ក្រុង​​សៀមរាប៖ ​ក្រោយ​ពី​បាន​​​​ចូល​សិក្ខា​​សាលា​​ស្តីពី​បញ្ហា​​បរិស្ថាន និង​សត្វ​​ព្រៃ​​នានា​​​មក​នោះ​ ក្រុម​យុវជន​​​ស្ម័គ្រ​​ចិត្ត​​ចំនួន​ ១២ រូប​​ បាន​រៀបចំ​នូវ​ទិវា​​យល់​ដឹង​អំពី​សត្វ​ព្រៃ​ មាន​នៅ​ខេត្ត​សៀមរាប ជា​លើក​ដំបូង​ ក្នុង​​គោល​​​បំណង​ផ្សព្វផ្សាយ​បន្ត​ទៅ​ដល់​​ពលរដ្ឋ​ស្គាល់​សត្វ​​ជា​តំណាង​​ជាតិ និង​ចង់​ឲ្យ​​​ស្ថាប័ន​មួយ​ចំនួន ដែល​​​​ពាក់ព័ន្ធ​​នឹង​​កិច្ចការ​​​អភិរក្ស​សត្វ​ព្រៃ​ ប្រារព្ធ​ធ្វើ​នៅ​មជ្ឈមណ្ឌល​របក​គំហើញ​ធម្មជាតិ​ ចូលរួម​​ដោយ​សេរី​ នៅ​ថ្ងៃ​អាទិត្យ ទី ១៩ ខែ ​មករា ឆ្នាំ ២០២០​។​

ដោយសារ​​ភាគ​ច្រើន​ប្រជាពលរដ្ឋ​ខ្មែរ​​យើង​ មិន​សូវ​បាន​ស្គាល់​​ពពួក​​សត្វ​​ទាំង​​ឡាយ ជា​សត្វ​តំណាង​ជាតិ​​​​ខ្លួន ឬ​ស្គាល់​ក្រុម​សត្វ​​​កម្រ​ ដែល​កំពុង​តែ​​​ជិត​ផុត​ពូជ​​ មាន​នៅ​​ក្នុង​ប្រទេស ​កម្ពុជា ​នោះ​ឡើយ​​​។ ដូច្នេះ​​ហើយ​​ទើប​ពួក​​យើង​ទទួល​បាន​ការ​សហការ​ពី​បណ្តា​​អង្គការ​នានា​ ដែល​​មាន​​គោលដៅ​​ដូច​គ្នា ក៏​ដូច​​ជា​​​កញ្ចប់​នៃ​​​ថវិកា​​សម្រាប់​​រៀបចំ​ទិវា​យល់ដឹង​ពី​សត្វ​ព្រៃ​​នៅ​ខេត្ត​​សៀមរាប​នេះ​ឡើង​។

ខណៈ​​ហេតុ​ផល​នេះ​ ទើប​​​បាន​ដាក់​​ឈ្មោះ​ថា​​ «ទិវា​យល់ដឹង​អំពី​សត្វ​ព្រៃ​ខេត្ត​សៀមរាប» ក៏​ព្រោះ​តែ​​យើង​ចង់​កំណត់​គោលដៅ​​របស់​​យើង​សម្រាប់​​​តំបន់​​ខេត្ត​​សៀមរាប​ ឬ​ការ​ផ្សព្វផ្សាយ​ចំពោះ​​ប្រជាជន​ នៅ​តំបន់​សៀមរាប​តែ​​ម្តង​ ដើម្បី​ឲ្យ​ពួក​គាត់​បាន​ជ្រាប​​​ជា​ដំណឹង និង​អាច​​ទស្សនា​ស្វែង​យល់​ពី​បញ្ហា​​​នេះ​ និង​ចង់​ឲ្យ​បណ្តា​ស្ថាប័ន​​ពាក់ព័ន្ធ​មួយ​​ចំនួន ​​ចូលរួម​​​​សហការ​ផ្សព្វផ្សាយ​អំពី​បញ្ហា​អភិរក្ស​សត្វ​ព្រៃ​នៅ​ប្រទេស ​កម្ពុជា​​។

ត្រយងយក្ស​ ជាបក្សី​ដ៏​កម្រ និង​សត្វ​ស្លាប​តំណាងជាតិ​កម្ពុជា​ បច្ចុប្បន្ន​មាន​នៅ​តំបន់​ដែនជម្រក​សត្វ​មួយ​ចំនួន​។ហេង ជីវ័ន

កញ្ញា សឿម ហឿង​ សមាជិក​​នៃ​ក្រុម​អ្នក​រៀបចំ​​ទិវា​យល់​ដឹង​អំពី​សត្វ​ព្រៃ​ខេត្ត​សៀមរាប​បាន​ឲ្យ​​ដឹង​ពី​គោល​​​បំណង​​​​នៃ​ការ​រៀបចំ​ទិវា​នេះ​ដែរ​ថា​៖​ «​យើង​​មាន​​គោល​បំណង​ធំ ២ សម្រាប់​ការ​​រៀបចំ​ទិវា​យល់​ដឹង​ពី​សត្វ​ព្រៃ​ នៅ​សៀម​រាប​នេះ​។ ចំណុច​ទី ​១ ​ធ្វើ​​​ឡើង​​ដើម្បី​​បង្កើន​​​ការ​យល់ដឹង​បន្ថែម​អំពី​សត្វ​​តំណាង​ជាតិ​​ និង​សត្វ​កម្រ​នានា​​​នៅ​​​ប្រទេស ​កម្ពុជា។ ចំពោះ​ពពួក​សត្វ​​ជា​តំណាង​ខ្មែរ​មួយ​ចំនួន​ទាំង​​នោះ រួម​​មាន​ដូចជា​សត្វ​ត្រយង​យក្ស ​គឺ​ជា​សត្វ​ស្លាប​​តំណាង​ជាតិ​ខ្មែរ​យើង​ ខណៈ​សត្វ​អណ្តើក​​ហ្លួង ជា​សត្វ​ល្មូន​ក្នុង​ទឹក​របស់​​ខ្មែរ និង​សត្វ​គោ​ព្រៃ​ជា​ដើម។

ចំណុច​ទី​២ យើង​ចង់​ដឹង​ព័ត៌មាន​អំពី​​ស្ថាប័ន​ធ្វើ​ការងារ​ពាក់ព័ន្ធ​នឹង​ការ​អភិរក្ស​សត្វ​ព្រៃ​របស់​ខ្មែរ ដែល​មាន​នៅ​​ក្នុង​តំបន់​ខេត្ត​សៀមរាប​ ឲ្យ​ចូលរួម​ជួយ​​បង្ហាញ​ឲ្យ​ដឹង​អំពី​ការងារ​របស់​ស្ថាប័ន​​​ទាំង​នោះ​ និង​ចែក​រំលែក​ការ​យល់​ដឹង​ដល់​ប្រជាពល​រដ្ឋ​ខ្មែរ​»។​​

លើស​ពី​នេះ​ទៅ​ទៀត នៅ​ក្នុង​​ទិវា​យល់​ដឹង​អំពី​សត្វ​ព្រៃ​​ សៀមរាប​ក៏​មាន​​កម្មវិធី​កម្សាន្ត និង​ការ​ទស្សនា​ខ្សែ​ភាពយន្ត​ឯកសារ​ស្តីពី​ការងារ​អភិរក្ស​សត្វ​ព្រៃ ក៏​ដូចជា​ការ​ធ្វើ​បទ​បង្ហាញ​នានា​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ផង​ដែរ​។

កញ្ញា សឿម ហឿង បាន​បន្ត​ឲ្យ​ដឹង​ថា៖ «ទិវា​នេះ បង​ប្អូន​អាច​ចូលរួម​ដោយ​​សេរី​ នៅ​ថ្ងៃ​អាទិត្យ​ទី ១៩ ខែ ​មករា ឆ្នាំ ២០២០ ចាប់​ពី​ម៉ោង ៩ ព្រឹក ដល់ ៥ ល្ងាច នៅ​ឯ​មជ្ឈមណ្ឌល​របក​គំហើញ​​ធម្មជាតិ​នៅ​ខេត្ត​សៀមរាប។ យើង​​មាន​កម្មវិធី​​ចម្បងៗ​មួយ​ចំនួន​ផង​ដែរ​​​ដូចជា​ ការ​តាំង​បង្ហាញ​ពី​សត្វ​តំណាង​​​ជាតិ​ ការ​តាំង​បង្ហាញ​ពី​ក្រុម​ស្ថាប័ន​អភិរក្ស​​​នៅ​ក្នុង​ខេត្ត​សៀមរាប​ការ​លេង​ល្បែង​​កម្សាន្ត​ផ្សេងៗ (ដូចជា​បង្វិល​កង​ ខ្លា​ស៊ីគោ ឆ្លើយ​សំណួរ​យក​រង្វាន់​​​​​ គូរ​គំនូរ​​ និង​​ការ​ផាត់​ពណ៌​យក​រង្វាន់​សម្រាប់​​ក្មេងៗ​។ ​

យើង​ក៏​មាន​​ការ​ចាក់​បញ្ចាំង​​នូវ​ខ្សែ​ភាពយន្ត​ឯកសារ​​ស្តី​អំពី​ធម្មជាតិ​​នៅ​ក្នុង​​ប្រទេស​ កម្ពុជា ​និង​ភាពយន្ត​ឯកសារ​​សត្វ​ក្រៀល។​​ ម្យ៉ាង​វិញ​ទៀត ក៏​មាន​ការ​ធ្វើ​បទ​បង្ហាញ​ស្តីពី​ «​លក្ខណ​ពិសេស​​នៃ​បឹង​ទន្លេ​សាប» ​និង​«​មេ​អំបៅ​​​​ នៅ​ប្រទេស​ កម្ពុជា» ដែល​ជា​​​តំបន់​ប្រកប​ទៅ​ដោយ​សក្តានុពល​នៃ​វិស័យ​​​​​ទេសចរណ៍​​នានា​ផង​ដែរ​​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​»៕​