ភ្នំពេញៈ ការបង្ហាញ​ពី​ទម្រង់​សិល្បៈ​ខ្មែរ​ចម្រុះ​ដែល​រៀបចំ​ដោយ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ ដែល​មាន​រយៈពេល ៣ ខែ ក្រោម​ប្រធាន​បទ «ការ​ស្វែង​រក​អត្ត​សញ្ញាណ» នឹង​បញ្ចប់​នៅ​ចុង​ខែ​នេះ​ហើយ ខណៈ​ចាប់​ពី​ថ្ងៃ​ទី ១៣ ដល់​ទី ២០ ខែ​កញ្ញា ខាង​មុខ​នេះ​ដែរ មាន​ខ្សែ​ភាពយន្ត​ចំនួន ៥ រឿង នឹង​ត្រូវ​បញ្ចាំង​ដើម្បី​ចែក​ជូន​មហាជន​ទស្សនា ដោយ​សេរី​នៅ​ឯ​វិទ្យាស្ថាន​បារាំង និង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា ស្តី​ពី​ស្ថានភាព​ជីវិត​រស់​នៅ​របស់​ពលរដ្ឋ​ខ្មែរ។

កញ្ញា ជឿន សុជាតា អ្នក​សម្របសម្រួល​ព្រឹត្តិការណ៍ និង​ទំនាក់ទំនង​នៃ​អង្គការ​សិល្បៈ​ខ្មែរ​អមតៈ​ បង្ហើប​ឲ្យ​ដឹង​សាច់​រឿង​ត្រួសៗ​នៃ​ខ្សែ​ភាពយន្ត​ទាំង​នោះ​ថា៖ «ខ្សែ​ភាពយន្ត​ទាំង ៥ រឿង​នោះ នឹង​ឆ្លុះ​បញ្ចាំង​អំពី​រឿងរ៉ាវ​នានា​របស់​ប្រជាជន​ខ្មែរ មាន​ជីវិត​រស់​នៅ​ទាំង​ក្រៅ​ប្រទេស និង​ក្នុង​ប្រទេស​កម្ពុជា ដោយ​មាន​លក្ខណៈ​ស៊ី​គ្នា​ទៅ​នឹង​ប្រធាន​បទ​រួម​នៃ​កម្មវិធី​ខាង​លើ។ តែ​ក៏​មិន​មានន័យ​ថា ជា​ហេតុ​ការណ៍​ដែល​ស្តី​អំពី​អត្ត​សញ្ញាណ​ខ្មែរ​មួយ​មុខ​នោះ​ទេ​គឺមាន​និយាយ​ពី​ការ​រស់​នៅ​របស់​អ្នក​កូន​កាត់​ជា​ជន​ជាតិ​ចិន និង​វៀតណាម​ផង​ដែរ»។

តារាសម្តែងស្រី​ជើងចាស់​លោកស្រី ឌី​សាវ៉េត ក៏​មាន​វត្តមាននៅ​ក្នុង​ភាព​យន្ត​​ទី ៥ ផង​ដែរ​។ ភ្នំពេញ ប៉ុសិ៍្ត

ខ្សែភាពយន្ត​ទាំង ៥ នោះ​រួមមាន​ដូចជា​រឿង «Une Minorite Visible Invisible» ផលិត​ដោយ​លោក Mathieu PHENG មាន​បង្ហាញ​ពី​កិច្ច​ពិភាក្សា​អំពី​ប្រជាជន​កម្ពុជា​រស់​នៅ​ក្រៅ​ប្រទេស នា​រយៈពេល ៤០ ឆ្នាំ​បន្ទាប់​ពី​របប​ប៉ុលពត​បាន​បញ្ចប់ ជន​អន្តោ​ប្រវេសន៍​កម្ពុជា​ជំនាន់​ទី ២ ដែល​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​រវាង​វប្បធម៌ ២ ផ្សេង​គ្នា។

រឿង​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​វិទ្យាស្ថាន​បារាំង ម៉ោង ៦:៣០ ដល់ ៨:៣០យប់​ថ្ងៃ​ទី ១៣ ខែ​កញ្ញា។ ខ្សែ​ភាពយន្ត​ទី ២ រឿង «កុំ​ស្មាន​បង​ភ្លេច ខ្មែរ​បាត់បង់​តន្ត្រី​រ៉ក់» ផលិត​ដោយ John PIROZZI បញ្ចាំង​នៅ​មជ្ឈមណ្ឌល​បុប្ផាណា ពី​ម៉ោង ៦:៣០ ដល់ ៨:៣០ យប់​ថ្ងៃ​ទី ១៧ ខែ​កញ្ញា។

ខ្សែភាពយន្ត​ទី ៣ រឿង «ខ្ញុំ​ទៅណា» របស់​ផលិតករ​វ័យក្មេង​លោក នាង កា​វិច មាន​រយៈពេល ៥៥ នាទី និយាយ​ភាសា​ខ្មែរ និង​មាន​បក​ប្រែ​ជា​ភាសា​អង់គ្លេស ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ពី​ម៉ោង ៦:៣០ ដល់ ៨:៣០ យប់ ថ្ងៃ​ទី ១៨ ខែ​កញ្ញា​ឆ្នាំ ២០១៨។

ភាពយន្ត​ទី ៤ រឿង «BGirl» ផលិត​ដោយ ងឿ​ម ផល្លី និង ណា​ម រដ្ឋា ថូ​ម៉ាស អម​ដោយ​សកម្មភាព​សិក្ខា​សាលា​ស្វែង​រក​អត្ត​សញ្ញាណ​កម្ពុជា​យើង សម្រប​សម្រួល​ដោយ​អង្គការ​នារី​ដើម្បី​សន្តិភាព បញ្ចាំង​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា ពី​ម៉ោង ២:៣០ ដល់ ៥:០០ ល្ងាច នៅ​ថ្ងៃ​ទី ១៩ ខែ​កញ្ញា។

ភាព​យន្ត​ទី ៥ រឿង «ស្រុក​ខ្មែរ! នេះ​ហើយ​ខ្ញុំ!» ផលិត​ដោយ ភូស្សង់ បាទីស្ត៍ មាន​រយៈពេល ៧៤ នាទី និយាយ​ភាសា​ខ្មែរ និង​មាន​បក​ប្រែ​ភាសា​អង់គ្លេស បញ្ចាំង​នៅ​ឯ​មជ្ឈមណ្ឌល​បុប្ផាណា ចាប់​ពី​ម៉ោង ៦:៣០ ដល់ ៨:៣០ យប់ នៅ​ថ្ងៃ​ទី ២០ ខែ​កញ្ញា ឆ្នាំ ២០១៨៕