ភ្នំពេញ : មីសាច់គោ​ឡានចូវ ចម្លាក់​ឃ្លោក ប្រាសាទ​ខ្សាច់ ទេសភាព​តំបន់​ខ្ពង់រាប ចំណុចប្រសព្វ​រវាង​ទន្លេ​យ៉ាងសេ និង​អាង​ទន្លេលឿង ក៏ដូចជា គំនូរ​បុរាណ​ថាំង ខា សុទ្ធតែ​បាន​ចូលរួម​លើកស្ទួយ​មុខមាត់​នៃ​តំបន់​ឧស្សាហកម្ម​បៃតង​របស់​ចិន​។

សមាគម​អ្នកសារព័ត៌មាន​កម្ពុជា-ចិន (​សសកច-CCJA) និង​មន្ទីរ​ព័ត៌មាន​ខេត្ដ​កានស៊ុ ប្រទេស​ចិន បានប្រារឰ​កម្មវិធី​ពិព័រណ៍​រូបថត​ចំនួន ៨០ ​ផ្ទាំង​ក្រោម​ប្រធានបទ «​ការអញ្ជើញ​តាម​វិថី​សូត្រ​» ​ជា​ការផ្លាស់ប្ដូរ​វប្បធម៌​ប្រជាប្រិយ​ និង​អ្នកស្រុក​​កានស៊ុ ប្រទេស​ចិន​នៅ​កម្ពុជា​។

លោក លីវ ស៊ាវគ័ង សហប្រធាន​សមាគម​អ្នក​សារព័ត៌មាន​កម្ពុជា​-​ចិន បាន​ឱ្យដឹង​​ថា​៖ «​នេះ​ជា​លើកដំបូង​ហើយ​ដែល​សមាគម​បាន​សហការ​ជាមួយ​មន្ទីរព័ត៌មាន​ខេត្ដ​កានស៊ុ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន​​ដើម្បី​រៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍​រូបថត បំណង​ផ្លាស់ប្ដូរ​វប្បធម៌​របស់​អ្នក​រស់នៅ​កានស៊ុ​នៃ​ប្រទេស​ចិន មក​ក្នុង​ប្រទេស​កម្ពុជា​»​។

កានស៊ុ ជា​ខេត្ដ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន ប្រមូល​ផ្ដុំ​ដោយ​ធនធានធម្មជាតិ សម្បត្ដិ​វប្បធម៌​ប្រវត្ដិសាស្ដ្រ និង​សណ្ឋាន​ដី​ប្លែកៗ​ជាច្រើន ហើយ​ត្រូវ​បាន​ស្គាល់​ជា​ផ្នែក​មាស​នៃ​ជំនួញ​សូត្រ ខណៈ​វិថី​សូត្រ​ជា​ជំនួញ​ពាណិជ្ជកម្ម​សូត្រ​ពី​អាស៊ី​ទៅ​តំបន់​អឺរ៉ុប លាតសន្ធឹង​ចម្ងាយ ១ ៦០០ ​គីឡូម៉ែត្រ​។

លោក ស៊ាវគ័ង បាន​បន្ដថា​៖ «​យើង​ក៏​ចង់បង្ហាញ​ពី​សក្ដានុពល​ទេសចរណ៍​នៃ​តំបន់​កានស៊ុ និង​ការអភិវឌ្ឍ​ឧស្សាហកម្ម​បៃតង​នៅ​តំបន់​ស្វយ័ត​កានណាន់ ភាគខាងត្បូង​ខេត្ដ​កានស៊ុ​។ កានស៊ុ រាង​ដាច់ស្រយាល ហើយ​សណ្ឋាន​ដី​ភាគច្រើន​ជា​ខ្សាច់​។ សរុបមក វា​ជា​តំបន់​ក្រីក្រ​តាំងពី​ដូនតា​មក​»​។

រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​តំបន់​ស្វយ័ត​កានណាន ប្រកាន់ខ្ជាប់​នូវ​ការអភិវឌ្ឍ​បៃតង ពង្រីក​វិសាលភាព​ឧស្សាហកម្ម​ជំរុញ​ការធ្វើ​សមាហរណកម្ម​វប្បធម៌ និង​ទេសចរណ៍ ខិតខំ​ពុះពារ​ជម្នះ​ភាពក្រីក្រ និង​លុបបំបាត់​ភាពក្រីក្រ​ជាដើម​។

លោក​បាន​បន្ថែមថា​៖ «​ក្នុង​បំណង​អភិវឌ្ឍ​តំបន់​ក្រីក្រ រដ្ឋាភិបាល​ចិន​បានធ្វើការ​វិនិយោគ​ជាច្រើន ដើម្បី​កែប្រែ​ជីវភាព​ប្រជាជន​។ ជា​លទ្ធផល មកទល់​នឹង​ពេលនេះ ប្រជាជន​ក្នុង​តំបន់​បាន​រួច​ផុតពី​បន្ទាត់​នៃ​ភាពក្រីក្រ​»​។

ការតាំងពិព័រណ៍​រូបថត​លើក​នេះ​រួមមាន​រូបថត ៨០ ​ផ្ទាំង និង​ផ្ទាំងគំនូរ​ថាំង ខា ដែលជា​រូបគំនូរ​បត់​បុរាណ​មួយចំនួន​ផងដែរ​។ ពិព័រណ៍​រូបថត​នេះ មាន​ ២ ​ផ្នែក​។ ទី​ ១ វា​ជា​ការឆ្លុះបញ្ចាំង​ពី​បរិស្ថាន​ធម្មជាតិ និង​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ប្រជាជន​ចិន​ខេត្ដ​កានស៊ុ​។

មហាជន​ត្រូវបាន​ស្វាគមន៍​ចូល​ទស្សនា​ពិព័រណ៍​គំនូរ​បុរាណ ថាំង ខា ។ហេង ជីវ័ន

ផ្នែក​ទី​ ២ បានបង្ហាញ​ពី​ប្រសិទ្ធភាព​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​ស្វយ័ត កានណាន ជា​ទីវប្បធម៌​ចំណាស់​របស់​ជនជាតិភាគតិច​ទីបេ និង​របៀប​នៃ​ការផ្លាស់ប្ដូរ​អន្ដរកម្ម​រវាង​ជនជាតិ​ភាគតិច​នីមួយៗ​ក្នុង​ខេត្ដ​នេះ​។

ថ្លែង​បើក​ពិព័រណ៍​តាមរយៈ​វីដេអូ​អនឡាញ លោកស្រី រដ្ឋមន្ដ្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ ភឿង សកុណា បាន​ឲ្យ​ដឹងថា​៖ «​តាមរយៈ​ពិព័រណ៍​នេះ ជាពិសេស រូបគំនូរ ថាំង ខា ដែល​ភាគី​ចិន​មានបំណង​បើក​ទូលាយ​ឱ្យ​ទស្សនិកជន​នៅក្រៅ​ប្រទេស ជាពិសេស ប្រជាជន​កម្ពុជា​ស្វែងយល់​ពី​វប្បធម៌ និង​ទំនៀមទម្លាប់​របស់​ជនជាតិ​ភាគតិច​នៅឯ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន ដែលជា​ផ្នែក​មួយ​សម្រាប់​ការកសាង​ស្ពាន​ផ្លាស់ប្ដូរ​វប្បធម៌​រវាង​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា​»​។

តាមរយៈ​អរិយធម៌​ដ៏ត្រចះត្រចង់​នៃ​ប្រវត្ដិសាស្ដ្រ​ដ៏យូរលង់​របស់​ប្រទេស​ទាំង​ ២ ដែល​បានរួម​ចំណែក​យ៉ាងសំខាន់​នៅក្នុង​ដំណើរ​អភិវឌ្ឍន៍​ឥតឈប់ឈរ​នៃ​អរិយធម៌​មនុស្សជាតិ អង្គរវត្ដ និង​ប្រាសាទបុរាណ​ចិន Dunhuang Mogao ត្រូវ​បាន​ចាត់ទុក​ជា​សិល្បៈ​កម្រិត​កំពូល​សម្រាប់​កិច្ចការ​ទំនាក់ទំនង និង​សិក្សា​ពីគ្នា​។

លោក Wang Wen Tian ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា​បាន​ថ្លែង​ក្នុង​វីដេអូ​អនឡាញ​នា​ថ្ងៃ​បើកសម្ពោធ​ថា​៖ «​កាលពី​ឆ្នាំមុន វីដេអូ​ឯកសារ​ដែលមាន​ចំណងជើង​ថា ការសន្ទនា​រវាង​ប្រាសាទ Mogao និង​ប្រាសាទ​អង្គរវត្ដ​បាន​ចាក់ផ្សាយ​យ៉ាង​ជោគជ័យ​»​។

លោក​បាន​បន្ដថា​៖ «​វា​បានបង្ហាញ​ពី​ការសន្ទនា​នៃ​អរិយធម៌​ដែលមាន​គម្លាត​សែនឆ្ងាយ និង​មាន​ប្រវត្ដិសាស្ដ្រ​យូរអង្វែង​។ យើង​អាច​ពិនិត្យមើល​ការរួមបញ្ចូល​គ្នា​រវាង​ប្រវត្ដិសាស្ដ្រ​នៃ​អរិយធម៌​ចិន និង​អរិយធម៌​ខ្មែរ​ពី​កម្រិត​កម្ពស់​ថ្មី ចូលរួម​ជំរុញ​យ៉ាងសកម្ម​សម្រាប់​អរិយធម៌​អាស៊ី ជាពិសេស​នោះ​គឺ​ការសិក្សា​ពី​ទំនាក់ទំនង​នៃ​អរិយធម៌​ចិន និង​កម្ពុជា​»​។

​រូបថត​ពី​សក្ដានុពល​ទេសចរណ៍​ខេត្ដ​កានស៊ុ ប្រទេស​ចិន​។ហេង ជីវ័ន

ក្រៅពី​ទេសភាព​ល្អ​ប្រណីត ល្បីល្បាញ​គ្មាន​ ២ ​នោះ កានស៊ុ ក៏មាន​ម្ហូបអាហារ​ឆ្ងាញ់ៗ​ជាច្រើន ជាពិសេស មីសាច់គោ​ឡានចូវ​ដែល​ត្រូវបាន​ចាត់ទុកជា​អាហារ​ហូប​អត់​ដឹង​ឆ្អែត​។

លោក ស៊ាវគ័ង បានឱ្យដឹងថា​៖ «​យើង​សង្ឃឹមថា តាមរយៈ​ការរៀបចំ​ពិព័រណ៍​រូបថត យើង​ជំរុញ​ឲ្យ​មាន​សហប្រតិបត្ដិការ​រវាង​ពលរដ្ឋ​កម្ពុជា និង​អ្នករស់នៅ​កានស៊ុ ប្រទេស​ចិន​កាន់តែ​ខិតជិត​គ្នា និង​កាន់តែ​ស្វែងយល់​ពីគ្នា​។

លោក​បាន​និយាយថា ដោយ​គោរព​តាម​គោលការណ៍​របស់​ក្រសួង​សុខាភិបាល សមាគម​ស្វាគមន៍​ពលរដ្ឋ​កម្ពុជា​អញ្ជើញ​មក​ទស្សនា​ពិព័រណ៍​រូបភាព​នៅទីនេះ​។

លោក​ក៏បាន​លើកឡើង​ថា​៖ «​តំណាង​ឲ្យ​ភាគី​ខាង​កានស៊ុ យើងខ្ញុំ​សុំ​អញ្ជើញ​ភ្ញៀវទេសចរ​កម្ពុជា​ទៅ​កម្សាន្ដ​លេង​នៅក្នុង​ខេត្ដ​កាន​ស៊ុ នៃ​ប្រទេស​ចិន​ផងដែរ​»​។

ពិព័រណ៍​រូបថត ការអញ្ជើញ​តាម​វិថី​សូត្រ​» រៀបចំឡើង​នៅ​អគារ​សមាគម​សម្ព័ន្ធ​ខ្មែរ​ចិន ឯ​ជាន់​ផ្ទាល់​ដី ស្ថិត​ក្នុង​បុរី​រុងរឿង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​ចាប់ពី​ថ្ងៃទី​ ១៨ ដល់​ថ្ងៃទី​ ២៤ ខែធ្នូ ខាងមុខនេះ​៕