ក្រុងទុយនីស៖ សហគ្រិនទុយនីស៊ីម្នាក់បានដាំផ្កាសម្រាប់ជាអាហារបាននិយាយថា ខ្លួនមានការភ្ញាក់ផ្អើលចំពោះអាហារផ្កាដែលដាំនៅចម្ការឯផ្ទះនៅប្រទេសអាហ្វ្រិកខាងជើងនេះ និងរំពឹងបានឃើញផ្ការីកចេញជា «វប្បធម៌ម្ហូបបែបថ្មី»។
អ្នកស្រី សូនីញ៉ា អប៊ីឌី ជាអ្នកកាសែតអាយុ ៤២ ឆ្នាំ បានងាកមកបង្កើតដំណាំសរីរាង្គតិចតួច តែជាផលិត «ចេញពីសេចក្ដីស្រឡាញ់» ដ៏មានតម្រូវការខ្ពស់។
ក្នុងចំណោមផ្កាដែលអ្នកស្រីដាំ មានប្រភេទ ផ្កាបូរ៉ាក ជាផ្ការូបដួងតារាពណ៌ខៀវ ដែលមានរសជាតិស្រដៀងត្រសក់ ផ្កាឈីវ ពណ៌ស្វាយរសជាតិប្រហាក់ប្រហែលខ្ទឹមបារាំង និងផ្កាណាស្ទើធុម ដែលមានពណ៌ចាប់ពីលឿងខ្ចីរហូតដល់ទឹកក្រូច ជាមួយរសជាតិដូចឆៃថាវ។
ក្រោយនាំចួលពូជផ្កាចម្រុះ ៤២ ប្រភេទ ពីប្រទេសបារាំង អ្នកស្រី អុីប៊ីឌី ចាប់ផ្ដើមដាំពូជមួយចំនួន។ អ្នកស្រីបាននិយាយទាំងមោទនថា៖ «ខ្ញុំធ្វើអ្វីដែលខ្ញុំស្រឡាញ់ចូលចិត្ដ ដែលបង្កើតភាពស្រស់ស្អាត និងចម្រុះពណ៌»។
អ្នកស្រីនិយាយថា អ្នកស្រីសង្ឃឹមថា ផ្កាទាំងនេះនឹងបង្កើតជា «វប្បធម៌ម្ហូបថ្មីសម្រាប់ប្រទេស»។ ផ្កាស្រស់ៗ ដែលអាចប្រើសម្រាប់ជាគ្រឿងផ្សំអាហារចាប់ពីស៊ុបរហូតដល់ញាំ ព្រមទាំងទឹកតែ សុទ្ធតែជារបកគំហើញថ្មី។
ក្នុងសណ្ឋាគារប្រណីតមួយនៅ Gammarth ជាយក្រុងទុយនីស មេចុងភៅ បាសេម ប៊ីហ្ស៊ិដ បានប្រើផ្កាណាស្ទើធុម ជាល្បាយក្នុងម្ហូបត្រីបំពងនំប៉ុ័ងក្រៀម និងជាល្បើយមុខម្ហូបដទៃជាមួយញាំស្លឹកផ្កា ឬគ្រឿងតុបតែងលើការ៉េមដោយប្រើផ្កាពណ៌ស្វាយ។
លោកនិយាយថា៖ «អតិថិជនពិតជាពេញចិត្ដចំពោះរបកគំហើញថ្មីនេះ»។
មេចុងភៅសណ្ឋាគារ ជនជាតិអុីតាលី អាឡេសសាន់ដ្រូ ហ្វុងតាណេស៊ី បាននិយាយថា អំឡុងពេលវិបត្ដិកូរ៉ូណាសកល ផ្កាមានអត្ថប្រយោជន៍លើសពីការបញ្ចេញសម្រស់ ជាមួយគ្រឿងតុបតែងថ្មី និងបង្កើនរសជាតិអាហារផងដែរ។
អ្នកស្រីបច្ចុប្បន្នបានបង់ប្រាក់ជូនរដ្ឋប្រមាណ ៥២០ ដុល្លារ ក្នុងមួយឆ្នាំ ដើម្បីជួលដី ៥ ហិកតា។
អ្នកស្រីនិយាយថា៖ «ផ្ការបស់ខ្ញុំបានក្លាយជាពិភពថ្មីរបស់ខ្ញុំ។ ខ្ញុំនឹងខិតខំប្រឹងប្រែងសម្រាប់គម្រោងនេះ»៕ AFP/HR