ក្រុងអ័ករ៉ុនៈ ទារិកាភ្លោះដ៏កម្របានកាន់ដៃគ្នាជាប់ខណៈពេលប្រសូតចេញពីផ្ទៃ ម្តាយនៅរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិកនៅថ្ងៃអាទិត្យកន្លងទៅនេះចំថ្ងៃបុណ្យអ្នកម្តាយតែ ម្ដង។
ស្រ្តីជាម្ដាយវ័យ៣២ឆ្នាំឈ្មោះ សារ៉ាធីសលេតវៃត៍ បាននិយាយថា៖ «កូនខ្ញុំកើតមកកាន់ដៃគ្នាយ៉ាងស្អិតល្មួត។ វាពិតជាអស្ចារ្យខ្លាំងណាស់»។
ទារិកាភ្លោះមួយគូនេះដូចគ្នាបេះបិទ ហើយពេលនៅក្នុងផ្ទៃពួកគេស្ថិតនៅក្នុងស្រោម និងបឺតជីវជាតិពីសុកតែមួយ។ កូនភ្លោះប្រភេទនេះពិតជាកម្រណាស់ ពោលគឺអត្រាកំណើតប្រមាណ១ក្នុងចំណោមការពពោះ១ម៉ឺននាក់។ ការពពោះកូនភ្លោះប្រភេទនេះក៏ប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ដែរ។ ដោយឡែកទារិកាភ្លោះខាងលើបានកាន់ដៃគ្នាចេញពីផ្ទៃមាតាដោយ សុវត្ថិភាពនៅមន្ទីរពេទ្យក្រុងអ័ករ៉ុន។
ទារិកាទីមួយឈ្មោះ ចេនណា មានទម្ងន់១,៨៧គីឡូក្រាមមានប្រវែង៤៣សង់ទីម៉ែត្រ រីឯទារិកាទីពីរឈ្មោះជីលៀន កើតក្រោយគ្នា៤៨វិនាទីមានទម្ងន់១,៧គីឡូក្រាម និងមានប្រវែង៤៤,៤៥ សង់ទីម៉ែត្រ៕