ភ្នំពេញ: ជា​អ្នក​រស់នៅ​ក្នុង​តំបន់​សំណង់​អនាធិបតេយ្យ​បឹងកក់ គ្រូបង្វឹក​បាល់ទាត់​វ័យក្មេង​បង្កើត​គម្រោង​មនុស្សធម៌ Play To Progress បំណង​នាំ​យក​កីឡា​បាល់ទាត់ កីឡា​ផ្សេងៗ និង​សកម្មភាព​កម្សាន្ដ​សប្បាយ​ដើម្បី​ផ្សព្វផ្សាយ​ចំណេះដឹង​សង្គម​ដល់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​។

Play To Progress គឺជា​គំនិត​ផ្ដួចផ្ដើម​របស់​យុវជន​វ័យ ២៣ ឆ្នាំ​ដែល​ធំធាត់​ជាមួយ​ចំណេះដឹង​តិចតួច​ក៏​ដូចជា​ទស្សនវិស័យ​ស្ដួចស្ដើង​ក្នុង​សហគមន៍​ក្រីក្រ​បំផុត​នៃ​រាជធានី​ភ្នំពេញ​។ ដោយ​មាន​ក្ដី​ស្រឡាញ់​បាល់ទាត់ និង​ការគាំទ្រ​ពី​អង្គការ​នានា​យុវជន ទិត្យ សុវណ្ណារ៉ា ទទួល​បាន​វិញ្ញាបនបត្រ​គ្រូ​បង្គោល​កម្រិត C ពី​សហព័ន្ធ​បាល់ទាត់​អាស៊ី​ (AFC) ​ហើយ​លោក​តបស្នង​នឹង​ជំនួយ​ដោយ​ការផ្ទេរ​ចំណេះដឹង​ដល់​កុមារ​ក្នុង​សហគមន៍​ក្រីក្រ​ទូទាំង​ប្រទេស​។

ទោះបី​គម្រោង​នេះ​ទើប​បង្កើត​ឡើង​ ១ ​ឆ្នាំ​ពី​ប្រាក់​ក្នុង​ហោប៉ៅ​ដ៏តិចតួច​ស្ដួចស្ដើង​ក្ដី​ក៏​ពេល​នេះ​បេសកកម្ម​របស់​លោក​បាន​ទៅ​ដល់ ៨ ខេត្ដ​មុន​ពេល​ដំណើរការ​រៃអង្គាសប្រាក់ និង​ស្នើសុំ​ចុះបញ្ជី​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជា​ផ្លូវការ​។

លោក សុវណ្ណារ៉ា បាន​និយាយ​ថា​៖ «​បច្ចុប្បន្ន​ខ្ញុំ​ធ្វើការ​ជាមួយ​សហគមន៍​នានា​ចំនួន ៨ ខេត្ដ-ក្រុង រួមមាន​ខេត្ដ​កំពង់ស្ពឺ កំពត តាកែវ ស្វាយរៀង កណ្ដាល បន្ទាយមានជ័យ សៀមរាប និង​ភ្នំពេញ ហើយ​ខេត្ដ​ខ្លះ ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​លើស​ពី​ម្ដង ។ ខ្ញុំ​គ្រោង​ចុះ​ទៅ​កាន់​សហគមន៍​បាន​ចំនួន​ ១២ ​ខេត្ដ​ទើប​ចាប់ផ្ដើម​បន្ដ​នីតិវិធី​សុំ​ចុះបញ្ជី​អង្គការ​»​។

លោក​បន្ដ​ថា​៖ «​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​កាន់​កំពង់ស្ពឺ​ច្រើន​លើក​ជាងគេ ពីព្រោះ​វា​មិន​សូវ​ឆ្ងាយ​ពី​ផ្ទះ​។ ខ្ញុំ​អាច​ជិះ​ម៉ូតូ​ផ្ទាល់​ខ្លួន ហើយ​បើ​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ ​ខ្ញុំ​ត្រូវ​ជិះ​រថយន្ដឈ្នួល និង​ជួល​រ៉ឺម៉ក ប្រសិន​បើ​មាន​ជំនួយ​សម្ភារ​​សិក្សា​ផ្សេងៗ​ជូន​សិស្ស​តាម​សហគមន៍​»​។

លោក​រំពឹង​នឹង​ប្រើ​បាល់ទាត់​ជា​ឧបករណ៍​អប់រំ​អំពី​បញ្ហា​សង្គម និង​ការរស់នៅ​ប្រចាំថ្ងៃ​។ រូបថត សហការី

ដំណើរ​បង្កើត​គម្រោង Play To Progress ចាប់ផ្ដើម​ពី​ខែ​មីនា​ឆ្នាំ​ ២០១២ ពេល​យុវជន សុវណ្ណារ៉ា អាយុ​ ១៧ ឆ្នាំ​ធ្វើការ​ជាមួយ​បុរស​ធ្វើ​សកម្មភាព​មនុស្សធម៌ Sean Landau ជា​អ្នក​បង្ហាត់បង្រៀន​បាល់ទាត់​លើ​វាល​ខ្សាច់​នៃ​តំបន់​បឹងកក់​។ វា​ផ្ដើម​កកើតឡើង​ពី​ការជួយ​កុមារ​ក្នុង​សហគមន៍​បឹងកក់​ដែល​ពួកគេ​ទទួល​បាន​ការបណ្ដុះបណ្ដាល សម្ភារ និង​ទីធ្លា​សម្រាប់​ហ្វឹកហាត់​។

យុវជន​រូប​នេះ​បាន​និយាយ​​ថា​៖ «​ខ្ញុំ​ស្រឡាញ់​បាល់ទាត់​តាំង​ពី​តូច ។ ខ្ញុំ​មិន​ចង់​រៀន​ទេ និង​ស្ទើរតែ​បោះបង់​ការសិក្សា​នៅ​ថ្នាក់​ទី​ ៥ ទៅ​ហើយ​។ ខ្ញុំ​បាន​ស្គាល់​អង្គការ​មួយ ហើយ​ខ្ញុំ​លេង​បាល់​នៅ​ទី​នោះ​។ តែ​ពួកគេ​មាន​លក្ខខណ្ឌ​ថា បើ​ខ្ញុំ​មិន​ចូល​រៀន ខ្ញុំ​មិន​អាច​ចូល​លេង​បាល់​បានទេ​។ ដូច្នេះ​បង្ខំ​ចិត្ដ ខ្ញុំ​ត្រូវ​រៀន​បន្ដទៀត​»​។

យុវជន​ដែល​ធំធាត់​ក្នុង​អតីត​តំបន់​អនាធិបតេយ្យ​បឹងកក់​​រូបនេះ បាន​រំឭក​ពី​ប្រវត្ដិ​ផ្ទាល់​​ខ្លួន​ថា​៖ «​ឪពុកម្ដាយ​ខ្ញុំ​បាន​លែងលះ​គ្នា​តាំងពី​ខ្ញុំ​អាយុ ១១ ឆ្នាំ និង​ក្រោយពី​ខ្ញុំ​ចាប់ផ្ដើម​លេង​បាល់​បាន​តែ​ ១ ​ខែ​។ ម្ដាយ​ខ្ញុំ​ជា​ជាង​កាត់ដេរ ហើយ​ឪពុក​ជា​មន្ដ្រី​ប៉ូលិស​ម្នាក់ ។ ពួកគាត់​​មិន​ឲ្យ​ខ្ញុំ​លេង​បាល់​ទេ ពីព្រោះ​​វា​គ្មាន​ប្រយោជន៍​អ្វី​ឡើយ​ហើយ​​គាត់​បង្ខំ​ខ្ញុំ​ឲ្យ​ចេញ​ដើរ​រើស​អេតចាយ​យក​ប្រាក់​មក​ជួយ​គ្រួសារ​។ ដោយ​ស្រឡាញ់​បាល់​ពេក ខ្ញុំ​ត្រូវ​ឆ្លៀត​ដើរ​រើស​អេតចាយ​ពេល​យប់ និង​ពេល​ថ្ងៃ​ទៅ​ហាត់​បាល់​»​។

កម្មវិធី​សំខាន់​បំផុត​ដែល​បាន​ចូលរួម​នោះ​គឺជា​មួយ Coaches Across Continents (CAC) ​ជា​អង្គការ​សកល​ដែល​ប្រើ​បាល់​ទាត់​ជា​ឧបករណ៍​អប់រំ​អំពី​បញ្ហា​សង្គម ដូចជា ការរស់នៅ ការរើសអើង ជំងឺ​ហ៊ីវ និង​ផល​លំបាក​ក្នុង​សង្គម​ជាច្រើន​ទៀត​។

លោក សុវណ្ណារ៉ា បាន​លើក​ឡើង​ថា​៖ «​ខ្ញុំ​ប្រើ​គ្រប់​វិធីសាស្ដ្រ​ដើម្បី​បញ្ជ្រាប​ចំណេះដឹង​អប់រំ​អំឡុងពេល​លេង​កីឡា​ជាមួយ​កុមារ​នៅក្នុង​សហគមន៍​ក្រីក្រ​។ មុនពេល​ចុះ​ដល់​សហគមន៍ ខ្ញុំ​បាន​ស្រាវជ្រាវ​ពី​ប្រធានបទ និង​បញ្ហា​ជាក់ស្ដែង​នៅ​នឹង​កន្លែង​ដើម្បី​លើក​យក​មក​ពិភាក្សា​ និង​ស្វែងរក​ដំណោះស្រាយ​ជាមួយ​ពួកគាត់​»​។

លោក​និយាយ​ថា​ដំណើរ​ខ្លះ​លោក​មាន​សម្ភារ​សិក្សា​ចែក​ឲ្យ​កុមារ​ទាំងនោះ​ដើម្បី​ជា​គ្រឿង​លើក​ទឹក​ចិត្ដ តែ​ក៏​មាន​ដំណើរ​ខ្លះ​ទៀត​មិន​មាន​អ្វី​ជា​ទ្រនាប់​ដៃ​ដែរ​។ ក្រោយពី​ធ្វើការ​ជាមួយ CAC ៣ ​ឆ្នាំ យុវជន​រូបនេះ​ទទួល​បាន​នូវ​បទពិសោធ និង​ចំណេះដឹង​ជាច្រើន​ស្ដីពី​ការប្រើ​កីឡា​ជួយ​សង្គម រហូត​ឈានដ​ល់​ការបង្កើត​គម្រោង Play To Progress​។

គួរ​បញ្ជាក់​ថា​លោក ទិត្យ សុវណ្ណារ៉ា គឺជា​បេក្ខជន​កម្ពុជា​ទី ១ ស្ថិត​ក្នុង​ចំណោម​បេក្ខភាព ៤០០ នាក់​មកពី​ ៣៣ ប្រទេស​ដែល​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ប្រកួត​ក្នុង​កម្មវិធី​បុគ្គល​ជួយ​សង្គម​តាមរយៈ​កីឡា​នៃ​មូលនិធិ Beyond Sport Foundation លើក​ទី ១០ ក្នុង​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក​។

សម្រាប់​ព័ត៌មាន​លម្អិត​ពី Play To Progress និង​ជួយ​គាំទ្រ​ដល់​យុវជន ទិត្យ សុវណ្ណារ៉ា លើ​កិច្ចការ​មនុស្សធម៌​សង្គម លោកអ្នក​អាច​ចូល​មើល​វេបសាយ (www.playtoprogress.org) ឬ​ទំព័រ​ហ្វេសប៊ុក (@playtoprogress)៕