ភ្នំពេញៈ បណ្តុំ​រូបថត​ស្តីពី​តំបន់កោះ​មួយ ដែល​រងគ្រោះ​ដោយ​បម្រែ​បម្រួល​នៃ​អាកាស​ធាតុ ជា​ស្នាដៃ​របស់​សិល្បករ​ថត​រូប​ដ៏​ចំណាន ជន​ជាតិ​កូរ៉េខាងត្បូង គឺ​លោក លី ដាសុង នឹង​បង្ហាញ​ជា​សាធា​រណៈ នៅ​តាម​របង​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ថ្ងៃ​បើក​សម្ពោធ​មហោ​ស្រព​រូបថត​ភ្នំពេញ​លើក​ទី ៩ នៅ​ថ្ងៃ​ទី ៥ ខែ​តុលា ឆ្នាំ ២០១៨ ខាង​មុខ​នេះ​ហើយ។

រូបថត​ដែលមាន​រូប​ក្មេងប្រុស​ស្រី​ឈរ​នៅលើ​ដុំ​ដី​ច្រាំង និង​កំណាត់​ដើម​ដូង​មាន​ថ្លុក​ទឹក​ដក់​សល់​តិចៗ​នោះ​ត្រូវ​បាន​សិល្បករ​កូរ៉េខាងត្បូង លោក លី ដាសុង ដាក់​ចំណង​ជើង​ថា «នៅ​លើ​ច្រាំង​នៃ​កោះ​ដែល​បាត់បង់» មាន​ឈ្មោះ​ថា កោះ​ហ្គោរ៉ាម៉ារ៉ា មាន​ទីតាំង​ស្ថិត​នៅ​ដែនដី​សណ្ត​នៃ​តំបន់​ខេត្ត​វេស​បេងហ្គាល់ នៃ​ប្រទេស​ឥណ្ឌា។

ក្មេងប្រុស​នៅ​កោះ​ហ្គោរ៉ាម៉ារ៉ា ដែលបាត់បង់​នៅ​ឆ្នាំ​ ១៩៨០។ Daesung Lee​

លោក លី ដា​សុង បាន​ឲ្យ​ដឹងថា៖ «ដោយសារតែ​បម្រែបម្រួល​អាកាស​ធាតុ​បាន​ធ្វើ​ឲ្យ​កោះ ១ រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដែល​បណ្ដាល​ឲ្យ​កម្រិត​ទឹក​សមុទ្រ​កើន​ឡើង។ ចាប់​តាំង​ពី​ឆ្នាំ ១៩៨០ ជាង​ពាក់​កណ្តាល​នៃ​ផ្ទៃ​កោះ​នេះ ត្រូវ​បាន​បាត់បង់​ដោយ​ការ​ធ្លាក់​ចូល​ទៅ​ក្នុង​សមុទ្រ។ ខ្ញុំ​នៅ​ជាមួយ​អ្នក​ភូមិ​នៅ​លើ​ឆ្នេរ​សមុទ្រ និង​បាន​ថត​រូប​របស់​ពួកគេ​ជាមួយ នឹង​សម្រស់​នៃ​កោះ​ដែល​បាន​បាត់បង់​ហើយ​ធ្វើ​ឲ្យ​រូប​ទាំង​នោះ​មើល​ទៅ​មិន​គួរ​ឲ្យ​ជឿ។ តែ​វា​ជា​ស្ថានភាព​ពិត ដែល​មនុស្ស​ធ្លាប់​រស់​នៅ។ ថ្ងៃ​មួយ​ពេល​ដែល​មនុស្ស​ទាំង​នោះ​​មិន​មាន​ជម្រើស​ពួកគេ​ក៏​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ស្រុក​កំណើត​ហើយ​កោះ​ដែល​ជាទី​កំណើត​ពួកគេ​នេះ​នឹង​មាន​តែ​ក្នុង​ការ​ចង​ចាំ​ប៉ុណ្ណោះ។

លោក លី ដា​សុង កើត​នៅក្នុង​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េខាងត្បូង ហើយ​លោក​រស់នៅ និង​ធ្វើការ​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ផ្នែក​ថតរូប​ពី​ទីក្រុង​សេអ៊ូល លោក​បាន​ចាប់​ផ្តើម​មាន​គំនិត​ផ្តួចផ្តើម​ធ្វើការ​ជា​អ្នក​ថតរូប​ពាណិជ្ជកម្ម។ ការងារ​របស់​លោក​គឺ​ធ្វើការ​វិភាគ​ពី​ផល​ប៉ះពាល់​នៃ​សកល​ភាវូប​នីយកម្ម​ទៅ​លើ​មនុស្ស និង​ទៅ​លើ​ធម្មជាតិ៕