កំពង់ឆ្នាំង: ក្មេងប្រុស​ដៃជើង​ខ្វេរ​ខ្វង់ មាត់​វៀច ហា​ស្ដី​មិនបាន ដែល​អង្គុយ​លើ​រទេះ​រុញ​កំបាក់​កំពុក ចង​ក្រមា ចង​ខ្សែ​ទប់​ការ​បាក់​រហែក ស្រាប់​តែ​លើក​ដៃ​ឡើង និង​បង្ហាញ​អាកប្ប​កិរិយា​ត្រេកអរ ពេល​ព្រះសង្ឃ​មួយ​អង្គ​សួរ​ថា «ប្អូន​ប្រុស​ត្រូវការ​រទេះ​រុញ​ថ្មី​ដែរ​ឬ​ទេ?»។

ព្រម​នឹង​ភាព​រីករាយ​របស់​ក្មេងប្រុស អ៊ូ​ន ធី​ម អាយុ ១៦ ឆ្នាំ ដែល​ធ្លាក់ខ្លួន​ពិការ​អង្គុយ​ផ្ដេក​ផ្តួល​តែ​លើ​រទេះ​រុញ​តាំង​ពី​កុមារភាព ស្ដ្រី​ពាក់​អាវ​យឺត​ពណ៌​លឿង ដិត​តាម​ស្នាម​ក្អែល​តោង​កាន់​ស្ទើរ​ប្រែជា​ពណ៌​ត្នោត អ្នក​ស្រី នេត វណ្ណ អាយុ ៤៤ ឆ្នាំ​ដែល​អ្នក​ទាំង ២ រស់​នៅ​ក្នុង​ភូមិ​ជ្រៃ​កោង​លិច ឃុំ​ខ្នារ​ឆ្មារ ស្រុក​សាមគ្គី​មានជ័យ ខេត្ដ​កំពង់​ឆ្នាំង បាន​ឆ្លើយ​ជំនួស​កូន​ថា៖ «ខ្ញុំ​ចង់​បាន​របស់​របរ ថវិកា និង​អង្ករ​ចិញ្ចឹម​កូន។ ករុណា សុំ​តែ​ប៉ុណ្ណឹង​ទេ ព្រោះ​ខ្ញុំ​ករុណា​ខ្វះ​ខាត»។

បន្ទរ​ពី​ការសុំ​គ្រឿង​បរិភោគ​របស់​ស្ដ្រី​ជា​ម្ដាយ​សម្រាប់​កូន ព្រះ​ភិក្ខុ ស បញ្ញា​ឫ​ទិ្ធ ព្រះជន្ម ២៣ វស្សា ដែល​រមែង​និមន្ដ​ធ្វើ​សកម្មភាព​មនុស្ស​ធម៌ បាន​បន្ដ​សង្ឃដីកា​ក្នុង​វីដេអូ​ឃ្លីប​ថា៖ «ជា​ពិសេស សុំ​ចម្រើន​ពរ​ដល់​បងប្អូន មេត្ដា​ចូលរួម​ជួយ​ឧបត្ថម្ភ​រទេះ​របស់​ប្អូន​ប្រុស និង​សម្ភារ​ប្រើប្រាស់ ពី​ព្រោះ​រទេះ​នេះ​ត្រូវ​ចង​ក្រមា ចង​ខ្សែ​បាក់​បែក​អស់​ហើយ»។

ពេល​ប្រសូត​មកជា​កុមារ​មាន​សុខ​ភាពល្អ​ប្រក្រតី តែ​ទើប​អាយុ​បាន ៣ ខែ កុមារា ធី​ម បាន​ធ្លាក់​ខ្លួន​ឈឺ​ដែល​ត្រូវ​សម្រាក​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា​រហូត​ដល់​ជាង ១ ឆ្នាំ។

អនិច្ចា​ព្រហ្ម​លិខិត​កំហិត​ឲ្យ​ស្ដ្រី​ទទួល​អំ​រែក​នូវ​បន្ទុក​រែកពុន​ជីវភាព​គ្រួសារ និង​បីបាច់​កូន​ពិការ​រូប​នេះ បាន​បាត់​បង់​ស្វាមី​អំឡុង​ពេល​កូន​សម្រាក​នៅ​ពេទ្យ​ជាង ១ ឆ្នាំ ដោយ​សារ​តែ​សុខភាព​ទ្រុឌទ្រោម ខណៈ​កូន​ស្រី​វ័យ​ជាង ២០ ឆ្នាំ ពិការ​ពី​កំណើត​ក៏​ចាក​ចោល​ផ្ទះ​បាត់​ដំណឹង​សូន្យ​ឈឹង។

ដោយ​មិនបាន​លើកដៃ​សំពះ​សុំ​ជំនួយ​ជួយ​ខ្លួនឯង ដែល​ជើង​ចេញ​ដំបៅ​រលេះ​រលួយ​ពី​ការ​រលាក​ភ្លើង​រ៉ាំរ៉ៃ អ្នក​ស្រី នេត វណ្ណ ថែម​ទាំង​បាន​បដិសេធ​មិន​ទៅ​ធ្វើ​ការ​ព្យាបាល​ជា​ដាច់​ខាត ទោះ​ការ​ព្យាបាល​មិន​អស់​ប្រាក់​ក៏ដោយ។

​​ជើង​ដំបៅរលួយ​របស់អ្នកម្ដាយ ដែល​មិន​ឃ្លាត​ពី​កូន​។ ហ្វេសប៊ុក

ព្រះ​តេជគុណ​គង់នៅ​វត្ដ​កា​សេម​រតនា​រាម ក្នុង​ក្រុង​កំពង់ឆ្នាំង​អង្គ​នេះ បាន​ពន្យល់​មូលហេតុ​ថា៖ «អាត្មា​ព្យាយាម​បញ្ចុះ​បញ្ចូល​គាត់​គ្រប់​វិធីសាស្ដ្រ​ដើម្បី​ឲ្យ​គាត់​ទៅ​ព្យាបាល​ជើង​អស់​ហើយ តែ​គាត់​មិន​ព្រម​ដាច់​ខាត។ គាត់​ថា បើ​គាត់​ទៅ​ព្យាបាល​ជំងឺ​ខ្លួន​ឯង តើន​រណា​ថែទាំ​កូន​ពិការ​លើ​រទេះ?»។

មិន​ចង់បាន​អ្វី​ក្រៅពី​របស់​របរ ថវិកា និង​អង្ករ​ចិញ្ចឹម​កូន ជាពិសេស រទេះរុញ​ថ្មី​ឲ្យ​កូន​អ្នកស្រី នេត វណ្ណ បាន​ប្រាប់​ថា អ្នក​ស្រី​ងាយ​ស្រួល​ក្នុង​ការ​ដើរ​ស៊ី​ឈ្នួល​រក​ចំណូល​បន្ដិច​បន្ដួច​ផ្គត់ផ្គង់​ជីវភាព​ចិញ្ចឹម​កូន៕