The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទារក​ភ្លោះ​ដំបូង​បង្ក​កំណើត​នៅក្នុង​កែវ​ប្រសូត​នៅ​កម្ពុជា




ទារក​ភ្លោះ​ដំបូង​បង្ក​កំណើត​នៅក្នុង​កែវ​ប្រសូត​នៅ​កម្ពុជា

Content image - Phnom Penh Post
លោក ម៉ឹក គន្ធា និង​ភរិយា ភួង ចាន់ណាវី ជាឪពុក​ម្តាយ​របស់​ទារកភ្លោះ​ដែល​បង្កកំណើត​នៅក្នុងកែវ។ រូប សហការី

ទារក​ភ្លោះ​ដំបូង​បង្ក​កំណើត​នៅក្នុង​កែវ​ប្រសូត​នៅ​កម្ពុជា

ស្វាយរៀងៈ អាន ឧត្តម និង អាន ឧត្តុង្គ​ គឺ​ជា​ឈ្មោះរបស់​ទារកភ្លោះ​​ដែល​ទើបនឹងចាប់​កំណើត​កាល​ថ្ងៃទី ១៦ ខែ​វិច្ឆិកាឆ្នាំ ២០១៥​ និង​ជាពន្លឺ​នៃ​ក្តី​សង្ឃឹម​ដ៏កក់ក្តៅ​មួយ​នៃ​ប្តីប្រពន្ធ​ រស់​នៅ​ខេត្ត​ស្វាយរៀង​ បន្ទាប់​ពីបាន​ទទួល​នូវសេវាបង្ក​កំណើតនៅ​​ក្នុង​កែវមក​ ខណៈ​ពួកគេ​បាន​រៀបការ ៧ ឆ្នាំហើយ​ពុំ​មានកូន​ដូច​​បំណង​ប្រាថ្នា​។

គូ​ស្វាមី​ភរិយា​ ដែល​ទើប​មាន​បុត្រាភ្លោះ​តាមក្តី​បំណងនោះ​មាន​ឪពុក​ឈ្មោះថា​ម៉ឹក គន្ធា មាន​វ័យ ៣៤ ឆ្នាំ​ គឺ​ជា​បុគ្គលិក​ពេទ្យ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ជីភូ​ និងម្តាយឈ្មោះ ភួង ចាន់ណាវី វ័យ ២៥ ឆ្នាំ ជា​អាជីវ​ករលក់​ដូរ​នៅ​ផ្ទះ ស្ថិត​​ក្នុង​ភូមិ​កំពក​ជ្រូក សង្កាត់ព្រៃអង្គញ​បាវិត ខេត្ត​ស្វាយរៀង ខណៈ​​ពួកគេបាន​រៀបការ​នៅឆ្នាំ ២០០៩។

ជាមួយ​នឹង​អារម្មណ៍​ត្រេក​អរ​យ៉ាង​ក្រៃលែង ដោយ​ខ្លួនទើបសម្រាល​បាន​បុត្រា​ភ្លោះ​​គួរ​ឲ្យ​ស្រឡាញ់​នោះ អ្នកម្តាយ​ ភួង ចាន់ណាវី បាន​រៀបរាប់​ឲ្យដឹង​ពីមូលហេតុ​នៃ​ការ​ពិបាក​មាន​កូន​របស់​គ្រួសារ​ខ្លួនថា៖ «ភាព​អស់សង្ឃឹមទៅ​នឹង​ផលលំបាក​មាន​កូននៃអាពាហ៍ពិពាហ៍​យើង​គឺ​បាន​បន្លាយ​អស់​រយៈពេល ៧ ឆ្នាំ។​ បន្ទាប់​ពី​​ធ្លាប់​បានទៅ​រក​សេវាកម្ម​ព្យាបាល​នៅ​ប្រទេស​វៀត​ណាម​ច្រើ​ន​លើក និង​ចំណាយប្រាក់​អស់​ក៏​ច្រើន​មក​នោះ ប្តី​ប្រពន្ធ​ពួក​យើងក៏សម្រេច​ចិត្ត​ទៅ​ទទួល​យក​នូវ​ការ​ពិគ្រោះ​ និងការប្រឹក្សា​នៅឯ​​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា​នៅរាជធានី​​ភ្នំពេញវិញ​ម្ដង​។ ពេល​បាន​មក​ពិគ្រោះ​ជាមួយ​វេជ្ជ​បណ្ឌិតមក​ ឃើញ​ថា ស្វាមី​នាង​ខ្ញុំ​គាត់មានបញ្ហា​ខ្សោយ​មេជីវិត​ ដូច្នេះ​យើង​ក៏​សម្រេចចិត្តយក​សេវា​​បង្ក​កំណើត​​ក្នុង​កែវតាម​ការណែនាំ​»។

Content image - Phnom Penh Post
បន្ទប់​ពិសោធន៍​ដ៏​ទំនើប​របស់​មន្ទីរ​សម្រាក​ព្យាបាល​កម្ពុជា។ រូប សហការី

គួរ​បញ្ជាក់​ថា​តាមរយៈ​ឡាបូ​ដ៏​ទំនើប​នៃការ​បង្ក​កំណើត​ក្នុង​កែវ​ គឺ​អាច​មាន​លទ្ធភាព​ជ្រើសរើស​ភេទ​កូន ការ​ពិនិត្យ​ហ្ស៊ែន​របស់​កូនដើម្បីចៀស​វាងនូវ​ជំងឺ​តំណ​ពូជ អាច​រក្សា​ទុក​មេ​ជីវិតឈ្មោល ឬ​រក្សា​មេ​ជីវិត​ញី និង​កោសិកា​​កូនផង​ដែរ​ ដោយ​នេះ​គឺ​ជា​បច្ចេក​វិទ្យា​ដ៏​ទំនើប​ចុង​ក្រោយ​នៃពិភពលោក ហើយ​ក៏​គួរ​ជា​ទី​​ជាមោទន​ភាព និង​មុខមាត់​​របស់​ប្រទេស​កម្ពុជា​យើង​ដែរ ដោយ​ពុំដែលធ្លាប់​មានទេ​កាល​ពី​មុន​មក សម្រាប់​ការជួយសម្រួល​ទៅ​ដល់​គូស្វាមី​ទាំង​ឡាយ​ ដែល​បានជួប​បញ្ហា​លំបាក​មាន​កូនគ្រប់​កម្រិត។​

អ្នកម្តាយទារក​ភ្លោះ​ខាងលើ​បាន​បន្ត​ឲ្យ​ដឹង​ថា៖ «សម្រាប់​គ្រួសារ​នាង​ខ្ញុំ គ្រូពេទ្យ​បាន​ជ្រើស​រើសនូវមេជីវិត​​ ដែល​មាន​សុខភាព​ល្អៗ​ចំនួន ៨​។ លើកដំបូង​យើង​សម្រេច​ប្រើនូវ​មេជីវិត​មួយ តែ​មិនសម្រេច​​។ ក្រោយ​​មក​យើង​ក៏​សម្រេច​យក​មេជីវិតពីរ​ សំណាង​ល្អ​យើង​ក៏បាន​កូន​ភ្លោះ​ដូច​ជា​ពេល​នេះ​អ៊ីចឹងតែ​ម្តង។ ខ្ញុំ​សប្បាយ​​ចិត្ត​ខ្លាំង​ណាស់​ពេល​បានដឹងថា ខ្លួនឯង​​អាច​មាន​កូន​បាន​តាម​បំណងប្រាថ្នានោះ ទោះបី​ជា​កូន​ភ្លោះ​ដែល​ត្រូវ​ប្រឈមនឹង​ការ​ថែទាំ​យ៉ាងណាក្តី»។

មាន​រយៈពេល ១ ឆ្នាំ​ហើយ​​នៃ​កា​របើក​ឲ្យ​ដំណើរ​ការ​​របស់​មន្ទីរ​សម្រាកព្យាបាល​កម្ពុជា ចាប់​ពី​ថ្ងៃទី ១៨​ កញ្ញា ២០១៤​ ដល់​ថ្ងៃ​ទី ១៨ ខែ​កញ្ញា​ ២០១៥​ មាន​សេវាបង្កកំណើត​កូន​ក្នុង​កែវ​ គឺ​លទ្ធផល​នៃ​ឡាបូ​នេះ​ដូចគ្នា​ទៅ​​នឹង​​លទ្ធ​ផលនៅ​ប្រទេស​អភិវឌ្ឍន៍​ដូច​ជានៅឯសហរដ្ឋ​អាមេរិក និង​អឺរ៉ុប​ដែរ។ ​

​ពេល​នេះ​មាន​ចំនួន​គូ​ស្វាមី​ភរិយា ១៦៥ គូ មាន​ផ្ទៃពោះ​ដូច​បំណង និង​បាន​សម្រាល​កូន​ជា​បន្តបន្ទាប់។នេះ​បើ​យោង​ទៅ​តាម​ទិន្នន័យ​រៀប​រាប់​របស់លោក​ ហោ សំណាង នាយក​គ្រប់​គ្រង​របស់​មន្ទីរសម្រាក​ព្យាបាល​កម្ពុជា​ ដែល​មាន​ទី​តាំង​ស្ថិត​នៅជាប់​នឹង​របង​សាលា​បឋម​សិក្សា​ដូនពេញ​៕

អត្ថបទគួរចាប់អារម្មណ៍