The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីបំផុត​ស្រីស្អាត​កញ្ញា​ យូរី ក្លាយ​ជា​សមាជិក​ថ្មី​នៃ​ផលិតកម្ម​ហង្សមាស​




ទីបំផុត​ស្រីស្អាត​កញ្ញា​ យូរី ក្លាយ​ជា​សមាជិក​ថ្មី​នៃ​ផលិតកម្ម​ហង្សមាស​

Content image - Phnom Penh Post
ថ្មីៗនេះ​ផលិត​កម្ម​ហង្សមាសបញ្ចេញ បទ​ចម្រៀង​ដំបូង​របស់​សមា​ជិក​ថ្មី​កញ្ញា យូរី។ រូបថត ហ្វេសប៊ុក

ទីបំផុត​ស្រីស្អាត​កញ្ញា​ យូរី ក្លាយ​ជា​សមាជិក​ថ្មី​នៃ​ផលិតកម្ម​ហង្សមាស​

ភ្នំពេញ៖ នៅ​ទីបំផុត​​តារា​ចម្រៀង​​​ស្រីស្រស់ សាច់​សខ្ចី​ សម្បូរ​ក្បាច់​រាំ​ប្លែក​​ៗ កញ្ញា សេន យូរី បង្ហាញ​វត្តមាន​នៅ​​ទ្រនំ​ថ្មី​ផលិតកម្ម​​រស្មី​ហង្សមាស ហើយ​ជាមួយ​នឹង​បទ​ចម្រៀង​ដំបូង​ មាន​ចំណង​ជើង​ថា «ផាំងៗ» ក្រោយ​ពី​បាន​ជ្រក​កោន​​​នៅ​ទ្រនំ​ចាស់​ផលិតកម្ម​​​សាន់ដេ​ ក្នុង​រយៈពេល​កុងត្រា​ ​៥ ឆ្នាំ​មក​នោះ។ ​

គេ​​នៅ​ចាំ​បាន​ថា កាល​ពី ​២-៣ ខែ​មុន​ កញ្ញា យូរី ធ្លាប់​បង្ហើប​ប្រាប់​ពី​ការ​អស់​សុពលភាព​នៃ​​កិច្ច​​សន្យា​ជាមួយ​នឹង​ផលិតកម្ម​សាន់ដេ ហើយ​ក៏​​ធ្លាប់​​អះអាង​ថា រូប​​​នាង និង​ថៅកែ​សាន់ដេ ក្នុង​រយៈពេល ៥ ឆ្នាំ កន្លង​មក​នោះ ដូច​​ជា​គ្មាន​អ្វី​បង្ក​ភាព​​​ល្អក់​កករ ឬ​​​មាន​ទំនាស់​អ្វី​មួយ​ទេ​ គឺ​មាន​តែ​​​​ធ្វើ​ការងារ​ជាមួយ​គ្នា​ ប្រកប​ទៅ​​ដោយ​ស្នាម​​ញញឹម​​ទៀត​ផង។​

លើស​​ពី​នេះ ក្រោយ​ពី​បាន​បង្ហាញ​វត្តមាន​នៅ​ទ្រនំ​ថ្មី​ភ្លាម កញ្ញា​ យូរី ក៏​បាន​បញ្ជាក់​ផង​ដែរ​ពី​ការ​​ដើរ​ចេញ​ពី​ផលិតកម្ម​​ចាស់​នោះ​​ថា៖ «​ហេតុផល ដែល​​នាង​ខ្ញុំម​ក​ផលិតកម្ម​ហង្សមាស មិន​មែន​ដោយសារ​មាន​បញ្ហា​នៅ​ផលិតកម្ម​សាន់ដេ នោះ​ទេ គឺ​ដោយសារ​តែ ​យូរី ចង់​បាន​បទពិសោធ​ថ្មី​នៅ​កន្លែង​ថ្មី​ប៉ុណ្ណោះ​»។

Content image - Phnom Penh Post
តារា​ចម្រៀងស្រីស្អាត​ សាច់សខ្ចី​ កញ្ញា យូរី បានសម្រេចចេញ​ពី​សាន់ដេ មកជ្រក​​ទ្រនំថ្មីហង្សមាស។ រូប​ថត​ ហ្វេសប៊ុក

អ្វី​​​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​​​​​កញ្ញា យូរី ​កាល​នៅ​​ច្រៀង​​ក្នុង​ផលិតកម្ម​ Rock និង​ផលិតកម្ម​សាន់ដេ គឺ​​សុទ្ធ​តែ​មាន​ការ​​​​ចុះ​កុងត្រា​​ដូច​គ្នា​ ហើយ​​​​​ក្រោយ​ពី​ផុត​កុងត្រា​ម្តងៗ គេ​តែង​​តែ​ឃើញ​នាង​​ចង់​សម្រាក​​​​មួយ​​រយៈសិន​ យូរ​បំផុត​ត្រឹម​ ២-៣ ខែ នាង​ក៏​​ព្រលយ​​ឲ្យ​​ដឹង​​ពី​ទ្រនំ​ថ្មី​​​នៅ​ផលិតកម្ម​ណា​​​មិន​ខាន​។​ ខណៈ​ការ​មក​​​ទ្រនំ​ថ្មី​​ហង្សមាស​នេះ ក៏​មាន​កា​រ​ចុះ​កុងត្រា​ដូច​គ្នា​​ដែរ ដោយ​កញ្ញា សេន យូរី ប្រាប់​ដូច្នេះ​ថា៖ «ជា​ការ​ពិត នាង​ខ្ញុំ​មក​ហង្សមាស​នេះ ក៏​មាន​កិច្ចសន្យា​ផង​​ដែរ តែ​គ្រាន់​ខាង​ក្រុមហ៊ុន​គេ​សុំ​មិន​ឱ្យ​បង្ហើប​ឲ្យ​​ដឹង​ទៅ​ក្រៅ​ប៉ុណ្ណោះ ដែល​នេះ​គឺ​ជា​លក្ខខណ្ឌ​របស់​ខាង​ក្រុមហ៊ុន​»។​

គួរ​បញ្ជាក់​ផង​ដែរ​ថា កញ្ញា ​យូរី គឺ​ជា​តារា​ចម្រៀង​​ស្រី​ ដែល​ទទួល​បាន​ប្រជាប្រិយភាព​ពី​យុវវ័យ​ខ្លាំង​ និង​មាន​​ក្បាច់​រាំ​យ៉ាង​ជក់​​ចិត្ត មិន​​ចាញ់​តារា​ចម្រៀង​​ស្រី​​នៅ​ថោន​កញ្ញា​ រ៉ាប៊ី ឬ​អតីត​ជា​តារា​​ចម្រៀង​​​នៅ​ហង្សមាស​កញ្ញា ​ទេព បូព្រឹក្ស នោះ​ឡើយ​ ខណៈ​​កញ្ញា យូរី ធ្លាប់​មាន​​​បទចម្រៀង​ផ្ទុះ​ខ្លាំង​​​លើ​បណ្តាញ​​សង្គម​យូធូប​​ជាមួយ​នឹង​​បទ​ ​«ចាក់​ទឹក​​​ដូង»​​។​

នា​​ឱកាស​ដ៏​ល្អ​សម្រាប់​កញ្ញា យូរី មក​​ទ្រនំ​ថ្មី​ហង្សមាស​នេះ​ គឺ​ចំពេល​អវត្តមាន​តារា​ចម្រៀង​ស្រី​សម្បូរ​ក្បាច់​រាំ​កញ្ញា ទេព បូព្រឹក្ស ទៀត​ផង​នោះ​ ​ទើប​មហាជន​ជា​អ្នក​គាំទ្រ​​ក៏​លើក​​ឡើង​​​ថា​៖ «វត្តមាន​មក​ដល់​​ផលិតកម្ម​ហង្សមាស របស់​តារា​ចម្រៀង​ស្រី​សាច់​សខ្ចី យូរី ហាក់​ដូចជា​ការ​មក​បំពេញ​​កន្លែង​​កញ្ញា ទេព បូព្រឹក្ស អ៊ីចឹង​ដែរ ព្រោះ​អ្នក​ទាំង ​២​ មាន​ទេពកោសល្យ​ស្រដៀង​គ្នា​ជា​ពិសេស​សម្បូរ​​ក្បាច់​រាំ​ប្លែកៗ​​»។ ចំពោះ​កញ្ញា យូរី បាន​បំភ្លឺ​ដោយ​ខ្លាច​មាន​ការ​ភាន់​ច្រឡំ​ថា៖ «​មហាជន​ ​គឺ​អាច​មាន​សិទ្ធិ​​បញ្ចេញ​នូវ​​មតិ​​បាន​ចំពោះ​អ្នក​សិល្បៈ តែ​​​នាង​ខ្ញុំ​យល់​ថា អ្នក​​សិល្បៈ​ត្រូវ​តែ​មាន​ស្ទីល​ប្លែកៗ​រៀង​ខ្លួន​ ដើម្បី​​ទាក់ទាញ​​អារម្មណ៍​បង​ប្អូន​ប្រិយមិត្ត»៕​

អត្ថបទគួរចាប់អារម្មណ៍