ភ្នំពេញ : ទំនាក់ទំនងរវាងបុរសម្នាក់ និងឆ្លាមសមុទ្រ កិច្ចការសង្គ្រោះសត្វភេនឃ្វីនរបស់មនុស្សមួយក្រុមនៅអាហ្វ្រិកខាងត្បូង ដំណើររឿងរ៉ាវចម្លាក់បាឡែនផ្គុំពីប្លាស្ទីករាប់តោន ឬសម្ព័ន្ធភាពយ៉ាងពិសេសរវាងអ្នកនេសាទ និងបាឡែនអូកា ត្រូវបានចងក្រងបញ្ចូលគ្នាជាភាពយន្ដឯកសារមួយមានរយៈពេល ៩០ នាទីដែលបង្ហាញពីទិដ្ឋភាពជុំវិញមហាសមុទ្រដ៏ស្រស់ស្អាត។
វិចិត្រសាលពីរកន្លែងនៅក្រុងភ្នំពេញ និងសៀមរាបនឹងរៀបចំមហោស្រពភាពយន្ដ Siem Reap Ocean in Motion Film Festival ដើម្បីទាក់ទាញចិត្ដ និងផ្សព្វផ្សាយចំណេះដឹងអំពីកិច្ចការពារមហាសមុទ្រតាមរយៈភាពយន្ដខ្នាតខ្លីស្ដីពីមហាសាគរ។
លោក Douglas Woodring ជាស្ថាបនិក និងជានាយកអង្គការ Ocean Recovery Alliance ដែលរៀបចំព្រឹត្ដិការណ៍នេះបានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍តាមអ៊ីមែលថា៖ «យើងមានបំណងជំរុញទឹកចិត្ដ និងផ្សព្វផ្សាយចំណេះដឹងអំពីកិច្ចការពារមហាសមុទ្រតាមរយៈការបញ្ចាំងភាពយន្ដខ្នាតខ្លីដ៏គួរឲ្យភ្ញាក់ផ្អើល អាថ៌កំបាំង ការកម្សាន្ដ អារម្មណ៍រំភើបញាប់ញ័រ និងការអប់រំ។ មនុស្សជាច្រើនមិនមានឱកាសបានឃើញមហាសមុទ្រនោះទេ។ ដូច្នេះនេះជាឱកាសនាំមហាសាគរមកឲ្យពួកគេបានឃើញផ្ទាល់ភ្នែកដោយមិនចាំបាច់ទទឹកខ្លួន»។
លោកបានបន្ដថា៖ «យើងបានដំណើរការព្រឹត្ដិការណ៍នេះ ៥ ឆ្នាំមកហើយនៅទីក្រុងហុងកុង និងតាមបណ្ដាលប្រទេសមួយចំនួន។ ប៉ុន្ដែឆ្នាំនេះជាឱកាសដំបូងបំផុតដែលយើងប្រារឰនៅប្រទេសកម្ពុជា និងប្រទេសថៃជាលើកទីពីរដែលរៀបចំឡើងនៅសប្ដាហ៍បន្ទាប់»។
ភាពយន្ដខ្នាតខ្លីលើសពី ១២ រឿងដែលត្រូវបានជ្រើសរើសជុំវិញពិភពលោករួមទាំង គំនូរជីវចលល្បីល្បាញដែលភាគច្រើនទទួលបានពានក្នុងមហោស្រពភាពយន្ដនានា ត្រូវបានដាក់បញ្ចាំងបញ្ចូលគ្នាជាភាពយន្ដដែលមានរយៈពេល ៩០ នាទី។
ស្ថាបនិកអង្គការក្រៅរដ្ឋាភិបាលរូបនេះបានលើកឡើងថា៖ «យើងចង់ឲ្យអ្នកទស្សនាទទួលបានបទពិសោធគ្រប់តថភាពនៃសកម្មភាពនៅមហាសមុទ្រ តាំងពីកីឡា សត្វ ការផ្សងព្រេង ការស្រាវជ្រាវ ដំណើរបែបវិទ្យាសាស្ដ្រ និងអភិរក្ស»។
លោកបានអះអាងពីភាពវិសេសនៃមហោស្រពភាពយន្ដខ្លីស្ដីពីមហាសមុទ្រនេះថា ដោយសារមនុស្សភាគច្រើនអត់មានឱកាសបានទស្សនាភាពយន្ដខ្នាតពីផលិតករឯករាជ្យ ដោយសារវាមិនមែនជាភាពយន្ដខ្នាតវែង និងមិនមែនជាកម្មវិធីទូរទស្សន៍ ពីព្រោះវាមានរយៈពេលខ្លី ដូច្នេះទើបភាពយន្ដនេះមានភាពវិសេស និងបានបញ្ចូលតថភាពគ្រប់ជ្រុងជ្រោយនៃមហាសមុទ្រ។
ភាពយន្ដច្របាច់បញ្ចូលគ្នាទាំង ១២ រឿងនោះរួមមានរឿង «Scarlet’s Tale» រៀបរាប់អំពីទំនាក់ទំនងបុរសម្នាក់ជាមួយឆ្លាយក្សពណ៌ស ដែលបានខាំស៊ីជើងរបស់លោក។ រឿង «Penguin Protectors» រៀបរាប់ពីមនុស្សមួយក្រុមនៅអាហ្វ្រិកខាងត្បូងព្យាយាមសង្គ្រោះភេនឃ្វីនពីការវិនាសផុតពូជ។ រឿង «The Making of Skyscraper» ស្ដីពីចម្លាក់បាឡែនផ្គុំពីប្លាស្ទីករាប់តោនស្ថិតនៅកណ្ដាលក្រុងប្រូកនៃប្រទេសបែលហ្ស៊ិក។ រឿង «From the Shadows» ស្ដែងពីសម្ព័ន្ធភាពវិសេសរវាងបាឡែនអូកាអត្លង់ទិកខាងជើង និងអ្នកនេសាទម្នាក់។
ការដាក់បញ្ចាំងដំបូងនៅរាត្រីថ្ងៃទី ៤ ទី ៥ ខែធ្នូនឹងធ្វើឡើងនៅ META HOUSE ក្នុងរាជធានីភ្នំពេញចាប់ពីម៉ោង ៧ យប់ដោយរួមមានការជជែកអំពីបញ្ហាមហាសមុទ្ររួចចោទសួរ និងឆ្លើយអំពីភាពយន្ដនេះ។ ថ្ងៃទី ៧ ខែធ្នូ នៅ Bambu Stage ក្រុងសៀមរាប ម៉ោង ៨ យប់ និងនៅថ្ងៃទី ៨ ខែធ្នូ នៅ The Village Café ក្រុងសៀមរាបពីម៉ោង ៧ យប់។ ព្រឹត្ដិការណ៍នេះបើកទ្វារស្វាគមន៍ភ្ញៀវគ្រប់រូបដោយឥតគិតថ្លៃ។ ព័ត៌មានលម្អិតសូមទាក់ទងលោក Douglas Woodring តាមរយៈលេខទូរស័ព្ទ 096-746-5922៕