The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ទីភ្នាក់ងារ​ទ្រនំ​ក្រុម BTS ទិញ​ក្រុមហ៊ុន​គ្រប់គ្រង ចាស្ទីន និង អារីយ៉ាណា




ទីភ្នាក់ងារ​ទ្រនំ​ក្រុម BTS ទិញ​ក្រុមហ៊ុន​គ្រប់គ្រង ចាស្ទីន និង អារីយ៉ាណា

Content image - Phnom Penh Post
ទីភ្នាក់ងារ​ទ្រនំ​ក្រុម BTS វាតទី​ចូលទីផ្សារ​កម្សាន្ត​នៅសហរដ្ឋ​អាមេរិក​​​​​។ រូបថត AFP

ទីភ្នាក់ងារ​ទ្រនំ​ក្រុម BTS ទិញ​ក្រុមហ៊ុន​គ្រប់គ្រង ចាស្ទីន និង អារីយ៉ាណា

ក្រុង​សេអ៊ូល៖ ទីភ្នាក់ងារ​គ្រប់គ្រង​ក្រុម​តារាចម្រៀង BTS របស់ ​K-pop បាន​ប្រកាស​ចាយ​លុយ ១,០៥ ពាន់​លាន​ដុល្លារ​ ទិញ​ក្រុមហ៊ុន​អាមេរិក​ដែល​គ្រប់គ្រង​លើ​តារាចម្រៀង Justin Bieber និង Ariana Grande ក៏​ដូចជា​តារា​ល្បីៗ​ដទៃ​ទៀត។

ផលិតកម្ម HYBE ដែល​មាន​ឈ្មោះ​ផ្លូវ​ការ Big Hit Entertainment នឹង​ធ្វើ​ការ​វិនិយោគ​ទឹក​ប្រាក់ ១,០៧ ពាន់​ពាន់​លាន​វ៉ុន (៩៥០ លាន​ដុល្លារ) លើ​ការ​ទិញ​ហ៊ុន Ithaca Holdings ដែល​គ្រប់គ្រង​ដោយ​សហគ្រិន​ផ្នែក​ផ្សព្វផ្សាយ​អាមេរិក​លោក ស្កុត សាមៀល ស្គូតធ័រ ប្រ៊ន (Scooter Braun)។

នៅ​ក្នុង​បទប្បញ្ញត្ដិ​ដាច់​ដោយ​ឡែក​មួយ​ដែល​ដាក់​ជូន​​នៅ​ក្នុង​ទីក្រុង​សេអ៊ូល ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ឧបសម្ព័ន្ធ​របស់​ខ្លួន​នៅ​អាមេរិក​នឹង​ចំណាយ​ប្រាក់​សរុប ១,០៥ ពាន់​លាន​ដុល្លារ ​ក្នុង​ការ​ប្រមែប្រមូល​ទិញ​ហ៊ុន​ទាំង​អស់។

ក្រុមហ៊ុន​របស់​កូរ៉េខាងត្បូង​នឹង «ទទួល​បាន​សិទ្ធិ​គ្រប់គ្រង​ផលិតកម្ម HYBE America ដែល​មាន​ហ៊ុន ១០០ ភាគរយ ​លើ​ក្រុមហ៊ុន Ithaca Holdings»។ លោក ប្រ៊ន នឹង​ចូលរួម​ក្នុង​គណៈកម្មការ​ផលិតកម្ម HYBE និង​ក្រុម​សិល្បករ-សិល្បការិនី រួមទាំង ក្រុម BTS, Bieber និង Grande ដែល​នឹង​បង្កើន​ទុនវិនិយោគ​របស់​ក្រុមហ៊ុន​កូរ៉េ​ខាង​ត្បូង។

Content image - Phnom Penh Post
រូបភាព​ក្រុមចម្រៀង BTS ​នៅ​ស្ថានីយធ្វើដំណើរឯក្រុងសេអ៊ូល​​​​។ រូបថត AFP

លោក Braun បាន​ឱ្យ​ដឹង​អំពី​ការ​ច្របាច់​បញ្ចូល​គ្នា​នេះ​ថា៖ «នេះ​ជា​ឱកាស​សម្រាប់​ពួក​យើង​ក្នុង​ការ​បង្កើត​ប្រវត្ដិសាស្ដ្រ និង​បង្កើន​ការ​អភិវឌ្ឍ​ឧស្សាហកម្ម​តន្ដ្រី»។

ក្រុម​ចម្រៀង BTS មាន​ឈ្មោះ​បោះ​សំឡេង​នៅ​ទូទាំង​ពិភព​លោក​តាំង​ពី​ចេញ​ប្រឡូក​ឧស្សាហកម្ម​ចម្រៀង​ដំបូង​ក្នុង​ឆ្នាំ ២០១៣ ហើយ​ចម្រៀង «Dynamite» បាន​ជាប់ ​Billboard Hot 100 ក្នុង​កម្រិត​កំពូល​លេខ ១ កាល​ពី​ឆ្នាំ​មុន ដែល​ធ្វើ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ក្រុម​ចម្រៀង​កូរ៉េខាងត្បូង​ដំបូង​លើ​កំពូល​តារាង​អាមេរិក។

កាល​ពី​ខែ​តុលា ផលិតកម្ម HYBE បាន​រក​ចំណូល​រាប់​ពាន់​លាន​ដុល្លារ​តាំង​ពី​ចូល​ផ្សារ​ហ៊ុន​ដំបូង។

ក្រុមហ៊ុន​បាន​ឱ្យ​ដឹង​ថា ការ​បញ្ចូល​គ្នា​រវាង​ផលិតផល​កូរ៉េ​ខាង​ត្បូង និង​អាមេរិក​បំណង​បង្កើន​លទ្ធភាព​ទីផ្សារ​សកល៕ AFP/HR

អត្ថបទគួរចាប់អារម្មណ៍