពយន្តឈូករ័ត្ន ដែលសហការគ្នាបង្ហើបថា៖ «ទស្សនិកជន អាចរីករាយសួរសំណួរ ទៅកាន់សមិទ្ធករ ភាពយន្តរបស់យើងបាននាអំឡុងកិច្ចពិភាក្សា ដែលផ្សាយផ្ទាល់នៅលើទំព័រ Facebook របស់មជ្ឈមណ្ឌលបុប្ផាណានៅថ្ងៃសុក្រ ទី ១៥ ខែ ឧសភា ឆ្នាំ ២០២០ នេះ ចាប់ពីម៉ោង ៥ ល្ងាចទៅ។
ចំពោះភាពយន្តខ្នាតខ្លីកំពូលទាំង ៥ (Top5) ដែលជាប់ជម្រើសក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តខ្នាតខ្លីចតុមុខឆ្នាំ ២០១៩ នោះមានដូចជារឿង «អ្នកលាបថ្នាំ» ដឹកនាំដោយលោក ស៊ិន ចន្ថា រឿង «ផ្ទះបាយ» ដឹកនាំដោយលោក ឯក សាម៉ឺឌី រឿង «ខ្សែទ្រ» ដឹកនាំដោយលោក វង្ស បញ្ញាវ័ន្ត រឿង «ព្រោះបងស្រឡាញ់អូនជាង» ដឹកនាំដោយកញ្ញា ចាន់ ស៊ីណេត និងរឿង «របាំ» ដឹកនាំដោយលោក សេង ធី។
មហោស្រពភាពយន្តខ្នាតខ្លីចតុមុខបានបោះជំហានទៅមុខប្រកបដោយក្តីសង្ឃឹម និងមោទនភាពជាក់ស្តែងនៅក្នុងឆ្នាំ ២០១៩ មានស្នាដៃភាពយន្តដែលត្រូវដាក់បញ្ចាំងចំនួន ៥៣ ស្នាដៃ ដោយក្នុងនោះមាន ១២ ស្នាដៃ ជាភាពយន្តរបស់យុវផលិតករវ័យក្មេងកម្ពុជាយើង។
នេះគឺជាជោគជ័យថ្មីមួយទៀតសម្រាប់មហោស្រពភាពយន្តខ្នាតខ្លីចតុមុខ ដែលមានផលិតករភាពយន្តជាជនបរទេសជាច្រើន ក៏បានចាប់អារម្មណ៍ និងបានបញ្ជូនស្នាដៃភាពយន្តរបស់ពួកគេ ដាក់ចូលរួមនៅក្នុងមហោស្រពនេះ ហើយការចូលរួម គឺជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់យុវផលិតករភាពយន្តកម្ពុជា ដើម្បីសិក្សារៀនសូត្រពីគំរូល្អៗក្នុងការអភិវឌ្ឍស្នាដៃភាពយន្តរបស់ខ្លួនផងដែរ ទៅថ្ងៃអនាគត។
សម្រាប់មហោស្រពភាពយន្ដខ្លីចតុមុខ គឺជាកម្មវិធីមួយបានរៀបចំឡើង សម្រាប់ក្រុមយុវជន និងយុវនារីខ្មែរ ដែលមានក្តីស្រឡាញ់លើវិស័យភាពយន្ដ និងអាចមានឱកាសបញ្ចេញស្នាដៃ និងទទួលដឹងពីព័ត៌មានឲ្យកាន់តែច្រើន ហើយជាស្ពានតភ្ជាប់យុវជននារីខ្មែរ ឲ្យឈានទៅស្វែងយល់អំពីវិស័យភាពយន្ដខ្មែរ ដែលមានគោលបំណងពង្រឹង និងពង្រីកវិស័យភាពយន្តនេះ ឲ្យកាន់តែរីកចម្រើននាថ្ងៃអនាគត៕