ក្រុង​វីយែន៖ សាល​រៀបចំ​បុណ្យ​សព​​ក្រុង​វីយែន បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី ២៥ ខែ​មីនា ​ថា ពេល​នេះ ពួក​គេ​ផ្ដល់​សេវាកម្ម​បុណ្យ​សព​តាម​អនឡាញ​ ​ក្រោយ​ពី​រដ្ឋាភិបាល​រឹត​បន្ដឹង​ការ​​ប្រមូល​ផ្ដុំ​ និង​ធ្វើ​ដំណើរ ​ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​នៃ​ជំងឺ​កូវីដ ​១៩​។

មនុស្ស​តែ ៥ នាក់​ប៉ុណ្ណោះ ​ដែល​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ជុំ​ជួប​គ្នា​ ហើយ​ការ​បំផ្លាសទី​​ត្រូវ​បាន​កំហិត​យ៉ាង​ខ្លាំង​នៅ​អូទ្រីស​ពី​សប្ដាហ៍​មុន ​ខណៈ​ប្រទេស​នានា​នៅ​ជុំវិញ​ពិភព​លោក​ប្រកាស​ប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​។

យោង​តាម​នាយក​គ្រប់គ្រង​ឈ្មោះ ចាកុប ហូមេន បាន​ឲ្យ​ដឹង​ថា Himmelblau ជា​សាល​រៀបចំ​ពិធី​បុណ្យ​សព​ធំ​បំផុត​នៅ​ក្រុង​វីយែន បាន​ចាប់​ផ្ដើម​ផ្ដល់​សេវាកម្ម​បុណ្យ​សព​តាម​អនឡាញ​តាំង​ពី​ខែ​កុម្ភៈ។

លោក ហូមេន បាន​និយាយ​ថា ពិធី​បុណ្យ​ចំនួន ៦ ត្រូវ​បាន​រៀបចំ​ឡើង​​ក្នុង​គ្រា​​នេះ ហើយ​អតិថិជន​កាន់​តែ​ច្រើន​ចាប់​អារម្មណ៍​ចំពោះ​សេវាកម្ម​ឥត​គិត​ថ្លៃ​នេះ​។

លោក​​​ប្រាប់ AFP ថា​៖ «​វា​លំបាក​សម្រាប់​សាច់​ញាតិ​ដែល​​មិន​អាច​ចូលរួម​​ពិធី​បុណ្យ​សព​ដោយ​ផ្ទាល់​បាន​»។

ពិធី​បុណ្យ​សព​​ត្រូវ​បាន​ថត​សកម្មភាព​​តាមរយៈ​ទូរស័ព្ទ​ដៃ​ និង​បង្ហោះ​លើ​​បណ្ដាញ​អន​ឡាញ Zoom ដែល​ការពារ​ដោយ​ការ​ដាក់​លេខ​សម្ងាត់​ផង​ដែរ​។ អតិថិជន​ក៏​អាច​ចែក​រំលែក​វីដេអូ​បុណ្យ​សព​ជាមួយ​អ្នក​ដទៃ​តាម​ចិត្ដ​ចង់​ថែម​ទៀត​។

អ្នកស្រី នីណា លែមែរម៉ាយ័រ ជា​អ្នក​នាំ​ឲ្យ Bestattung und Friedhoefe Wien ដែល​​​ផ្ដល់​សេវាកម្ម​​បុណ្យ​សព​តាម​អនឡាញ​​​និយាយ​ថា៖ «បម្រាម​ធ្វើ​ដំណើរ និង​វិធាន​ការ​រឹត​បន្ដឹង​ផ្សេងៗ​ទៀត ​​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​​ឱកាស​ជូន​ដំណើរ​មនុស្ស​ជា​ទី​ស្រឡាញ់​ជា​លើក​ចុង​ក្រោយ​​»។

ប្រទេស​​មាន​ប្រជាជន ៩ លាន​នាក់ ​​មាន​អ្នក​​ឆ្លង​វីរុស​កូរ៉ូណា​​ជាង ៥ ៥០០ ករណី​ និង​ស្លាប់ ៣១ នាក់៕ AFP