ភ្នំពេញៈ មិន​ត្រឹមតែ​មានការ​ថយចុះ​ជា​លំដាប់​នៃ​សិស្សានុសិស្ស​ខ្មែរ​ចូល​រៀន​សិល្បៈ​សៀក​ទេ សូម្បី​តែ​ចំនួន​អ្នក​ទស្សនា​ក៏​មិន​សម្បូរ​ដែរ ទើប សាលា​មធ្យម​វិចិត្រ​សិល្បៈ បាន​រៀបចំ​ឲ្យ​មាន​ការ​សម្តែង​សៀក​ចែក​ជូន​មហាជន​ចូល​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​នា ព្រឹក​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ។

ស្ថិតក្នុង​រោង​សៀក ទល់មុខ​រដ្ឋសភាជាតិ ដែល​អាច​ផ្ទុក​នូវ​អ្នកទស្សនា​បាន ១ ពាន់​នាក់ ការ​សម្តែង​សៀក​ខ្មែរ ជាការ​សម្តែង​នៃ​ក្រុម​សិល្បករ-សិល្ប-ការិនី ជា​សិស្សា​នុសិស្ស និង​និស្សិត​នៃ​សាលា​មធ្យម​វិចិត្រ​សិល្បៈ នៅ​ថ្ងៃ​សៅរ៍ ទី ១៤ ខែ កក្កដា ឆ្នាំ ២០១៨ វេលា​ម៉ោង ៩ ព្រឹក។

ក្រុម​សម្តែង​សិល្បៈ​សៀក​របស់​សិស្សានុសិស្ស​សាលាមធ្យមវិចិត្រសិល្បៈ​​។ ហ្វេសប៊ុក​

លោកស្រី ភោគ ណារិន ជា​ប្រធាន​ក្រុម​នៃ​សាលា​សៀក​បង្ហើប​ឲ្យ​ដឹងថា៖ «ក្រុម​អ្នកសម្តែង​ទាំង​សិស្ស​ប្រុស​ស្រី និង​មាន​វ័យ​ចម្រុះ ហើយ​ក៏​មាន​ការ​សម្តែង​ចំនួន ១៧ នាក់ ហើយ​ពួក​គាត់​សម្តែង​ចំនួន ១០ ឈុត​ឆាក (Show) »។

ប្រធាន​ក្រុម​សាលា​សៀក ក៏​បន្ត​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការរៀបចំ​សម្តែង​សៀក​ឲ្យ​ចូល​ទស្សនា​ដោយ​សេរី​នេះ​ថា៖ «គោល​បំណង​គឺ​ចង់​ផ្សព្វផ្សាយ ពី​ទម្រង់​វប្បធម៌​ខ្មែរ​មួយ​នេះ ដែល​កំពុង​តែ​បង្ហាញ​ដល់​អ្នក​ទស្សនា​ជំនាន់​ក្រោយ​មិន​សូវ​បាន​ស្គាល់ និង​មិន​សម្បូរ​សិស្ស​ចូលរៀន​ជំនាញ​នេះ​ឡើយ ហើយ​ក៏​ចង់​ពញ្ញាក់ ការ​ចាប់​អារម្មណ៍​ដល់​សិស្ស សម្រាប់​ឆ្នាំ​សិក្សា​ថ្មី នឹង​ចូល​រៀន​នៅ​ខែ​កញ្ញា ខាងមុខ​នេះ ក៏មាន​ការ​បារម្ភ​ពី​ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​ផង​ដែរ»។

ទាក់ទិន​នឹង​ភាពមិន​សូវ​ផុសផុល​ទស្សនា​ការសម្ដែង​សៀក និង​ខ្សត់​សិស្ស​ចូលរៀន​ជំនាញ​សៀក នាយិកា​ក្រុម​សម្ដែង​សៀក​រូបនេះ​ក៏បាន​បញ្ជាក់​ថា៖ «ទំនោរ​ចិត្ត​កម្សាន្ត​អារម្មណ៍​ប្រជាជន​ខ្មែរ​ភាគ​ច្រើន​ហាក់​ដូចជា​ពុំ​សូវ​បាន​ចាប់​អារម្មណ៍​មើល​សិល្បៈ​សម្តែង​សៀក​នេះ​ឡើយ​គឺ​ការ​យល់​ដឹង​ពួក​គាត់​នៅ​មាន​កម្រិត ឬ​ពុំ​សូវ​ជ្រួត​ជ្រាប​ថា ការ​រួម​ចំណែក​លើក​ទឹកចិត្ត​មួយ​ដល់​អ្នក​សម្តែង​ក៏​ដូចជា​លើក​តម្កើង​នូវ​សិល្បៈ​វប្បធម៌​ជាតិ​ខ្លួន​ផង​ដែរ»។

លោកស្រី ភោគ ណារិន លើក​បន្តថា៖ «មាន​ប្រជាជន​ខ្មែរ​យើង​ខ្លះ​គាត់​ហាក់​ដូចជា​នៅ​មាន​ភាព​ស្រពេច​ស្រពិល​នៅ​ឡើយ​ចំពោះ​សិល្បៈ​សៀក​នេះ ដោយ​ពួកគាត់​ចោទ​សួរថា សិល្បៈ​សៀក​ខ្មែរ​យើង​មាន​ដែរ?

ខណៈ​ក្រុម​យុវវ័យ​ខ្មែរ​សម័យ​ឥឡូវ​វិញ​មិនសូវ​ជា​ចូលចិត្ត​សិល្បៈ​បែបនេះ​ទេ តែបើ​សិល្បៈ​បរទេស​មាន​កូរ៉េ​ជាដើម​នោះ​ពួកគេ​ចូលចិត្ត​ច្រើន​ជាង។​ដោយ​ឡែក​សិល្បៈ​សៀក​នេះ​ជា​របស់​ខ្មែរ​ពិតៗ​មិន​មែន​របស់​បរទេស​ឡើយ ព្រោះ​យើង​មាន​ភ័ស្តុតាង​ស្រាប់​នៅ​លើ​ផ្ទាំង​ជញ្ជាំង​ប្រាសាទ​បាយ័ន ខណៈ​សិល្បៈ​សៀក​មាន​លក្ខណៈ​បច្ចេកទេស​សកល»៕