បើក្រុងអង់ការ៉ា: ពីអគារបុរាណលើជ្រលង លោក រីដវ៉ាន អាយហាន ឈរគន់ដងទន្លេ Tigris ដែលទ្រពីក្រោមទីក្រុងជីដូនជីតារស់នៅជាច្រើនជំនាន់ដែលនឹងបំផ្លាញក្នុងពេលដ៏ខ្លីខាងមុខ។
លោក អាយហាន និយាយពេលកំពុងទាញកន្សែងជូតលើមុខថា៖ «ចៅទួតខ្ញុំនឹងលែងបានឃើញទីកន្លែងដែលខ្ញុំកើត និងរស់នៅទៀតហើយ»។
ទីក្រុងតូច ហាសានខេហ្វ ជាភូមិឋានពលរដ្ឋអស់រយៈពេល ១២ ០០០ ឆ្នាំ អាចបាត់រូបរាងនៅរយៈពេលប៉ុន្មានខែទៀត ពេលទំនប់វារីអគ្គិសនីធំបំផុតលំដាប់ទី ២ របស់តួកគីត្រូវបានដាក់ដំណើរការ។
ដោយប្រឈមនឹងការជន់លិចទីក្រុង និងភូមិឋានរាប់រយ អ្នកក្រុង ៣ ០០០ នាក់ត្រូវបានបែងចែកជាបក្សពួក។ ពលរដ្ឋខ្លះមានការខឹងសម្បានឹងការពន្លិចភូមិឋានរបស់ពួកគេ។
លោក អាយហាន ពោលថា៖ «នៅសល់តែប្រវត្ដិសាស្រ្តចំពោះក្រុងតូចនេះ។ ពេលអស់លោកជីកកកាយសង់ទំនប់ អស់លោកកំពុងតែរំលាយភូមិឋានពលរដ្ឋ»។
ប៉ុន្ដែរដ្ឋាភិបាលតួកគី បានច្រានចោលការរិះគន់ទាំងឡាយ ដោយលើកហេតុផលថា រដ្ឋាភិបាលមានវិធានការសង្គ្រោះអគារបុរាណរួចទៅហើយ។ អគារជម្រះកាយ Artuklu Hamam ទម្ងន់ ១ ៦០០ តោន ត្រូវបានបំពាក់កង់សម្រាប់រើបំផ្លាស់ទី។
ក្រុមកម្មករក៏ទើបបានរើព្រះវិហារសតវត្សរ៍ទី ១៤ Ayyubid ចម្ងាយផ្លូវ ៣ គីឡូម៉ែត្រទៅកាន់ទីតាំងថ្មី ដែលនឹងក្លាយជា «ឧទ្យានវប្បធម៌»។ ប្រតិបត្ដិការបំផ្លាស់ទីបែបនេះ បានប្រែក្លាយទីក្រុងហាសានខេហ្វ ទៅជាតំបន់ការដ្ឋាន។
រថយន្តក្រុងធ្លាប់ដឹកភ្ញៀវ ទេសចរជាហូរហែ ត្រូវបានជំនួសដោយឡានដឹកដី និងត្រាក់ទ័រកាយដីពាសពេញតំបន់ប្រវត្ដិសាស្ដ្រ។
លោក អាយហាន បានអះអាងថា៖ «អស់ភ្ញៀវទេសចរហើយ។ តើមាននរណាចង់មកទីនេះទៀត? គ្រប់ជំហានដើរសុទ្ធតែអាចធ្លាក់រណ្ដៅ»។
យ៉ាងណាមិញ មិនសុទ្ធតែពលរដ្ឋទាំងអស់ មិនពេញចិត្ដចំពោះវិធានការនេះឡើយ។
អតីតអ្នកគង្វាល អាមេត អាដេនីហ្ស ហាក់ចង់ឃើញពន្លឺនាពេលអនាគត ខណៈលោកបានលើកឡើងថា ទំនប់វារីអគ្គិសនីនឹងជំរុញវិស័យទេសចរណ៍ ហើយការកែកុនអគារបុរាណ និងល្អាងភ្នំខ្លះគេចផុតពីការជនលិចពីកម្ពស់ទឹកទន្លេកាន់តែខ្ពស់ផងដែរ។
លោកបានបន្ដថា៖ «នៅមានទូក និងកន្ដ្រកអគ្គិសនី។ យើងនឹងមានសណ្ឋាគារ។ ក្មេងជំនាន់ក្រោយខ្លះចាប់ផ្ដើមរៀនជ្រមុជទឹកបណ្ដើរៗហើយ។ តើអស់លោកអាចនឹកឃើញបែបនេះទេ?»៕ AFP/HR