ភ្នំពេញ៖ ក្រោយ​ពី​មាន​ចំណង​ស្នេហ៍​​ឆ្លង​ទ្វីប​ប្រមាណ​ជាង ៤ ឆ្នាំ ជាមួយ​នឹង​បុរស​រូប​សង្ហា​ជាតិ​អាមេរិក​លោក ចូវ៉ានី អេនតូនីញ៉ូ ដែល​ជា​នាយក​ប្រតិបត្តិ និង​ជា​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​ឈ្មោះ CMS​ នោះ​មក​ កញ្ញា ទឹម រដ្ឋា ​តារា​សម្ដែង​ស្រី ដែល​តែងតែ​​ល្បី​រង​ពាក្យ​ខ្សឹបខ្សៀវ​​ពី​ស្នេហា​នឹង​បុរស​ខុស​​សញ្ជាតិ​ជា​រឿយៗ​​​នោះ ហាក់​នៅ​ពុំ​ទាន់​មាន​ការ​នឹក​នា​រឿង​ដឹក​ដៃ​គូស្នេហ៍​ចូល​រោង​មង្គលការ​នៅ​ឡើយ​។

ក្រៅ​ពី​គេ​ឧស្សាហ៍​ឃើញ​នាង​បណ្តើរ​សង្សារ​អាមេរិក ​រូប​សង្ហា ចូលរួម​ក្នុង​កម្មវិធី​ផ្លូវ​ការ ឬ​​​​កម្មវិធី​សង្គម​នានា​​ដោយការ​​បើក​ចំហ​តារា​​សម្តែង និង​ម៉ូដែល កញ្ញា ទឹម រដ្ឋា ក៏​​តែងតែ​បង្ហោះ​រូប និង​សារ​ផ្អែម​ល្ហែម​បង្ហាញ​ពី​ភាព​​សិ្នទ្ធស្នាល​ជា​គូស្នេហ៍​ពេល​​ដើរ​កម្សាន្ត​នៅ​ទី​នានា​យ៉ាង​រីករាយ រហូត​ធ្វើ​ឲ្យ​​មហាជន​គាំទ្រ​ជំរុញ​ឲ្យ​​នាង​ឆាប់​រួស​រាន់​ដឹក​ដៃគ្នា​ចូល​​រោងការ​ឆាប់ៗ​ទៀត​ផង តែ​ខាង​សាមី​ខ្លួន​មើល​ទៅ​ហាក់​មិន​ទាន់​ខ្វល់​។

ខណៈ​គូសេ្នហ៍​នេះ ​កាន់​តែ​បង្ហាញ​​ភាព​ផ្អែមល្ហែម​ខ្លាំង​​ឡើងៗ ឯ​ដំណឹង​រៀបការ​​​នៅ​តែ​បន្ដ​ភាព​ស្ងប់ស្ងាត់​ដដែល ទើប​ធ្វើ​ឲ្យ​​​ក្រុម​អ្នក​សិល្បៈ​រួម​អាជីព​​​មួយ​ចំនួន ​​បាន​​​សម្ដែង​ការ​បារម្ភ​​ជំនួស​​នាង​​​ព្រោះ​​​ខ្លាច​​​​ដើរ​ជាន់​​ដាន​​ផ្លូវ​ចាស់ ​និង​ធ្វើ​ឲ្យ​ចំណង​​ស្នេហ៍​អាច​​​បញ្ចប់​កណ្ដាល​ទី​ដូច​​​មុន​ទៀត​​​។

តារាសម្តែង ម៉ូដែល និង​ពិធីការិនី រាង​ស្ល៊ីម​កញ្ញា ទឹម រដ្ឋា​។ហុង មិនា

ទោះ​​ជា​យ៉ាង​ណា​ក្តី​កញ្ញា ទឹម​ រដ្ឋា ហាក់​គ្មាន​ការ​គិត​ច្រើន​ទៅ​លើ​មង្គលការ​ឆាប់ៗ​នោះ​​ទេ ដោយ​នាង​​ធ្លាប់​​បង្ហើប​ប្រាប់​ថា នាង​នឹង​មិន​បណ្ដោយ​​ឲ្យ​លើស​ពី​អាយុ ​៣៥ ឆ្នាំ​នោះ​ឡើយ ខណៈ​​ដែល​​​​​ឆ្នាំ​នេះ​​ នាង​​ទើប​មាន​វ័យ ៣០ ឆ្នាំ ដូច្នេះ​មានន័យ​ថា​ នាង​ត្រូវ​​ប្រើ​ពេល​បណ្តើរ​សង្សារ​រហូត​​ដល់​​​ឆ្នាំ ​២០២៥ ទើប​បាន​នាង​សម្រេច​​​​ចិត្ត​គិត​រឿង​ថ្ងៃ​រៀប​ការ។

តារា​សម្តែង​ស្រី​បែប​សិចស៊ី ឬ​ស៊ីវិល័យ​កញ្ញា ទឹម រដ្ឋា​ បាន​បង្ហើប​ដែរ​ថា​៖ «​រឿង​​រៀបការ គឺ​នាង​ខ្ញុំ​សុំ​មិន​ទាន់​បរិយាយ​ថា​​​យ៉ាង​ណា​​ទេ តែ​សុំ​ទុក​ពេល​​​វេលា​មួយ​រយៈ​​ទៀត​​សិន ដើម្បី​​​​​សិក្សា​ស្វែង​យល់​ចិត្ត​គ្នា។ នាង​ខ្ញុំ​ក៏​សុំ​មិន​ទាន់​កំណត់​​ពេលវេលា​យ៉ាង​ណា​ថា នឹង​ត្រូវ​ដល់​​ពេល​ត្រូវ​​​ចាត់​​ចែង​រឿង​នោះ ព្រោះ​ថា​ ពេល​ទៅ​ថ្ងៃ​ខាង​មុខ​​នោះ​គឺ យើង​​ពិត​ជា​មើល​មិន​អាច​ឃើញ​​ដែរ»។

យ៉ាង​ណា​ក្តី​បើ​តាម​​ការ​តាមដាន​ពី​សម្ព័ន្ធភាព​ស្នេហា​រវាង​​តារា​សម្តែង​ស្រី​ មាន​រាង​ស្ល៊ីម ដែល​​​មហាជន​ឲ្យ​​រហស្សនាម​ថា ជា​តារា​ស្រី​​ស្វាក់​ស្នេហ៍​ច្រើន​តែ​​កន្លង់​បរទេស​ កញ្ញា ទឹម រដ្ឋា និង​គូ​​ស្នេហ៍​ថ្មី​ជា​បុរស​​រូប​សង្ហា​​ជា​ជនជាតិ​អាមេរិក ដែល​ជា​នាយក​ប្រតិបត្តិ ​និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចលនទ្រព្យ​មួយ​គឺ​​លោក ចូវ៉ានី អេនតូនីញ៉ូ ពិត​ជា​មាន​ភាព​​ស៊ី​ចង្វាក់​គ្នា​ និង​​​បាន​បង្កើត​នូវ​ភាព​ផ្អែម​ល្ហែម​​ខ្លាំង ហើយ​រក្សា​បាន​នូវ​ចំណង​ស្នេហ៍​ខ្លួន​​​មាន​រយៈពេល​រាង​យូរ​ក្រែល​​​​ជាង​គេ បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំណង​ស្នេហ៍​របស់​នាង​ ជាមួយ​​នឹង​​អតីត​សង្សារ​​មុនៗ​​ដូចជា​ជនជាតិ​ប៉ាគីស្ថាន ​និង​ប្រេស៊ីល​ ដែល​មាន​សម្ព័ន្ធភាព​​រយៈពេល​មិន​យូរ​ឡើយ៕​