ភ្នំពេញៈ បណ្តុំ​រូបថត​ស្តីពី​ខ្សែជីវិត​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​ក្នុង​ស្ថានភាព​រស់​នៅ​ជួប​ប្រទះ​នូវ​គ្រោះ​ធម្មជាតិ​គឺ​ទឹក​ជំនន់ របស់​សិល្បករ​ថត​រូប​ដ៏​ជំនាញ លោក លី មិន ហៅ ឡាម៉ូ នឹង​ដាក់​តាំង​បង្ហាញ​នៅ​ផ្នែក​ខាង​ក្នុង​នៃ​វិចិត្រសាល​របស់​វិទ្យាស្ថាន​បារាំង នា​ថ្ងៃ​បើក​សម្ពោធ​មហោស្រព​រូបថត​ភ្នំពេញ លើក​ទី ៩ ឆ្នាំ ២០១៨ នេះ។

ពិព័រណ៍​រូបថត​សិល្បករ​ខ្មែរ លី មិន មាន​ចំណងជើង​ថា «ទឹកចិត្ត» នេះ​ចង់​ឆ្លុះបញ្ចាំង​ពី​ស្ថានភាព​ជាក់​ស្តែង​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​តំបន់​នានា ពេល​ជួប​គ្រោះ​ធម្ម​ជាតិ​ទឹក​ជំនន់​កើ​តឡើង។

លោក លីមិន ហៅ ឡាម៉ូ បាន​បញ្ជាក់​ពី​អត្ថន័យ​នៃ​បណ្តុំ​រូបថត​របស់​លោក ដែល​ត្រូវ​ដាក់​តាំង​នោះ​ថា៖ ទឹក​ជំនន់​គឺជា​ប្រធាន​បទ​ធម្មតា​ទៅ​ហើយ សម្រាប់​អ្នក​ថតរូប​សារ​ព័ត៌មាន ហើយ​ស្ទើរ​តែ​ជា​ប្រធាន​បទ​ទូទៅ​ផង​ដែរ​ជា​ញឹកញាប់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ស្ថានភាព​បែប​លក្ខណៈ​ធ្ងន់ធ្ងរ។

លោកបន្តថា «រូប​ទាំង​នេះ ខ្ញុំ​ដំឡើង​កាមេរ៉ា​នៅ​លើ​សំយាប​ផ្ទះ​របស់​ខ្ញុំ ដែល​មើល​ទៅ​ស្ងៀម​ស្ងាត់​ក្នុង​ទម្រង់​ដូចជា​ឆាក​ល្ខោន​នៃ​ជីវិត​ប្រចាំ​ថ្ងៃ។ ដោយ​កា​រប្រើ​ទឹកជា​ផ្ទាំង​ខាង​ក្រោយ​មាន​ពណ៌​ខ្មៅ ប៉ុន្ដែ​ពោរ​ពេញ​ទៅ​ដោយ​រឿងរ៉ាវ​ជាច្រើន ខ្ញុំ​បាន​បង្ហាញ​ឲ្យ​ឃើញ​សកម្មភាព​ក្នុង​រូបភាព​តូចៗ​មួយ​ចំនួន​ស្តី​ពី​ខ្សែ​ជីវិត​យឺតៗ តាម​ការ​កើន​ឡើង​នៃ​ខ្សែ​ទឹក»។

សកម្មភាព​ត្រឡប់​មកពីផ្សារ ឬ​ពី​សាលា​អ្វី​គ្រប់យ៉ាង​គឺ​ត្រូវការ​ទំហំ និង​រាល់​ព័ត៌មាន​លម្អិតៗ ក៏​ក្លាយ​ជា​សារៈ​សំខាន់​នៃ​ចក្ខុ​វិស័យ​មួយ​បង្ហាញ​គ្រប់​ទិដ្ឋភាព​នៃ​ពិភពលោក។

សកម្ម​ភាព​ប្រជាជន​ប្រើ​ពោះវៀន​កង់​ឡាន​ជិះ​រំដោះ​ខ្លួន​នា​ពេល​មានទឹកជំនន់​។ លី មិន​

លោក លី មិន ហៅ ឡា​ម៉ូ កើត​នៅ​ឆ្នាំ ១៩៧៧ នៅ​ខេត្ដ​សៀមរាប ដែល​បច្ចុប្បន្ន​លោក​ធ្វើការ​នៅ​ក្នុង​រាជធានី​ភ្នំពេញ ខណៈ​លោក​ក៏​មិន​អាច​លះបង់​ពេល​វេលា​ទាំង​អស់​ដើម្បី​តែ​ថតរូប​នោះ​ទេ ព្រោះ​គាត់​ត្រូវការ​ផ្គត់ផ្គង់ និង​ទ្រទ្រង់​ជីវភាព​សង្គម​គ្រួសារ។ ប៉ុន្តែទោះជាយ៉ាងណា ​លោក​គឺជា​អ្នក​ស្រឡាញ់​វិស័យ​នេះ​យ៉ាង​ខ្លាំង។

លោក​បាន​ចំណាយ​ពេល​ច្រើន​ពី​ពេល​ទំនេរ ដើម្បី​ឆ្លៀត​ទៅ​ថត​រូប​ពី​ធម្មជាតិ​ទេសភាព វិថី​នានា ជា​ពិសេស​នៅ​ស្រុក​កំណើត​របស់​លោក។

អនុប្រធាន​សមាគម​រូបថត​ភ្នំពេញ លោក សុវណ្ណ ភី​ឡុង ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ត្រួសៗពី​ការ​រៀបចំ​ព្រឹត្តិការណ៍​មហោ​ស្រព​រូបថត​ភ្នំពេញ​ឆ្នាំ​នេះ ផងដែរ។

លោកថ្លែង​​ថា៖ «ឆ្នាំ​នេះ​យើង​នឹង​ដាក់​តាំង​បង្ហាញ​ស្នាដៃ​សិល្បៈ​រូបថត នៅ​ទីតាំង​សាធារណៈ​ចំនួន ៩ កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ដោយ​រាប់​ចាប់​តាំង​ពី​របង​ស្ថានទូត​បារាំង របង​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា មជ្ឈមណ្ឌល​បុប្ផាណា មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ និង​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ជាដើម។ ការសម្ពោធ​ពិធី​មហោស្រព រូបថត យើង​នឹងធ្វើ​ចំនួន ៣ ថ្ងៃ​ពីថ្ងៃ​ទី ៥ ដល់​ថ្ងៃទី ៧ ខែ​តុលា ខណៈ​ការ​ដាក់​តាំង​ពិព័រណ៍​រូបថត​របស់​សិល្បករ​ទាំង​អស់​យើង​នឹង​ដាក់​ចាប់​ពី​ថ្ងៃទី ៥ ខែ​តុលា បន្ត​ដល់​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា ឆ្នាំ ២០១៨ គឺ​រយៈពេល ១ ខែ​ឯណោះ»៕