ភ្នំពេញៈ ដោយសារ​តែ​ចង់​ពញ្ញាក់​អារម្មណ៍​បងប្អូន​ខ្មែរ​ឲ្យ​កាន់តែ​ស្គាល់​បណ្ណាល័យ​ជាតិ​ក៏​ដូចជា​ការ​រំឭក​ការចងចាំ​ទៅ​ដល់​អតីត​ជា​បណ្ឌិត​អក្សរសាស្ត្រ​ខ្មែរ និង​ជា​ស្ថាបនិក​បាន​បង្កើត​វចនានុក្រម​ខ្មែរ​ដំបូង​គឺ​សម្តេច​សង្ឃ​ ជួន ណាត នោះ ទើប​ការ​ប្រារព្ធ​ទិវា​អំ​ណាន​លើក​ទី​ ៣ ឆ្នាំ​ ០១៩ នឹង​ប្រារព្ធ​ធ្វើ​នៅ​ទីតាំង​ក្នុង​បរិវេណ​បណ្ណាល័យ​ជាតិ ខណៈ​មាន​រៀបចំ​តាំងពិព័រណ៍​សៀវភៅ​ដូចជា​ការរៀបចំ​មហោស្រព​ពិព័រណ៍​សៀវភៅ​កន្លងមក​ផងដែរ​។

លោកស្រី ខ្លូត វិបុលឡា ប្រធាន​បណ្ណាល័យ​ជាតិ​កម្ពុជា​បាន​បញ្ជាក់​ពី​ការរៀបចំ​ទិវា​អំណាន​ឆ្នាំ​នេះ​ថា​៖ «​ជាការ​ប្រារព្ធ​ធ្វើ​លើក​ទី​ ៣ ហើយ​សម្រាប់​ទិវា​អំណាន​របស់​ក្រសួង​អប់រំ ខណៈ​ខាង​បណ្ណាល័យ​ជាតិ​គ្រាន់តែ​ជា​ចំណែក​មួយ​នៃ​ការសហការ​រៀបចំ​នូវ​ទិវា​នេះ​តែប៉ុណ្ណោះ​។ ទិវា​អំណាន​ដែល​រៀបចំ​ឡើង​ក្នុង​គោលបំណង​ជំរុញ​សិស្សានុសិស្ស​ក្នុង​ការអាន​សៀវភៅ និង​លើកស្ទួយ​វិស័យ​ការតែង​និពន្ធ និង​បោះពុម្ពផ្សាយ​សៀវភៅ​នានា​»​។

ប្រធាន​បណ្ណាល័យ​ជាតិ​រូបនេះ​បន្ត​ថា​៖ «​ទិវា​អំណាន​នេះ​នឹង​ធ្វើ​នៅ​ថ្ងៃទី​ ១១ ខែ​មីនា ឆ្នាំ​ ២០១៩ ខាង​មុខ​ដែល​សម្រេច​ជ្រើស​យក​ថ្ងៃ​ប្រារព្ធ​ចំ​ថ្ងៃកំណើត​របស់​សម្តេច​សង្ឃ ជួន ណាត ដើម្បី​រំឭក​ដល់​កូន​ខ្មែរ​ឲ្យ​ចងចាំ​ពី​អ្នកប្រាជ្ញ​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ ហើយ​ឆ្នាំ​នេះ​យើង​នឹង​រៀបចំ​ធ្វើ​នៅ​បណ្ណាល័យ​ជាតិ​នោះ​ក៏​ព្រោះតែ​ចង់​ពញ្ញាក់​នូវ​អារម្មណ៍​អ្នកអាន​ក៏​ដូចជា​បងប្អូន​មហាជន​ទូទៅ​កាន់តែ​បាន​ស្គាល់​បណ្ណាល័យ​ជាតិ​កាន់តែ​ច្បាស់ ព្រោះ​ថា​ភាគច្រើន​នោះ​ពួកគាត់​ដូចជា​មិន​ស្គាល់​ឡើយ​»​។

សិស្ស និស្សិត​ចូល​ទស្សនាការ​តាំងពិព័រណ៍​សៀវភៅ​ឆ្នាំ ២០១៨​។ រូបថតហុង មិនា

ខ្លាច​មាន​ការភាន់ច្រឡំ​ថា​នឹង​មាន​រៀបចំ​កម្មវិធី​ពិព័រណ៍​សៀវភៅ​កម្ពុជា​រៀងរាល់​ ៣ ​ខែ​ម្តង​ដោយសារ​មាន​ការ​លើកឡើង​ក្នុង​បណ្តាញ​សង្គម​នាពេល​ថ្មីៗ​នេះ​តាមរយៈ​ការសាកល្បង​ស្ទង់​មតិ​ពី​មហាជន​ដោយ​ការកំណត់​ចង់​បាន​នូវ​ចំនួន​ចុច Like និង ​Comment គាំទ្រ​ច្រើន​នោះ​ទើប​ប្រធាន​បណ្ណាល័យ​ជាតិ លោកស្រី​ ខ្លូត វិបុលឡា ក៏​បាន​បញ្ជាក់​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ច្បាស់​ផង​ដែរ​ពី​ការប្រារព្ធ​ពិធី​នៅ​ខែ​មីនា​នោះ​។

លោកស្រី ខ្លូត វិបុលឡា ជា​ប្រធាន​បណ្ណាល័យ​ជាតិ​រូបនេះ​ក៏​បាន​បញ្ជាក់​ដែរ​ថា​៖ «​នេះ​មិនមែន​ជា​ការរៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​សាជាថ្មី​ម្តង​ទៀត ឬ​នឹង​ធ្វើឡើង​រៀងរាល់ ៣ ​ខែ​ម្តង​នោះឡើយ​។ តាមពិត​ទៅ​ការរៀបចំ​នៅ​ខែ​មីនា​ខាង​មុខ​នោះ​គឺជា​ការប្រារព្ធ​ធ្វើ​ទិវា​អំណាន​លើក​ទី​ ៣ របស់​ក្រសួង​អប់រំ​ហើយ​ខាង​បណ្ណាល័យ​ជាតិ​ចូលរួម​សហការ​រៀបចំ​ឲ្យ​មាន​ការដាក់​តាំងពិព័រណ៍​សៀវភៅ តែ​មិន​ដូចជា​កាល​យើង​បាន​រៀបចំ​ពិព័រណ៍​សៀវភៅ​ពី​ទី ៧-៩ ខែ​ធ្នូ ឆ្នាំ​ ២០១៨ កន្លង​មក​នោះ​ដែល​មាន​ចំនួន​ច្រើន​ថ្ងៃ ឬ​ជា​ការរៀបចំ​បែប​លក្ខណៈ​ធំដុំ​ដូចជា​ពិព័រណ៍​សៀវភៅ​នោះ​ទេ​!»៕