ភ្នំពេញៈ ទន្ទឹមនឹង​មាន​ការ​បង្ហាញ​ពី​ទម្រង់​សិល្បៈ​ចម្រុះ​រួម​មាន​ការ​សម្តែង​របាំ ល្ខោន សៀក ការ​បញ្ចាំង​ខ្សែ​ភាពយន្ត កិច្ច​ពិភាក្សា និង​សិក្ខា​សាលា​ស្តីពី​សិល្បៈ​នានា​ក្នុង​ការ​បើក​ព្រឹត្តិការណ៍​សិល្បៈ​ដ៏​ធំ​ដំបូង​ឈ្មោះ​រដូវ​វប្បធម៌ របស់​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ (CLA) ក្រោម​ប្រធាន​បទ​ថា «ស្វែងរក​អត្ត​សញ្ញាណ» នោះ ក៏​ប្រារព្ធ​ធ្វើ​ពិធី​តាំង​ពិព័រណ៍​រូប​ថត​របស់​អ្នក​ថត​រូប​ម្នាក់ ដែល​កាត់​ខ្មែរ​បរទេស ១ រូប​ដែរ នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផា​ណា ក្រោម​ប្រធាន​បទ «ភាសា​ជា​ឧបសគ្គ​មួយ» ក្នុង​អាជីព។

តាំងពិព័រណ៍​រូបថត​របស់​អ្នកថតរូប​កាត់​ខ្មែរបរទេស ឈ្មោះ​លោក ស៊ីវ សេរី ត្រូវបាន​បើក​សម្ពោធ កាល​ពី​ល្ងាច​ថ្ងៃ​ទី ១៥ ខែ​សីហា និង​បន្ត​ដាក់​តាំង​ដើម្បី​ចែក​ជូន​ឲ្យ​ភ្ញៀវ​ទស្សនា​រហូត​ទៅ​ដល់​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០១៨។

លោក ឥន្ទ ស​ម៉ា​ណាក់ អ្នកចាត់ចែង​រដ្ឋបាល​រៀបចំ​កម្មវិធី​រដូវ​វប្បធម៌​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ក៏​ប្រាប់​ពី​គោល​បំណង​នៃ​ការ​តាំង​ពិព័រណ៍​របស់​អ្នក​ថតរូប​កូន​កាត់​លោក ស៊ីវ សេរី ដែល​បាន​ដាក់​ប្រធាន​បទ «ភាសា​ជា​ឧបសគ្គ​មួយ» នោះ​ថា៖ «ដោយ​សារ​តែ​លោក ស៊ីវ សេរី កូន​កាត់​ខ្មែរ​បរទេស ហើយ​នៅ​ពេល​លោក​ប្រកប​របរ​ជា​អ្នក​ថត​រូប នៅ​តាម​តំបន់​នានា តែង​តែ​បាន​ជួប​នូវ​បញ្ហា​ច្រើន​ជា​រឿយៗ ដែល​ទាក់​ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ភាសា ដើម្បី​និយាយ​ទំនាក់​ទំនង។ ដូច្នេះ​ហើយ​ទើប​លោក​បាន​សហការ​ជា​លើក​ដំបូង​ជាមួយ​អង្គការ​សិល្បៈ​ខ្មែរ​អតមៈ ដើម្បី​ប្រមូល​យក​រូប​យ៉ាង​ច្រើន ដែល​លោក​បាន​ជួប​គឺជា​បញ្ហា​ផ្នែក​ភាសា​នោះ​មក​ដាក់​តាំង​ពិព័រណ៍​តែ​ម្តង​នៅ​បុប្ផា​ណា។

លោក សេរី ជឿថា ភាសា និង​អត្តសញ្ញាណ​មិនអាច​ផ្តាច់ចេញ​ពីគ្នា​បាន។ ហេតុនេះ​ទើប​គាត់​បង្កើត​គម្រោង​រូប​ថត​មួយ​ដើម្បី​ជា​ការ​បង្ហាញ​ពី​រឿងរ៉ាវ​អត្ត​សញ្ញាណ ដែល​មិន​សូវ​ជា​មាន​គេ​និយាយ។

ចំពោះ​រដូវ​វប្បធម៌ ផ្តោតលើ​ការស្វែងរក​អត្តសញ្ញាណ ដែលមាន​រយៈពេល ៣ ខែ ដោយ​រួម​មាន ការ​សម្ដែង ការ​បញ្ចាំង​ខ្សែ​ភាពយន្ត កិច្ច​ពិភាក្សា ពិព័រណ៍ និង​សិក្ខា​សាលា​ដែល​ត្រូវ​បាន​សម្រិត​សម្រាំង និង​នាំ​មក​ជូន​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ជុំវិញ​ប្រធាន​បទ​ថា «ការ​ស្វែងរក​អត្តសញ្ញាណ» ដោយ​ចាប់​ផ្តើម​តាំង​ពី​ថ្ងៃ​ទី ១៩ ខែ​កក្កដា មក​ហើយ​បន្ត​ដល់​ថ្ងៃ​ទី ២៣ ខែ​កញ្ញា ឆ្នាំ ២០១៨ ខាង​មុខ។

ឯ​ពិព័រណ៍​រូបថត​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី ១៥ ខែសីហា ដល់ទី ២០ ខែកញ្ញា ឆ្នាំ ២០១៨៕

រូប​ថត​មួយ​​ដែល​នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​។ អង្គការសិល្បៈខ្មែរ​អមតៈ​