ក្រុងសៀមរាបៈ ក្រោយពី​ខិតខំ​ចំណាយពេល​អស់​ប្រមាណ​ជាង ៧ ​ខែ បង់​ទាំង​កម្លាំងកាយ និង​ចំណាយ​អស់​ធនធាន​ប្រាក់​រាប់ពាន់​ដុល្លារ​ដើម្បី​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​រចនា​បែប​ខ្មែរ ដែល​ជា​ម៉ូដ​សម្លៀកបំពាក់​តំណាង​ស្ត្រី​ទូទាំង ២៥ ​ខេត្ត-ក្រុង មាន​ឈ្មោះ​ល្បី​មួយ​ប្រាវ​មក​នោះ​ថ្មីៗ​នេះ ក៏​ស្រាប់តែ​សិល្បករ ជៀប ស៊ីបូរ៉ា បញ្ចេញ​ស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​សម្រាប់​តុក្កតា​បាប៊ី​បុរស​វិញ​ម្តង​ដោយ​លោក​ច្នៃ​បាន​ចំនួន ៦ ​ម៉ូដ​ដែល​ជា​ដំណាក់កាល​ដំបូង​។

ទោះបី​ពុំ​ឆ្លងកាត់​រៀន​ជំនាញ​សិល្បៈ​មែន​ក្តី តែ​ថ្វីដៃ​កែច្នៃ​ម៉ូដ​សម្លៀកបំពាក់​បុរាណ​ប្លែកៗ​ដែល​គ្រង​ឈុត​តុក្កតា​របស់​សិល្បករ​ខ្មែរ​មាន​វ័យ ២៧ ​ឆ្នាំ​របស់​កំលោះ​រៀន​ជំនាញ​ព័ត៌មានវិទ្យា តែ​ដុង​សិល្បៈ ជៀប ស៊ីបូរ៉ា កំពុងតែ​ទាក់​ចំណាប់​អារម្មណ៍​ទេសចរ​បរទេស និង​ខ្មែរ​អាណិកជន ជាវ​ទុក​ជា​វត្ថុ​អនុស្សាវរីយ៍​យ៉ាង​ផុសផុល​។

សិល្បករ​សម្បូរ​នូវ​គំនិត​ច្នៃ​ប្រឌិត​លោក ជៀប ស៊ីបូរ៉ា ដែល​មាន​ទេពកោសល្យ​ផ្នែក​សិល្បៈ អតីត​ជា​និស្សិត​ជំនាញ​ផ្នែក​ព័ត៌មានវិទ្យា​បាន​រៀបរាប់​ពី​ការបង្កើត​គំនិត​ច្នៃប្រឌិត​ជា​ម៉ូដ​ឈុត​សម្លៀកបំពាក់​បុរាណ​សម្រាប់​បុរស​នេះ​ថា​៖ «​ដោយសារ​តែ​ពុំ​សូវ​មាន​ពេល ទើប​ខ្ញុំ​ឆ្លៀតពេល​ទំនេរ​ពី​ការងារ​ទៅ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​បុរស​នេះ​បាន​ត្រឹម ៦ ​ម៉ូដ​តែ​ប៉ុណ្ណោះ​ដោយ​បាន​ប្រើពេល​ជិត​ ១ ​ខែ ហើយ​នេះ​ក៏​ជា​ការ​សាកល្បង​ផងដែរ ខ្ញុំ​ពុំទាន់​កំណត់​ថា​ជា​តំណាង​ឲ្យ​ខេត្ត​ណាមួយ​នៅ​ឡើយ​ដែរ​ទេ​។

ម៉ូដ​សម្លៀកបំពាក់​ដែល​រចនា​ចេញ​ពី​គំនូរ​។ រូប Bora Apsara Barbies

បើ​តាម​គម្រោង​ក្នុង​ចិត្ត​គិត​នោះ​គឺថា​ចង់​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​ឲ្យ​បាន​ចំនួន ២៥ ​ម៉ូដ​សម្រាប់​ជា​តំណាង​ខេត្ត-ក្រុង​របស់​ខ្មែរ​ដូចជា​ឈុត​របស់​បាប៊ី​ស្ត្រី​ដែរ តែ​ពេល​នេះ​គ្រាន់តែ​ចាប់ផ្តើម​ច្នៃ​ចំនួន ៦ ​ម៉ូដ​ដែល​ដកស្រង់​យក​ម៉ូដ​តាម​សម័យកាល​ខ្មែរ​បុរាណ​ចំនួន​ ២ ​សិន​គឺ​សម័យអង្គរ និង​សម័យ​ចតុមុខ ព្រោះ​ថា​ការច្នៃ​ម៉ូដ​បាប៊ី​សម្រាប់​ស្ត្រី ២៥ ខេត្ត-ក្រុង​របស់​ខ្ញុំ​នៅ​ពុំទាន់​បាន​ចប់សព្វគ្រប់​នៅ​ឡើយ​ដែរ​ទេ ខណៈ​ខ្ញុំ​មាន​គម្រាង​បញ្ចប់​វា​នៅ​ខែ​តុលា ឆ្នាំ​ ២០១៩ ​នេះ​ហើយ​ចុង​ឆ្នាំ​ក៏​មាន​បំណង​យក​ផលិតផល​សម្រេច​ទាំងនេះ​ទៅ​ដាក់​បង្ហាញ​ផង​ដែរ​»​។

ខណៈ​ឈុត​សម្លៀកបំពាក់​បាប៊ី​សម្រាប់​តំណាង​ស្ត្រី​ខ្មែរ​ទាំង​ចំនួន ២៥ ខេត្ត-ក្រុង​នោះ​រួមមាន ភ្នំពេញ​ឈុត «​រាជិនី​ទីក្រុង​គជ់​» បាត់ដំបង​ឈុត «​ព្រះប្រពៃ​ស្រព​» កំពង់ស្ពឺ​ឈុត «​មន្ត​ស្នេហ៍​រកា​សួគ៌​» ប៉ៃលិន «​មយូរ៉ា​» មណ្ឌលគិរី​ឈុត «​រុក្ខទេវី​» សៀមរាប​ឈុត «​នាង​ទេពអប្សរ​» ឧត្តរមានជ័យ​ឈុត «​នាដ​ស្ត្រី​» ក្រចេះ​ឈុត «​ទេវវារី​» កោះកុង​ឈុត «​សុវណ្ណមច្ឆា​» ត្បូងឃ្មុំ​ឈុត​- «​នារី​ទសវត្សរ៍ ទី​ ៩០» រតនគិរី​ឈុត «​ភូមិ​រីធីតា​» ខេត្តកំពត «​អភិជន​និយម​បារាំង​» ខេត្ត​កណ្តាល «​ធរណី​មាតា​» ស្ទឹងត្រែង «​គង្គាទេវី​» កំពង់ចាម​ឈុត «​បទុមទេវី​» កែបឈុត «​ទេវី​ស្រី​សមុទ្រ​» ព្រៃវែង​ឈុត «​កុល​ស្ត្រី​ខ្មែរ​» កំពង់ឆ្នាំង​ឈុត «​នារី​កុលាភាជន៍​» បន្ទាយ​មានជ័យ «​សោភ័ណ​ស្ត្រី​» កំពង់ធំ «​មហិង្សា​នារី​» ពោធិ៍សាត់ «​បុប្ផា​ផ្សង​ទៀន​» ខេត្ត​ស្វាយរៀង​ឈុត «​វីរ​ស្ត្រី​» ព្រះសីហនុ​ឈុត «​សិង្ហ​អប្សរ​» ខេត្ត​តាកែវ «​សុវណ្ណ​ហង្ស​» និង​ព្រះវិហារ​ឈុត «​គិរីស្វរទេវី​»​។

យ៉ាងណា​ការខិតខំ​ការច្នៃ​ម៉ូដ​សម្លៀកបំពាក់​ដែល​រចនា​បែប​ខ្មែរ ហើយ​ក៏​ធ្លាប់​មាន​ក្តីសង្ឃឹម​ថា​អាច​នាំ​យក​តាំង​បង្ហាញ​សាធារណជន​ទស្សនា និង​ស្វែងយល់​ពី​កម្រង​ស្នាដៃ​ច្នៃ​ម៉ូដ​សម្លៀកបំពាក់​តំណាង​ស្ត្រី​ទូទាំង ២៥ ​ខេត្ត-ក្រុង​របស់​លោក ជៀប ស៊ីបូរ៉ា នោះ​ក៏​គេ​ឃើញថា លោក​នៅ​តែ​ពុំទាន់​អាច​មាន​ឱកាស​រក​ទីកន្លែង​សម្រាប់​ដាក់តាំង​បង្ហាញ​នៅ​ឡើយ ដោយ​ខ្វះ​ការគាំទ្រ និង​ដៃគូ​សហការ​៕