ភ្នំពេញៈ នា​ថ្ងៃទី​ ១៣ ខែ​មីនា ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​នឹង​មាន​ការសម្តែងរ​បាំ​រឿង​បែប​ជា​របាំ​សហសម័យ​ដោយ​អ្នក​សម្តែង​លោក ជូរី ហ៊ន នៅឯ​វិចិត្រសាល​នៃ​គម្រោង​សិល្បៈ សស មាន​រយៈពេល​កន្លះ​ម៉ោង​គឺ​ចាប់ពី​ម៉ោង​ ៦ និង ៣០ នាទី​ដល់​ម៉ោង ៧ យប់​រៀបរាប់​ពី​ជីវិត​ម្តាយ​របស់​លោក​ដែល​នៅ​សល់​ជីវិត ក្រោយពី​របប​ប្រល័យ​ពូជសាសន៍​ ប៉ុល ពត ។

ការសម្តែង​របាំ​សហ​សម័យ​ទោល​ដោយ​អ្នករបាំ​វ័យក្មេង​គឺ​លោក ជូរី ហ៊ន ដែល​បាន​ប្រើប្រាស់​បច្ចេកទេស​ច្នៃប្រឌិត​ជា​របាំ​ដែល​មាន​លក្ខណៈ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​វប្បធម៌​ខ្មែរ​ជា​មធ្យោបាយ​ដើម្បី ដោះស្រាយ​បញ្ហា​ដែល​ប្រឈម និង​ការលើកកម្ពស់​ពី​សហគមន៍​ខ្មែរ​នៅ​អាមេរិកាំង​ក្រោម​ប្រធានបទ​រឿង​មួយ​ដែល​មាន​ចំណងជើង​ថា​៖ «​ពេល​ផ្សែង​រត់​ចេញ​ពី​រាងកាយ​»​។

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​នៃ​គម្រោង​សិល្បៈ សស បាន​បង្ហើប​ឲ្យ​ដឹង​ថា​៖ «​របាំ​នេះ​បាន​កកើតឡើង​ចេញ​ពី​ការ​តំណាល​នៃ​សម្តី​របស់​លោកស្រី សារ៉ូ មួយ​ដែល​ត្រូវ​ជា​ម្តាយ​របស់​លោក ជូវី ហ៊ន ។ សម្តី​នោះ​និយាយ​ថា​៖ «​វា​ហាក់​ដូចជា​ខ្ញុំ​ត្រូវ​បាន​កើត​ម្តង​ទៀត​» ​ជា​ពាក្យ​មួយ​ឃ្លា​ដែល​បង្ហើប​​ចេញ​ពី​មាត់ លោកស្រី សារ៉ូ មួយ​។ សារ​មួយ​ឃ្លា​នេះ​គឺ​ចង់​បង្ហាញ​ពី​ប្រវត្តិ​នៃ​ការរស់រាន​មាន​ជីវិត​ពី​របប​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​កាលពី​ឆ្នាំ​ ១៩៧៥ ដល់​ឆ្នាំ ១៩៧៩ និង​នៅ​ពេល​គាត់​បាន​មក​ដល់​ទឹកដី​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​ ១៩៩០»​។

លោក ជូរី ហ៊ន នឹង​សម្តែង​របាំ​រឿង​ «​ពេល​ផ្សែង​រត់​ចេញ​ពី​រាងកាយ​»​។ រូបថត ហ្វេសប៊ុក

ប្រភព​ព័ត៌មាន​ដដែល​នេះ​បន្ត​ឲ្យ​ដឹង​ថា​៖ «​របាំ​នេះ​បង្ហាញ​ពី​រឿងរ៉ាវ​មួយ ឆ្លុះបញ្ចាំង​ពី​ភាព​សោកសៅ​របស់​ម្តាយ​លោក ជូរី ហ៊ន ដែល​ធ្លាប់​បាន​ឆ្លងកាត់​នូវ​អតីតកាល និង​ការកសាង​ជីវិត​ថ្មី​ដោយ​បាន​ចឹញ្ចឹម​គ្រួសារ​មួយ​មាន​សមាជិក ៨ នាក់​នៅ​លើ​ទឹកដី​បរទេស​។ ចំពោះ​ធាតុ​ផ្សំ​នៃ​ការសម្តែង​របាំ​គឺ​មាន​ពន្លឺ​ដែល​អាច​ព្យាបាល​ផ្លូវចិត្ត និង​ទឹក​ជា​និមិត្តរូប​សម្រាប់​ការកកើត​ជាថ្មី​។

ដោយឡែក​គម្រោង​នេះ​ដែរ​ក៏​ត្រូវ​បាន​បង្កើតឡើង​តាមរយៈ​ការសិក្សា​ស្រាវជ្រាវ​នៅ​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ថ្ងៃទី​ ១៥ ខែ​មករា​នឹង​បន្ត​មក​ដល់​ថ្ងៃ​ទី​ ១៥ ខែ​មីនា​ឆ្នាំ​ ២០១៩ ខាង​មុខ​​នេះ​ដែរ​ដោយសារ​មាន​ការ​គាំទ្រ​ជំនួយ​ពី​ក្រុម​អ្នករបាំ​សហសម័យ​»​។

ដោយឡែក​សិល្បករ​របាំ​សហសម័យ​លោក ជូរី ហ៊ន ដែល​កែច្នៃ និង​ប្រើ​បច្ចេកទេស​របាំ​បែប​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​វប្បធម៌​ខ្មែរ​ឲ្យ​ទៅ​ជា​មធ្យោបាយ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ការលើក​កម្ពស់​ទៅ​ដល់​សហគមន៍​ខ្មែរ​នៅ​អាមេរិក​ផង​ដែរ​។ ម្យ៉ាង​ទម្រង់​សិល្បៈ​ខ្មែរ​ក៏​បាន​រស់រាន​​មាន​ជីវិត​តាមរយៈ​គ្រូរបាំ​ជាច្រើន​ផង​ដែរ​ដូចជា ចរិយា ប៊ឺត , ជ័យ ច័ន្ទកិត្យា និង ឱក ព្រហ្មសុដន្ត្រ ដែល​ពួកគាត់​គឺជា​កម្លាំង និង​ភាពរឹងមាំ​ដ៏ពិតប្រាកដ​របស់​ប្រជាជន​កម្ពុជា​។ លោក ជូរី ហ៊​ន ក៏​ជា​និស្សិត​ម្នាក់​ដែល​ទទួល​បាន​សញ្ញាបត្រ​បរិញ្ញា​របាំ​ពី​សាកលវិទ្យាល័យ Sacramento University ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា សហរដ្ឋ​អាមេរិក​ផង​ដែរ ។

ការចូល​ទស្សនា​របាំ​នេះ​នៅឯ​វិចិត្រសាល សស មាន​ទីតាំង​ស្ថិត​នៅ​ផ្ទះ​លេខ ៤៧ ផ្លូវ​លេខ ៣៥០ (​ជិត​កែង​ផ្លូវ ៩៥)៕