ក្រុងសៅប៉ូឡូ: ក្រុមរដ្ឋអាជ្ញា បានឲ្យដឹងកាលពីសប្ដាហ៍មុនថា ទារិកាទើបប្រសូតក្នុងប្រទេសប្រេស៊ីលបានរួចផុតគ្រោះថ្នាក់ដល់ជីវិតក្រោយពីក្រុមគ្រួសារបានកប់ទាំងរស់រយៈពេល ៧ម៉ោង។
គិលានុបដ្ឋាកយិកាម្នាក់បានជូនដំណឹងដល់អាជ្ញាធរពីការប្រទះឃើញទារិការូបនេះត្រូវបានកប់ក្រោយពីប្រសូតមិនយូរប៉ុន្មាន ក្នុងឧទ្យានជាតិស៊ីងហ្គូ ក្នុងរដ្ឋម៉ាតូ ហ្រ្គូសសូ ដែលជាតំបន់របស់ប្រជាជនកុលសម្ព័ន្ធប្រេស៊ីលជាច្រើន។
ប៉ូលិស បានបញ្ចេញវីដេអូឃ្លីបមួយបង្ហាញរូបភាពក្រុមមន្ដ្រីជីកខ្សាច់ក្នុងរណ្ដៅរាក់នាពេលរាត្រី រួចទាញទារិកាអាក្រាតដោយជាប់ទាំងទងសុកនៅជាប់ខ្លួននៅឡើយ។
រដ្ឋអាជ្ញា ប៉ូឡូ រ៉ូបែតូ ដូប្រាដូ បាននិយាយថា ជីទូតរបស់ទារិកាកម្សត់នេះ ដែលជាសមាជិកកុលសម្ព័ន្ធ កាម៉ាយូរ៉ា ត្រូវបានឃុំខ្លួន។
លោក ដូប្រាដូ បាននិយាយថា៖ «ទោះបីជាស្ថិតនៅក្នុងដីរហូត ៧ ម៉ោង ព័ត៌មានដែលយើងទទួលបានគឺថា ទារិកានេះមានសុខភាពល្អធម្មតា»។
ទារិកាត្រូវបាននាំយកទៅកាន់ក្រុង Cuiaba រដ្ឋ ម៉ាតូ ហ្រ្គូសសូ ដើម្បីថែទាំក្នុងកែវ។ ប៉ូលិសរដ្ឋបាននិយាយថា៖ «ដោយសារឪពុកបដិសេធមិនទទួលស្គាល់ទារិកាអភ័ព្វ និងម្ដាយអាយុទើប ១៥ ឆ្នាំ រឿងនេះមានមន្ទិលសង្ស័យជាច្រើន ដែលពួកគេព្យាយាមសម្លាប់ទារក»៕