សៀមរាប: ស្នាដៃស្ថាបត្យកម្មរបស់លោក វណ្ណ មូលីវណ្ណ ដែលស្គាល់ថា «ស្ថាបត្យកម្មខ្មែរសម័យថ្មី» ត្រូវបានតាំងបង្ហាញជាសាធារណៈនៅសណ្ឋាគារ Treeline ក្នុងទីក្រុងសៀមរាប ដើម្បីរំឭកដល់ស្ថាបត្យករឆ្នើមលោក វណ្ណ មូលីវណ្ណ តាមរយៈស្នាដៃច្នៃប្រឌិតឆ្លុះបញ្ចាំងពីស្ថាបត្យកម្មអេកូឡូស៊ីទំនើប។
លោក កាំង ហុក ម្ចាស់សណ្ឋាគារ Treeline ដែលរៀបចំពិព័រណ៍នេះបានឲ្យដឹងថា៖ «ខ្ញុំចង់រំឭកដល់ស្នាដៃរបស់លោក វណ្ណ មូលីវណ្ណ ជានិមិត្តរូបដ៏អស្ចារ្យបំផុតរបស់កម្ពុជា។ វាជាកិត្តិយស និងការដឹងគុណដ៏ធំធេងរបស់យើងដោយបានធ្វើជាម្ចាស់ផ្ទះពិព័រណ៍ «ការរៀនសូត្រពីអតីតកាល» នេះ។
លោក ហុក អាយុ ៣៦ ឆ្នាំដែលជាម្ចាស់ក្រុមហ៊ុន Hok Kang Architects (HKA) បង្កើតឡើងក្នុងឆ្នាំ ២០០៩ និងហាងកាហ្វេ Brown Cafe ជាច្រើនសាខាទៀតមានបំណងប្រើពិព័រណ៍នេះជាមូលដ្ឋាននៃការសិក្សារបស់ស្ថាបត្យករខ្មែរជំនាន់ក្រោយ។
កីឡដ្ឋានជាតិអូឡាំពិកគម្រោងអគារមាត់ទន្លេបាសាក់ វិទ្យាស្ថានភាសាបរទេសផ្ទះបូរី ១០០ ខ្នង សាលពិព័រណ៍ មហោស្រពជាតិព្រះសុរាម្រិត រោងចក្រ SKD វិមានរដ្ឋចំការមន និងគំរូជញ្ជាំងស្លាបព្រិល ចំណោមស្នាដៃ ២៩ ទៀតបង្ហាញក្នុងផែនទីទីក្រុងភ្នំពេញរបស់លោក វណ្ណ មូលីវណ្ណ។
ពិព័រណ៍ «រៀនពីអតីតកាល៖ គម្រោងស្ថាបត្យកម្ម វណ្ណ មូលីវណ្ណ» បង្ហាញគំរូអគារតំណាង ៨ ជាមួយគំរូជញ្ជាំងស្លាបព្រិលព្រមទាំងរូបថត គំនូរប្លង់ នៅវិចិត្រសាលលំហនៃសណ្ឋាគារ Treeline ចាប់ពីថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃ ៣០ ខែមិថុនា ឆ្នាំ ២០១៩។
ប្រធានបទស្ដីពីបច្ចេកទេសនៃការសាងសង់ផ្ដោតលើ «ស្ថាបត្យកម្មអេកូឡូស៊ីខ្មែរដ៏ពិតប្រាកដ» និងការប្រើប្រាស់សម្ភារបែបទាន់សម័យ។ អគាររបស់លោកសម្របទៅតាមបរិស្ថានយ៉ាងល្អប្រសើរជាមួយការប្រើប្រាស់ទឹក ពន្លឺ និងខ្យល់ចេញចូលបែបធម្មជាតិ។ ទាំងនេះទាក់ទាញស្ថាបត្យករជំនាន់ក្រោយឲ្យច្នៃបង្កើតស្ថាបត្យកម្មបែបសហសម័យដើម្បីបំពេញតម្រូវការស្របតាមស្ថានភាព អាកាសធាតុ និងវប្បធម៌។
លោក វណ្ណ មូលីវណ្ណ ប្រសូតក្នុងឆ្នាំ ១៩២៦ និងរស់នៅក្នុងខេត្ដកំពត។ លោកទទួលអាហារូបករណ៍សិក្សាផ្នែកស្ថាបត្យកម្មនៅសាលាវិចិត្រសិល្បៈ (École Nationale Supérieure des Beaux Arts) ក្នុងទីក្រុងប៉ារីស។ ក្រោយបញ្ចប់ការសិក្សាឆ្នាំ ១៩៥១ លោកបានបង្កើតប្រវត្ដិសាស្ត្រក្នុងនាមជាស្ថាបត្យករដែលត្រូវបានផ្ដល់រហស្សនាមថា «បុរសដែលកសាងកម្ពុជា»។
លោក កាំង ហុក បន្ដថា៖ «ពេលភ្ញៀវដើរទស្សនាគំរូស្នាដៃទាំងនេះពួកគេហាក់បីដូចជាកំពុងវិលត្រឡប់ទៅកាន់សង្គមរាស្ដ្រនិយម ខណៈកេរដំណែលស្នាដៃរបស់លោកនៅតែបន្ដរស់រវើក។ នេះជាវេលាចុងក្រោយដែលមហាជនបានឃើញស្នាដៃលោក មុនពេលវាត្រូវបានយកទៅរៀបចំនៅសារមន្ទីរ M+ ក្រុងហុងកុង»។
ផ្ដោតលើទស្សនៈគិតគូរដល់ស្ថានភាព វប្បធម៌ ប្រពៃណី និងសម្បូរកេរដំណែលបេតិកភណ្ឌដែលលោកបានប្រាប់ទស្សនាវដ្ដីមុនពេលបញ្ចប់ការសិក្សាឆ្នាំ ២០០៩ ស្ដីពីស្ថាបត្យកម្ម និងសហគ្រាសពីសាកលវិទ្យាល័យវ៉ាស៊ីនតោន លោក កាំង ហុក មិនត្រឹមតែជាម្ចាស់ តែក៏ជាអ្នកឌីហ្សាញ និងសាងសង់សណ្ឋាគារ Treeline ដែលរំលេចទៅដោយស្នាដៃសិល្បៈបុរាណខ្មែរផងដែរ។
លោក ហុក បន្ដថា៖ «សណ្ឋាគារនេះជាទីជំនួបរវាងអ្នកសិល្បៈ និងឌីហ្សាញដែលអាចរៀបចំស្នាដៃដ៏មានទេពកោសល្យរបស់ពួកគេ»។
យោងតាម ម៉ឹង មេតា ជាបណ្ណារក្សសិល្បៈបាននិយាយថាភ្ញៀវដែលមកទស្សនាពិព័រណ៍ Treeline នេះត្រូវបានស្នើឲ្យដើរទស្សនាគំរូស្ថាបត្យកម្ម គំនូរ រូបថត ផ្ទាំងព័ត៌មាន និងផែនទីនានា ខណៈពិព័រណ៍ក្រុងសៀមរាបនេះឧទ្ទិសដល់ស្ថាបត្យករជើងចាស់លោក វណ្ណ មូលីវណ្ណ ដែលបានចែកឋានក្នុងក្រុងសៀមរាបកាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៧។
លោក ឈិន ឈនវិសុទ្ធ ជាបុគ្គលិក និងជាមគ្គុទេសក៍វិចិត្រសាលលំហ Treeline ឲ្យដឹងថាការបើកសម្ពោធប៉ុន្មានថ្ងៃនេះលោកសម្គាល់ឃើញមានទាំងភ្ញៀវជាតិ និងអន្ដរជាតិ។
លោកនិយាយថា៖ «ភ្ញៀវជាតិភាគច្រើនពួកគាត់គឺជាអ្នកសិល្បៈ និងនិស្សិតរៀនផ្នែកស្ថាបត្យកម្ម»។
ពិព័រណ៍ «រៀនពីអតីតកាល៖ គម្រោងវណ្ណ មូលីវណ្ណ» បន្ដស្វាគមន៍មហាជនចាប់ពីថ្ងៃទី ៧ ខែមេសា ដល់ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០១៩ នៅវិចិត្រសាលលំហនៃសណ្ឋាគារ Treeline លើវិថីអាចារ្យស្វា ភូមិវត្ដបូរ។ សម្រាប់ព័ត៌មានបន្ថែមចូរទៅកាន់សណ្ឋាគារ Treeline ០៦៣ ៩៦១ ២៣៤៕