កណ្ដាល: សម័យកាល​វិវត្ដន៍ មនុស្ស​បច្ចុប្បន្ន​ខិតខំ​សម្អិតសម្អាង​កាយ​ក្រែម​ម្សៅ និង​វះកាត់​កែ​សម្ផស្ស​លើក​សម្រស់​ស្រស់ស្អាត​បែប​ឃ្យូតៗ​។ យ៉ាងណា​មិញ ទីងមោង​ប្រពៃណី​ដែល​ធ្លាប់​លងបន្លាច​ក្មេងៗ​តាម​ដងផ្លូវ​ឲ្យ​រត់​ធ្លាក់​ប្រឡាយ និង​លាក់​កាយ​ក្នុង​ពាងទឹក​នាឱកាស​បុណ្យទាន​ម្ដងៗ​ក៏​បាន​អភិវឌ្ឍ​ខ្លួន​ដោយ​ប្រែ​មុខមាត់​គួរ​ឲ្យ​ក្នាញ់​មិន​ចាញ់​តារាភាពយន្ដ​ប៉ុន្មាន​ទេ​។

ព្រឹក​ព្រលឹម​ស្រាងៗ សមាជិក​គ្រួសារ​កំពុងតែ​ញាប់ដៃ​ញាប់ជើង​ដោយ​ខ្លះ​ចង​ជាល ខ្លះ​ឆ្លាក់​រូប កាត់​ខោអាវ និង​ផាត់​ពណ៌​លើ​ផ្ទៃមុខ​ទីងមោង​ក្រោម​ផ្ទះ ដោយ​ការរចនា​មុខមាត់​ទី​មោង​ដែល​មិនមែន​គួរ​ឲ្យ​ខ្លាច តែ​ជា​មុខមាត់​បែប​ស្រស់ស្អាត ឃ្យូតៗ គួរ​ឲ្យ​ស្រឡាញ់ សឹង​ធ្វើឲ្យ​មនុស្ស​មួយ​ចំនួន​លួច​ច្រណែន​ទៀត​ផង​។ អាជីព​ផលិត​ទីងមោង​ជិត ៣ ទសវត្សរ៍​នេះ​ទើប​បាន​និង​កំពុង​ទាក់ទាញ​ការចាប់អារម្មណ៍​យ៉ាង​ខ្លាំង​។

លោក ហាក់ ហេង អ្នក​ផលិត​ទីងមោង ឬ ក៏​អុងឌឿ បែប​ប្រពៃណី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​អំពី​ប្រវត្ដិ​នៃ​ការផលិត​ទីមោង​ថា​៖ «​កាលពី​មិន​ទាន់​ចេះ​ធ្វើ​ខ្លួនឯង ពេល​ឃើញ​របស់​គេ​ខ្លាច​ដែរ​ហ្នឹង​។ ចេះ​តែ​ងាក​មុខ​ចេញ ព្រោះ​មុខ​ទីងមោង​អាក្រក់ៗ តែ​អត់​ហ៊ាន​ប្រាប់​គេ​ទេ ចេះ​តែ​លាក់​ក្នុង​ចិត្ត​ទៅ​។ បន្ទាប់មក​ចង់​ធ្វើ​ទីងមោង​ហ្នឹង ចង់​ដឹង​ថា​វា​យ៉ាង​ម៉េច ណាមួយ​ចង់​ធ្វើឲ្យ​កូន​លេង​ផង​។ ប៉ុន្ដែ​ដល់​ពេល​ចេះ​តែ​ធ្វើ​ទៅ​ស្អាត​អ៊ីចឹង យើង​ក៏​ចេះ​តែ​ធ្វើ​ទៅ​រហូត​ដល់​ឥឡូវ​មក​»​។

លោក ហាក់ ហេង បាន​ផ្ទេរ​ចំណេះដឹង​ផលិត​ស្រោម​មនុស្ស​បម្រើ​ជា​ប្រយោជន៍​ក្នុង​កម្មវិធី​បុណ្យទាន​ជិត​ ៣០ ឆ្នាំ​មក​នេះ​ទៅ​ដល់​កូនប្រុស​ទាំង​ ២ គឺ​លោក ហេង សុភ័ណ្ឌ និង​លោក ហេង គីមផេង នៅ​អំឡុង​ឆ្នាំ​ ២០១០​។ ដោយសារ​ភាព​ជា​យុវវ័យ​ចូលចិត្ត​លេង​ស្ទីល​ខ្លួន​បែប​សម័យនិយម និង​ចូលចិត្ត​របស់​ថ្មី​ប្លែក យុវជន​ទាំង​ ២ បាន​ច្នៃប្រឌិត​ពី​ការធ្វើ​មុខ​ទីងមោង​ធម្មតា មក​ជា​ទីងមោង​ដែល​មាន​មុខ ឃ្យូតៗ ស្រស់ស្អាត​វិញ​ម្តង​។

លោក ហេង សុភ័ណ្ឌ កំពុង​ផាត់​មុខមាត់​ឲ្យ​កញ្ញា​ទីងមោង​យ៉ាង​ផ្ចិតផ្ចង់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

យុវជន ហេង សុភ័ណ្ឌ បាន​ឲ្យ​ដឹង​ថា​៖ «​តាំងពី​ចាប់ផ្តើម​ធ្វើ​ទីងមោង​មក​គឺ​ធ្វើ​មុខ​អ៊ីចឹង​តែ​ម្តង ព្រោះ​ខ្ញុំ​ចូលចិត្ត​ទីមោង​បែប​ស្អាតៗ​អ៊ីចឹង​។ មុខ​បែប​ស្ទាវៗ បែប​ទាន់​សម័យ តែ​បើ​បុរាណ ខាង​ប៉ា ជា​អ្នក​ធ្វើ​»​។

កំពុង​អង្គុយ​តុបតែង​មុខ​ឲ្យ​ក្រមុំ​ទីងមោង​លោក សុភ័ណ្ឌ បាន​បន្ថែម​ថា​៖ «​និយាយ​ទៅ​គឺ​ធ្វើ​ភ្លាម​ទទួល​បាន​ការគាំទ្រ​ភ្លាម មាន​ការចាប់អារម្មណ៍​ពី​យុវវ័យ ហើយ​បើ​តាៗ យាយៗ ពេល​គាត់​មក​កុម្ម៉ង់​ម្តងៗ គាត់​ប្រាប់​ថា​ស្រឡាញ់​ទម្រង់​មុខ​បែប​ក្មេងៗ អាយុ​ ១៨ ឆ្នាំ​អ៊ីចឹង​។ មើល​ទៅ​ស្អាត កុំ​ឲ្យ​ចាស់​ពេក​។ និយាយ​ទៅ​ពេល​នោះ​គឺ​ខ្ញុំ​សប្បាយចិត្ត​ណាស់ ហើយ​ក៏​ជំរុញ​ទឹកចិត្ត​ខ្ញុំ​ឲ្យ​បន្ត​ធ្វើ​ទីងមោង​ហ្នឹង​ទៀត​»​។

លក្ខណៈ​គួរ​ឲ្យ​កត់សម្គាល់​នៃ​ទីងមោង​របស់​បងប្អូន​ប្រុស​ទាំង​ ២​ ​គឺ​ស្ថិត​នៅ​ត្រង់​ទម្រង់​មុខ​អក្សរវី ច្រមុះ​ស្រួច បបូរមាត់​ស្អាត ថ្ពាល់ខួច ភ្នែក​ធំ ធ្មេញ​ច្រពើស មុខមាត់​សរ​លោង ចិញ្ចើម​ខ្វង់ និង​មាន​ការលេង​ស្ទីល​សក់​ជាច្រើន​ម៉ូដ​រួម​ជាមួយ​គ្រឿងអលង្ការ​ពិតៗ​ដូចជា ក្រវិល និង​ខ្សែក ជាដើម​។

អ្នក​រចនា​ទីងមោង​តាម​សម័យកាល​បច្ចេកវិទ្យា​ថ្មី​ទាំង​ ២ បាន​បង្ហើប​ប្រាប់​ថា ការធ្វើ​មុខ​ទីងមោង​នេះ​មាន​ ២ ​របៀប​គឺ​ការយក​ផ្ទៃមុខ​លំនាំ​តាម​តារា និង​ការធ្វើ​មុខ​តាម​ការស្រមើស្រមៃ​។ ពួកគេ​លើក​ឡើង​ថា​សម្រាប់​ការធ្វើ​មុខ​តាម​តារា​ពួកគេ​អាច​ធ្វើ​បាន​មុខ​តារា​ខ្មែរ ថៃ ចិន និង​កូរ៉េ ជាដើម​។ ចំណែក​ការធ្វើ​តាម​ការស្រមើស្រមៃ គឺ​ពួកគេ​ផ្តោត​អារម្មណ៍​រក​នឹក​មុខមាត់ និង​ធ្វើ​អី​ទៅ​តាម​គំនិត ឬ​ការចង់​បាន​។

យុវជន​ទាំង​ ២ ​បាន​រៀបរាប់​ដំណើរការ​នៃ​ការផលិត​ទីងមោង​នីមួយៗ​ថា ដំបូង​ត្រូវ​ពូនដី​ឥដ្ឋ​ទុកចោល​ប្រមាណ​ ២ ឬ​ ៣ ​ថ្ងៃ​ឲ្យ​រឹង​សមល្មម រួច​ចាប់ផ្តើម​ធ្វើការ​ឆ្លាក់​ដី​ឲ្យ​ចេញ​ជា​មុខ​មនុស្ស​។ បន្ទាប់មក​ទុក​ដី​ឲ្យ​រឹង​បន្តិច ទើប​ចាប់​បិទ​ក្រដាស​សមល្មម​លើដី​ដែល​បាន​ឆ្លាក់​រួច ហើយ​យក​ពុម្ព​មុខ​មនុស្ស​ទៅ​ហាល​ថ្ងៃ​ឲ្យ​រឹង​ល្មម ទើប​ចាប់​ជីក​ដី​ចេញ​មក​ក្រៅ​។ ចុងក្រោយ​គឺ​ការ​លាយ​ពណ៌​ថ្នាំ​សម្រាប់​គូរ​លើ​មុខ​ទីងមោង​។

លោក ហាក់ ហេង កំពុង​ត្បាញ​ឫស្សី​ច្នៃ​ជា​ខ្លួន​ទីងមោង​សម្រាប់​ពាក់​។ រូបថត យូសុះ អាប់ឌុលរ៉ាស់ហ៊ីម

ទន្ទឹម​នឹង​នេះ​ពួកគេ​ក៏​ត្រូវ​ត្បាញ​ជាល ឬ​ហៅ​ថា​ខ្លួន​របស់​ទីងមោង​ដែល​ផលិត​ឡើង​ពី​ឫស្សី ដោយ​ត្រូវការ​អ្នក​ដែល​ស្ទាត់ជំនាញ​ក្នុង​ការចងរឹត​ឲ្យ​បាន​ល្អ ដើម្បី​ងាយស្រួល​សម្រាប់​យក​ទៅ​ពាក់​រាំ​។ ចំណែក​ផ្នែក​ពិសេស​មួយ​ទៀត​គឺ​ការ​កាត់​ខោអាវ​សម្រាប់​ទីងមោង​ដោយ​ត្រូវ​ឲ្យ​ដឹង​ទំហំ​ច្បាស់លាស់​ចៀសវាង​ការ​តឹង​ណែន​ពិបាក​រាំ និង​ត្រូវ​រិះរក​គំនិត​ច្នៃ​ម៉ូដ​ផ្សេងៗ​ដែល​មើល​ទៅ​ស័ក្ដិសម​នឹង​ទម្រង់​មុខ​ឃ្យូតៗ​ផងដែរ​។

យ៉ាងណា​មិញ សុភ័ណ្ឌ បាន​ប្រាប់​ពី​ការលំបាក​ថា​៖ «​បើ​អត់​មាន​ថ្ងៃ​គ្រប់គ្រាន់​យើង​ធ្វើ​វា​អត់​ល្អ​ទេ​។ ក្រដាស​ទាញ​អត់​រលោង វា​ប្រទាញ​គ្នា​ហើយ​ធ្វើឲ្យ​ហើម​។ មួយ​វិញ​ទៀត​បើ​យើង​បិទ​ក្រដាស​ស្តើង​ពេល​ជីកដី​ចេញ​​មក​វា​អាច​បាក់ក ខូច​ចោល​តែ​ម្តង​។ ពិបាក​ខ្លាំង​គឺ​ការ​វ៉ៃ​ថ្នាំ ការ​លាយ​ពណ៌​។ បើ​យើង​លាយ​អត់​ត្រូវ​ ឬ​ដាក់​ប្រេង​ច្រើន​ពេក វា​នឹង​រលុប​មក​វិញ​។ អ៊ីចឹង​ចាំ​ទាល់​តែ​ប្រេង​ហ្នឹង​ស្ងួត ទើប​អាច​វ៉ៃ​ថ្នាំ​បន្ត​ទៀត​បាន​»​។

សម្រាប់​ការធ្វើ​ទីងមោង​មួយ ប្រសិន​បើ​មេឃ​មាន​ពន្លឺ​ថ្ងៃ​ល្អ​ត្រូវ​ចំណាយ​រយៈពេល​ចន្លោះ​ពី ១០ ទៅ ១៥ ថ្ងៃ​។ ប៉ុន្តែ​ប្រសិន​បើ​មិន​មាន​ពន្លឺ​គ្រប់គ្រាន់​នោះ​ទេ វា​នឹង​ត្រូវ​ចំណាយពេល​រហូត​ដល់ ១ ខែ​។

សុភ័ណ្ឌ បាន​បន្ដ​ថា​ទីងមោង​មាន​ ៣ ​ប្រភេទ​រួមមាន ទំហំ​តូច​សម្រាប់​ក្មេងៗ ១ ​គូ​តម្លៃ ៦០ ម៉ឺន​រៀល ទំហំ​កណ្តាល​សម្រាប់​មនុស្ស​ធំ ១ ​គូ​តម្លៃ​​ ១ ​លាន​ ១០ ម៉ឺនរៀល និង​ទំហំ​ធំ​ ១ ​គូ​តម្លៃ ១ លាន ៤០ ម៉ឺន​រៀល​។

យុវជន វ័យ ២៩ ឆ្នាំ​រូប​នេះ​បាន​បញ្ជាក់​ថា​៖ «​របរ​ផលិត​ទីងមោង​ហ្នឹង​គឺ​ធ្វើ​ជាប់​ជាប្រចាំ​។ តែ​ពេល​សម្រុក​ធ្វើ​ច្រើន​នៅ​ពេល​មុន​ចូល​វស្សា ១-២ ខែ​រួម​ទាំង​ពេល​មាន​បុណ្យ​កឋិន​មួយ​ទៀត​។ ពេល​ខ្លះ​ធ្វើ​អត់​ទាន់​ឲ្យ​គេ​ផង ហើយ​ចប់​ពី​បុណ្យ​ហ្នឹង​គឺ​ធ្វើ​ធម្មតា​វិញ​»​។

ទៅ​ថ្ងៃ​ខាង​មុខ សុភ័ណ្ឌ មាន​បំណង​ចង់​ធ្វើ​រូប​ទីងមោង​ស្អាតៗ​នេះ​ឲ្យ​បាន​ច្រើន​ដើម្បី​ចែករំលែក​ដល់​ប្រជាជន​ខ្មែរ​បាន​ស្គាល់​ និង​ខំប្រឹង​ដុសខាត់​សមត្ថភាព​របស់​ខ្លួន​ដើម្បី​រចនា​ស្រោម​មនុស្ស​នេះ​ឲ្យ​កាន់​តែ​ដូច​មុខ​មនុស្ស​ពិតៗ​។

ទីងមោង​ឃ្យូតៗ​មាន​ទីតាំង​ជាប់​ស្ពាន​ឃុំ​ខ្ពប ស្ថិត​នៅ​ភូមិ​ឫស្សីស្រុក ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្ត​កណ្តាល ឬ​ទាក់ទង​តាមរយៈ​លេខ​ទូរស័ព្ទ ០៩៨ ៤២៣ ៦៥៧ ឬ​តាមរយៈ​ហ្វេសប៊ុក @Panha So៕

វីដេអូ៖