ក្រុងតូក្យូ៖ នៅ​តែ​ដដែលៗ! អ្នក​ថ្មើរ​ជើង​ដៃ​ស្អិត​នឹង​ទូរស័ព្ទ​ពេល​ដើរ ធ្វើ​ឲ្យ​ប៉ះពារ​នេះ​នោះ​ និង​ជួនកាល​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ថែម​ទៀត។ យ៉ាង​ណា​មិញ ទីក្រុង​មួយ​របស់​ជប៉ុន​អះអាង​ថា លែង​មាន​ទៀត​ហើយ។

មន្ដ្រី​នៅ​ទីក្រុង​យ៉ាម៉ាតុ ក្បែរ​ក្រុង​តូក្យូ កាល​ពី​ថ្ងៃ​ចន្ទ បាន​អនុម័ត​ច្បាប់​បញ្ឈប់​ពលរដ្ឋ​ពី​ការ​ប្រើប្រាស់​ទូរស័ព្ទ​​​​​អំឡុង​ពេល​ដើរ។

មន្ដ្រី​ក្រុង ម៉ាសាអាគិ យ៉ាស៊ូមិ បាន​ថ្លែង​ថា​៖ «ចំនួន​មនុស្ស​ប្រើ​ទូរស័ព្ទ​បាន​កើន​ឡើង​ខ្លាំង ដូច្នេះ​អត្រា​គ្រោះថ្នាក់​ក៏​មាន​ខ្ពស់​ដែរ​។ យើង​ចង់​ទប់ស្កាត់​បញ្ហា​នេះ​។ បើ​អនុម័ត​រួច នេះ​ជា​បម្រាម​ដំបូង​បំផុត​នៅ​ជប៉ុន​»។

ប៉ុន្ដែ​លោក យ៉ាស៊ូមិ បាន​និយាយ​ថា វា​នឹង​មិន​មាន​ទោសទណ្ឌ​អ្វី​សម្រាប់​អ្នក​មិន​អាច​ដក​ភ្នែក​ពី​អេក្រង់​ទូរស័ព្ទ​នោះ​ឡើយ​។

ចំនួនអ្នក​ប្រើ​ទូរស័ព្ទ​ពេលដើរកើនឡើង​ ស្រប​នឹង​កំណើន​គ្រោះថ្នាក់​។ រូបថត AFP

លោក​បាន​បន្ដ​ថា​៖ «​យើង​រំពឹង​ថា បម្រាម​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​អំពី​ចំណេះដឹង​អំពី​គ្រោះ​ថ្នាក់​នានា​។ បដា និង​សារ​នានា​នឹង​ត្រូវ​បាន​ដាក់​​បង្ហាញ​ប្រាប់​ពលរដ្ឋ​អំពី​ច្បាប់ ដោយ​សង្ឃឹម​ថា នឹង​ចូល​ជា​ធរមាន​ខែ​ក្រោយ​»។

ក្នុង​ឆ្នាំ ​២០១៤ ការ​ស្រាវជ្រាវ​មួយ​ពី​​សំណាក់​ក្រុមហ៊ុន​ទូរស័ព្ទ​យក្ស​ជប៉ុន NTT Docomo បាន​ប៉ាន់​ប្រមាណ​ថា ជា​មធ្យម​អ្នក​ដើរ​ចុច​ទូរស័ព្ទ​​​បាន​អាច​មើល​ឃើញ​​បរិវេណ​ជុំវិញ​ត្រឹម​តែ ៥ ភាគរយ​ប៉ុណ្ណោះ​។

ក្រុមហ៊ុន​បាន​ដំណើរ​ការ​នូវ​ការ​ភ្ញោច​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ពី​អ្វី​ដែល​បាន​កើត​ឡើង បើ​មនុស្ស ១ ៥០០ នាក់ ​បាន​ដើរ​នៅ​ទីប្រជុំជន​ផ្លូវ​ប្រសព្វ ស៊ីបូយ៉ា ក្នុង​ក្រុង​តូក្យូ ខណៈ​មើល​ទូរស័ព្ទ​ដៃ​។

លទ្ធផល​បាន​បង្ហាញ​ថា ២ ភាគ ៣ ​មិន​បង្ក​គ្រោះថ្នាក់​ធ្ងន់​ធ្ងរ ហើយ​ ​​៤៤៦ ករណី​ប៉ះ​ទង្គិច ១០៣ នាក់​ដួល និង ២១ ករណី​ធ្លាក់​ទូរស័ព្ទ​ពី​ដៃ​។

ចំនួន​ឧប្បត្ដិហេតុ​រវាង​មនុស្ស និង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ពេល​ជិះ​កង់ និង​ដើរ​ បាន​​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​​នៅ​ជប៉ុន​ផង​ដែរ។​ ករណី​ខ្លះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ​​ទាមទារ​សំណង​​ដល់​​ ១០០ លាន​យ៉េន (១ លាន​​ដុល្លារ​) ក៏​មាន​៕ AFP/HR ​