ភ្នំពេញៈ ចំនួន ៣ រាត្រី​ជាប់​គ្នា​គឺ​ចាប់ផ្តើម​ពី​ល្ងាច​ថ្ងៃទី ១៤ ខែ​កុម្ភៈ​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ក្តីស្រឡាញ់​ដល់​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នឹង​មាន​ការសម្តែង​ទម្រង់​របាំ​សហសម័យ​ដោយ​ក្រុម​នាដកា​នៃ​ក្រុម​សិល្បករ​កម្ពុជា​ជំនាន់​ថ្មី ដើម្បី​បង្ហាញ​នូវ​ទម្រង់​សិល្បៈ​របាំ​សហសម័យ​កែច្នៃ និង​ទេពកោសល្យ​របស់​ពួកគេ​នៅ​វិទ្យាស្ថាន​បារាំង​ចូលរួម​ទស្សនា​ដោយ​សេរី​។

លោក ឆន ប៊ុនឈឿន បុគ្គលិក​ផ្នែក​ទំនាក់ទំនង​ព័ត៌មាន​នៃ​វិទ្យាសា្ថន​បារាំង បាន​ឲ្យ​ដឹង​ថា​៖ «​នៅក្នុង​រយៈពេល​សម្តែង​ចំនួន​ ៣ ​ថ្ងៃ​នេះ​ឈុត​ឆាក​នៃ​របាំ​សហសម័យ​ដែល​សម្តែង​តាមរយៈ​កម្មវិធី​របស់​វិទ្យាស្ថាន​បារាំង​បាន​អញ្ជើញ​អ្នក​នាដកា កញ្ញា ជុំវណ្ណ សូដាជីវី ហៅ ប៊ែល និង​អ្នកនាង ហ៊ុន ប៉ែន មកពី​ក្រុម​សិល្បករ​កម្ពុជា​ជំនាន់​ថ្មី​ដែល​មកពី​ខេត្ត​សៀមរាប ខណៈ​ការសម្តែង​ធ្វើ​នៅ​ខាង​ក្រៅ​អគារ​នៃ​ទី​ចំណត​រថយន្ត​របស់​វិទ្យាស្ថាន​»​។

លោក​ ឆន ប៊ុនឈឿន បាន​បន្ត​ឲ្យ​ដឹង​ពី​កម្មវិធី​សំខាន់ៗ​ទាំង​ ៣ ​ថ្ងៃ​នៃ​ការសម្តែង​របាំ​សហ​សម័យ​នោះ​ទៀត​ថា​៖ «​សម្រាប់​ល្ងាច​ថ្ងៃទី​ ១៤ ខែ​កុម្ភៈ នេះ​ក្រុម​នាដកា​នឹង​សម្តែង​របាំ​ដំបូង​មាន​ឈ្មោះ​ថា «​រាត្រី​នៃ​ការផ្លាស់ប្តូរ ឬ​ការលេច​ឡើង​» ដែល​ជា​ឈុត​ឆាក​ផ្លាស់ប្តូរ​យ៉ាង​រហ័ស​។ ការសម្តែង​នេះ​មាន​ឈុត​នៃ​តួអង្គ​អប្សរា​ដែល​មាន​មុខ​ពណ៌​ប្រែ​ទៅ​ជា​មនុស្ស​មាន​សាច់​ស្រស់​ឈាម​ស្រស់​តាម​ចង្វាក់ភ្លេង​ប៉ាស់​ (Bach) ដែល​ទទួល​ឥទ្ធិពល​ពី​សិល្បករ ភីណា (Pina) ជា​ការសម្តែង​ទោល ខណៈ​ការប្រែ​ក្លាយ​នោះ​ត្រូវ​មាន​ការចូលរួម​ពី​សិល្បការិនី​ ២ ​រូប​ផ្សេង​ទៀត​ឲ្យ​ទៅ​ជា​ការសម្តែង​រួមគ្នា​ជា​ត្រីភាគី​។ សម្រាប់​ផ្នែក​ទី ១ ហៅ​ថា​រាត្រី​នៃ​ការផ្លាស់ប្តូរ​ដោយ​បង្ហាញ​ពី​បទពិសោធ​នៃ​ការបាត់បង់ ឈឺចាប់ និង​សម្រស់​នៃ​ភាព​ចាស់ទុំ​។

ទម្រង់​របាំ​សហសម័យ​មួយ​មាន​ឈ្មោះ​ថា​ «BirdGirls»​។ រូបថត វិទ្យាស្ថាន​បារាំង

ចំណែក​ផ្នែក​ទី​ ២ ការលេច​ឡើង​បង្ហាញ​ពី​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​តាមរយៈ​តន្ត្រី សំឡេង និង​របាំ​»​។

ចំពោះ​ការសម្តែង​នៅ​ថ្ងៃទី​ ១៥ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នឹង​សម្តែង​ដោយ​នាដកា ហ៊ុន ប៉ែន នៅ​វេលា​ម៉ោង ៧ យប់ ក្រោម​ប្រធានបទ​មាន​ឈ្មោះថា «​បង្អួច​ខ្មៅ​» និង​យប់​ម៉ោង​ដដែល​នា​ថ្ងៃទី​ ១៦ ខែ​កុម្ភៈ ឆ្នាំ​ ២០១៩ នឹង​មាន​ការសម្តែង​ដោយ​នាដកា ជុំវណ្ណ សូដាជីវី ហៅ ប៊ែល ក្រោម​ប្រធានបទ «​បំណងប្រាថ្នា​ដ៏ល្អ​បំផុត​»​។

លោក ឆន ប៊ុនឈឿន បន្ថែម​ឲ្យ​ដឹង​ពី​អត្ថន័យ​នៃ​ការសម្តែង​នៅ​ ២ ​រាត្រី ចុង​ក្រោយ​ដែរ​ថា​៖ «​បង្អួច​ខ្មៅ គឺជា​ការសម្តែង​ពី​ស្ត្រី​ម្នាក់​ដែល​បាន​ជួបប្រទះ​នូវ​ដំណើរ​ជីវិត​ដ៏ខ្មៅ​ងងឹត​នឹក​ស្មាន​មិន​ដល់​ក្រោយ​ពេល​រៀបការ​។ ភាពខ្មៅ​ងងឹត​នេះ​ជា​អំពើ​ហិង្សា ការ​គាបសង្កត់​ទាំង​ផ្លូវកាយ និង​ចិត្ត​។ ខណៈ​ការសម្តែង​បំណង​ប្រាថ្នា​ដ៏ល្អ​បំផុត​វិញ​ថ្លែង​ពី​ដំណើរ ឬ​ពេលវេលា​ត្រឡប់​ទៅ​ក្រោយ​វិញ​នៅក្នុង​ការចងចាំ​ដ៏មាន​តម្លៃ​របស់​កញ្ញា ប៊ែល​។ ប៉ុន្តែ​វា​ក៏​ជា​ការនិយាយ​បង្ហាញ​អំពី​កំណើត​នៃ​ជីវិត និង​ការស្លាប់​ផង​ដែរ​»៕