The Phnom Penh Post Search

Search form

ទស្សនា​ភាពយន្ត ១៣០ រឿង​ឥត​គិត​ថ្លៃ​នៅ CIFF

Content image - Phnom Penh Post
ទិដ្ឋភាព​ពី​មហោស្រពភាពយន្ត​អន្តរជាតិ​កម្ពុជា នៅ​សាលចតុមុខ ​កាលពី​ឆ្នាំ​មុន​​​។ កែវ រតនា

ទស្សនា​ភាពយន្ត ១៣០ រឿង​ឥត​គិត​ថ្លៃ​នៅ CIFF

ភ្នំពេញ: មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ឆ្នាំ​ទី ៨ បាន​វិល​ត្រឡប់​មក​វិញ​នៅ​ដើម​ខែ​មីនា ជាមួយ​ខ្សែ​ភាពយន្ត ១៣០ រឿង ដែល​នឹង​ត្រូវ​ចាក់​បញ្ចាំង ៦ ថ្ងៃ ជាមួយ​វត្តមាន​ផលិតករ​ភាពយន្ត ៧០ នាក់​មក​ពី ១៦ ប្រទេស។

ពីថ្ងៃ​ទី ៥ ខែ​មីនា ភាពយន្ត​ទាំងនេះ​នឹង​ត្រូវបាន​បញ្ចាំង​នៅ ១០ ទីតាំង ដោយ​អ្នក​មក​មុន​នឹង​ទទួល​បាន​ការ​ទស្សនា​ឥត​គិត​ថ្លៃ រីឯ​អ្នក​ក្រោយ​ត្រូវ​ជាវ​សំបុត្រ ៥០០០ រៀល។

ថ្វីដ្បិតតែ​ឆ្នាំនេះ​ចំនួន​ខ្សែ​ភាពយន្ត​មិន​ច្រើន​ដូច​ឆ្នាំមុន តែ​អ្វី​ដែល​ប្រិយមិត្ត​មិន​គួរ​រំលង​មាន​ដូចជា​រឿង Surviving Bokator ស្ដីពី​គុន​ល្បុក្កតោ ជា​ភាពយន្ត​ឯកសារ​ប្រើ​ពេល​ផលិត ៥ ឆ្នាំ ដោយ​ក្រុម​ការងារ​ជន​ជាតិ​កាណាដា។

ខ្សែភាពយន្ត​ឯកសារ​រឿង អង្គការ ជា​ស្នាដៃ​ដឹកនាំ​ឲ្យ អ្នកនាង Neary Adeline Hay និយាយ​ពី​ជីវិត​ការ​វិល​ត្រឡប់​របស់​ឪពុក​នាង​មក​កម្ពុជា​លើក​ទី ១ ក្រោយ​ពី​របប​ខ្មែរ​ក្រហម​ដួល​រលំ។

ខ្សែភាពយន្ត​រឿង ពុទ្ធិ​សែន នាង​កង្រី វណ្ណកម្ម​របស់​លោក លី ប៊ុនយីម ពី​ទសវត្សរ៍​ឆ្នាំ ១៩៦០ ក៏​នឹង​ត្រូវ​ចាក់​បញ្ចាំង​ក្នុង​មហោស្រព​នេះ​ផង​ដែរ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​សប្ដាហ៍​មុន លោក សុខ សុង អនុប្រធាន​នាយក​ដ្ឋាន​សិល្បៈ​ភាពយន្ត​បាន​ឲ្យ​ដឹងថា ព្រឹត្តិការណ៍​នេះ​អាច​ជា​ឱកាស​បង្ហាញ​កម្ពុជា​ជាទី​តាំង​ផលិត​ភាពយន្ត​ដ៏​មាន​សក្ដានុពល។

Content image - Phnom Penh Post
តារាហូលីវូដ​បារាំង-ខ្មែរ អេឡូឌី យឹង​​។ AFP

លោក​បន្តទៀតថា៖ «ពេល​មាន​មហោស្រព​ភាពយន្ត​នៅ​កម្ពុជា​យើង ទី ១ អាច​ចែក​រំលែក និង​ផ្លាស់ប្ដូរ​វប្បធម៌​ជាមួយ​ភ្ញៀវ​បរទេស ក៏​ដូចជា​បង្ហាញ​ពី​ភាព​រុង​រឿង​នៃ​ជាតិ​សាសន៍​របស់​យើង​ផង​ដែរ»។

នាយក​មហោស្រព និង​ជា​ប្រធាន​គណៈកម្មការ​ភាពយន្ត​កម្ពុជា លោក ស្រេឌីក អ៊ីឡយ (Cedric Eloy) ក៏​ប្រកាស​ផង​ដែរ​ថា តារា​ហូលីវូដ​កូន​កាត់​បារាំង-ខ្មែរ អេឡូឌី យឹង (Elodie Yung) នឹង​ដើរ​តួនាទី​ជា​គណៈកម្មការ​កិត្តិយស​នៃ​មហោស្រព​ភាពយន្ត​អន្តរជាតិ​កម្ពុជា ដោយ​អ្នកនាង នឹង​ថ្លែង​សារ​ពី​ចម្ងាយ​នៅ​រាត្រី​បើក​កម្មវិធី​ថ្ងៃ​ទី ៨ មីនា។

តារា​ហូលីវូដ​ដើមកំណើត​ខ្មែរ​វ័យ ៣៧ ឆ្នាំ ដែល​ត្រូវ​បាន​គេ​ស្គាល់​តាមរយៈ​ភាពយន្ត​រឿង Daredevil,The Defenders និង Gods of Egypt នោះ អ្នក​នាង​បាន​សង្កត់​ធ្ងន់​លើ​ទំហំ​នៃ​ខ្សែ​ភាព​យន្ត និង​បេសកកម្ម​ក្នុងការ​លើក​កម្ពស់​វិស័យ​ភាពយន្ត​កម្ពុជា​ទៅ​កាន់​ទស្ស​និកជន ក្នុង​វិសាល​ភាព​ធំ​ទូលាយ។ ចំណូល​ចិត្ត​ទស្សនិកជន​គ្រប់គ្នា​គួរតែ​ត្រូវបាន​គិតគូរ​ក្នុង​ដំណើរ​ការ​ផលិត។

អ្នកនាង អេឡូឌី យឹង បាន​ថ្លែងថា៖ «គ្រប់គ្នា​មិនអាច​ចូលចិត្ត​មើល​ភាពយន្ត​មួយ​រឿង​ដូចគ្នា​ទេ។ យើង​មាន​ខ្សែ​ភាពយន្ត​ប្រភេទ​ខុសៗ​គ្នា​តម្រូវ​គ្រប់​រស​ជាតិ នៅ​មហោស្រព​ភាពយន្ត​នេះ»៕ \

James Reddick and Ouk Suntharoth

អត្ថបទគួរចាប់អារម្មណ៍