ភ្នំពេញ៖ ខណៈរដូវបុណ្យចូលវស្សាតាមគន្លងទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា ដែលមានថេរវេលា ៣ ខែ គិតចាប់ពីថ្ងៃ ១ រោច ខែអាសាឍនេះតទៅ ហើយតាមការចំណាំទីអារាមនីមួយៗ ក៏មានការហែទីងមោងផងដែរ ដើម្បីញ៊ាំងឲ្យការប្រព្រឹត្តទៅនៃពិធីបុណ្យចូលវស្សាមានសភាពសប្បាយរីករាយទៅនឹងការធ្វើបុណ្យទានជាមួយព្រះសង្ឃ។
កាលពីដើម ពេលមានការហែទីងមោងម្តងៗ នៅតាមទីភូមិឋាននានា ធ្លាប់តែជាការលងបន្លាចក្មេងៗ តាមដងផ្លូវ ឲ្យរត់ប្រញាយចេញ និងលាក់ខ្លួនពួនអាត្មា រហូតមានភាពបាក់ស្បាតក៏មាន ដោយសារតែមានមុខមាត់អាក្រក់ ឬកាចសាហាវ គួបផ្សំនឹងឥរិយាបថនៃអ្នកចូលឡកផងនោះ។ តែដល់សម័យឥឡូវនេះ ហាក់ខុសប្លែកពីមុនៗឆ្ងាយណាស់ ដោយសារគេឃើញក្រុមកុមារាកុមារីបែរជាមានការចូលចិត្ត ហើយរត់ប្រញាយចូលទៅក្បែរ ថតរូបលេងជាមួយទៅវិញ ព្រោះការច្នៃមុខមាត់ទីងមោងទាំងនោះមានភាពគួរឲ្យក្នាញ់ ស្រស់ស្អាត មិនចាញ់មុខមាត់តារាភាពយន្ដពិតៗនោះឡើយ ដែលនេះគឺជាទេពកោសល្យដ៏ប៉ិនប្រសប់នៃសិល្បករ។
បើតាមគណនីហ្វេសប៊ុកឈ្មោះ Panha So របស់សិល្បករ ធ្វើទីងមោងដ៏ល្បីនៅស្រុកស្អាង ខេត្តកណ្តាល លោក ហេង សុភ័ណ្ឌ បានបង្ហោះរូប និងសារបញ្ជាក់ពីគោលបំណងនៃការអភិវឌ្ឍរូបទីងមោងសម័យថ្មីថា៖ «ទីងមោង សម្រាប់ហែឆ្នាំនេះ កុំភ្លេចជួបគ្នាឆាប់ៗនេះណាពុកម៉ែបងប្អូនទាំងអស់គ្នា។ យើងបានតុបតែងយ៉ាងស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍ទៀតផង ទីងមោងស្អាតៗនេះប្រហែលជាក្មេងៗ ឬបងប្អូន ដែលធ្លាប់តែខ្លាចពីមុន លែងខ្លាចទៀតហើយ។ សូមជម្រាបជូនដំណឹងទៅដល់បងប្អូនទាំងអស់គ្នា ដែលចង់មកចូលរួម ក្នុងពិធីដង្ហែទៀនព្រះវស្សា នៅប៉ុន្មានថ្ងៃខាងមុខនេះ សូមបងប្អូនទាំងអស់មេត្តាពាក់ម៉ាស់ និងលាងដៃជាមួយនឹងអាល់កុលឲ្យបានគ្រប់ៗគ្នា និងគ្រប់ៗពេលវេលា ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដឋ១៩ ទាំងអស់គ្នា សូមចូលរួមដោយសេចក្តីរីករាយ និងសប្បាយចិត្តទាំងអស់គ្នាណា៎»។
គួរបញ្ជាក់ផងដែរថា ការធ្វើទីងមោងមួយ ប្រសិនបើមេឃមានអំណោយផលល្អ ឬមានកម្តៅថ្ងៃល្អ គេត្រូវចំណាយរយៈពេលចន្លោះពី ១០ ទៅ ១៥ ថ្ងៃ ទើបធ្វើវាបាន។ ប៉ុន្តែប្រសិនបើ មិនមានកម្តៅថ្ងៃគ្រប់គ្រាន់ទេនោះ នឹងត្រូវចំណាយពេលរហូតដល់ទៅ ១ ខែ។ ចំពោះខ្នាតទីងមោងវិញមាន ៣ ខ្នាត គឺទំហំតូចសម្រាប់ក្មេងៗ ១ គូមានតម្លៃ ៦០ ម៉ឺនរៀល ទំហំកណ្តាល សម្រាប់មនុស្សធំ ១ គូមានតម្លៃ ១ លាន ១០ ម៉ឺនរៀល និងទំហំធំ ១ គូ មានតម្លៃ ១ លាន ៤០ ម៉ឺនរៀល។
យ៉ាងណាការធ្វើទីងមោងនេះ បានបន្ត និងក្លាយជាមុខរបរប្រកបចិញ្ចឹមជីវិតរបស់គ្រួសារមួយ ស្ថិតនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល របស់គ្រួសារលោក ហាក់ ហេង ដែលប្រកបរយៈពេលជិត ៣ ទសវត្សរ៍មកហើយដែរ ខណៈគិតចាប់ពីឆ្នាំ ២០១០ មក លោកក៏បានផ្ទេរចំណេះដឹងនេះ មកឲ្យកូនប្រុស ២ នាក់ របស់លោកដែរគឺលោក ហេង សុភ័ណ្ឌ និង ហេង គីមផេង។ ឥឡូវនេះ របរធ្វើទីងមោងរបស់គ្រួសារលោក កំពុងតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងពីមជ្ឈដ្ឋានមហាជន ជាពិសេសការធ្វើទីងមោងមានមុខមាត់ឃ្យូតៗ ស្អាតដូចជាតួកុនខ្មែរ កូរ៉េ និងឥណ្ឌា របស់កូនប្រុសលោកទាំង ២ តែម្តង ខណៈសម្រាប់ទីងមោង មុខមាត់បែបអាក្រក់ ឬយក្សជាដើមនោះជាស្នាដៃលោក ហាក់ ហេង។
សម្រាប់អ្នកចូលចិត្ត ឬចង់បានទីងមោងឃ្យូតៗ នោះអាចទៅកាន់ផ្ទះលោក ហាក់ ហេង មានទីតាំងជាប់ស្ពានឃុំខ្ពប ស្ថិតនៅភូមិឫស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល ឬទាក់ទងតាមរយៈលេខទូរស័ព្ទ 097 6669923 / 098 423 657 និងហ្វេសប៊ុកឈ្មោះ Panha So ក៏បាន៕