
ភេសជ្ជៈផ្សំពីការ៉ុត ក្រូច ផ្លែប៉ោម និងម្នាស់ ១០០% គ្មានលាយស្ករ ឬទឹកឡើយ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញ: នៅលើក្ដារជ្រញ់ ចំណិតមើមការ៉ុត ផ្លែប៉ោមក្រហម ប៉ោមបៃតង ផ្លែសារីលឿង ត្រូវបានត្រៀមរួចជាស្រេចមុននឹងបញ្ចូលម៉ាស៊ីនទំនើបកិនផលិតជាទឹកផ្លែឈើស្រស់ៗ ច្រកដបរាងមូលកន្តុប ដែលមានបិទភ្ជាប់ស្លាកឈ្មោះ So Fresh Juice អមដោយមុខងារខុសៗគ្នា រាប់ចាប់តាំងពីគុណប្រយោជន៍ថែសម្រស់ ជំនួយអារម្មណ៍ រក្សាទម្ងន់ ផ្ដល់ថាមពលហាត់កីឡា និងប៉ូវសុខភាពផ្លូវភេទជាដើម។
ផ្ទុកនូវជីវជាតិទាំងស្រុងពីផ្លែឈើស្រស់ ១០០ ភាគរយ មិនមានស្ករ ឬទឹកសូម្បីបន្តិច So Fresh Juice ជាស្នាដៃរបស់លោក អៀ វាសនា ដែលបានប្រមែប្រមូលរូបមន្តទឹកផ្លែឈើពីបណ្ដាប្រទេសនានា ផ្អែកលើជីវជាតិ និងវីតាមីនខុសៗគ្នានៃរុក្ខជាតិនីមួយៗ។
ម្ចាស់ហាងវ័យ២៩ឆ្នាំរូបនេះបាននិយាយថា៖ «កាលដែលខ្ញុំបើកហាងនេះឡើងមក ព្រោះខ្ញុំជាមនុស្សចូលចិត្តហាត់ប្រាណ តែឆាប់ហត់ខ្ញុំត្រូវការញ៉ាំទឹកណាដែលមានរសជាតិផ្អែម ប៉ុន្តែក៏មិនធ្វើឲ្យឡើងគីឡូ ទើបខ្ញុំស្រាវជ្រាវរូបមន្តនេះឡើង»។
រូបមន្តផ្សំផ្លែឈើត្រូវបាន លោក អៀ វាសនា ឲ្យដឹងថា៖ «ជាការប្រើចំណេះខ្លួនឯងខ្លះ ស្វែងរកពីប្រភពអ៊ីនធឺណិត និងមើលតាមរសជាតិ ដែលខ្ញុំធ្លាប់បានញ៉ាំនៅបរទេស»។
ចាប់តាំងពីបើកដំណើរការតាំងពីចុងខែកញ្ញាមក ទឹកផ្លែឈើស្រស់តម្លៃ ៣ ដុល្លារក្នុងមួយដបនេះមាន ២១ មុខខុសៗគ្នា ដូចជាទឹក៖ ១. ផ្លែប៉ោម ( Apple of mind) ២. Sexy Men (Light Pink) ៣. Sex Me Up ៤. កាត់ស្ត្រេស (Stress Down) ៥. កីឡា (Sport) ៦. បេះដូង (Heart Red) ៧. ថាមពល (Power) ៨. បន្សាបស្រវឹង (Hangover) ៩. ស្នាមញញឹមនៃសម្រស់ (Beauty Smile) ១០. ថែរក្សាស្បែក (Skin Care) ១១. សម្រកទម្ងន់ (Weight Lost) ១២. ផ្លែប៉ោមកម្ចាត់ជាតិពុល (Apple Detox) ១៣. រំសាយស្ត្រេស (Stress Detox) ១៤. ស្ត្រប៊ើរី (Strawberry Detox) ១៥. សម្អាតជាតិពុល (Detox) ១៦. New ១៧. Fight Detox ១៨. ជីវិតសិច (Sex Life) ១៩. Relax Juice ២០. Easy Juice និង So Fresh Juice។

ផ្លែឈើស្រស់ៗគ្រឿងផ្សំ So Fresh Juice។ ស្រេង ម៉េងស្រ៊ុន
ក្នុងចំណោមនោះ ម្ចាស់ហាងក៏បានឲ្យដឹងដែរថា៖ «ទឹកផ្លែឈើ ភ្ញៀវចូលចិត្តកុម្ម៉ង់ញ៉ាំជាងគេមានលេខ ៥. Sport អត្ថប្រយោជន៍របស់វា ហាត់ប្រាណបានយូរ យើងអាចញ៉ាំបានមុនពេលហាត់ប្រាណ និងពេលហាត់រួច ដោយមិនធ្វើឲ្យមានការឡើងគីឡូឡើយ។ រីឯមួយមុខទៀតគឺលេខ ១០. Skin Care អត្ថប្រយោជន៍ជំនួយដល់ស្បែក ធ្វើឲ្យស្បែកភ្លឺ និងម៉ដ្ដរលោង»។
ដោយមិនផ្ទុកសារធាតុអ្វីផ្សេងក្រៅតែពីផ្លែឈើធម្មជាតិនោះ ភេសជ្ជៈនេះអាចរក្សាទុកក្នុងទូទឹកកកត្រឹមរយៈពេល ១ ថ្ងៃទៅ ២ ថ្ងៃប៉ុណ្ណោះ។
លោក អៀ វាសនា បានបន្តទៀតថា៖ «នៅក្នុង ១ ថ្ងៃខាងយើងលក់បានចាប់ពី ៤០-៥០ ដប និងនៅពេលខាងមុខនេះ ខ្ញុំនឹងបន្ថែមខលីជេន (Collagen) ជំនួយដល់សម្រស់កាន់តែខ្លាំងឡើង ហើយខ្ញុំកំពុងតែមានគម្រោងបើកសាខាថ្មីនៅ Aeon Mall និងបឹងកេងកង ១ ទៀតផងដែរ»។
So Fresh Juice នៅផ្លូវលេខ ៣១៣ ក្រោយផ្សារមាន់អាំង ទាក់ទងតាមអ៊ីនស្តាក្រាម sofreshjuicekh និងទូរស័ព្ទ ០៩៦ ៥៦ ៦៦ ៧២០៕
ស៊ុង សុវណ្ណនី