ភ្នំពេញៈ ខណៈ​មហាជន​ទើបតែ​សរសើរ​ពី​ការ​ចេះ​សម្រប​ខ្លួន និង​ការយល់​កាលៈ​ទេសៈ​របស់​តារា​សម្ដែង និង​ម៉ូដែល​ស្រី​រាង​ស្ល៊ីម​កញ្ញា ទឹម រដ្ឋា មាន​ចំណង​ស្នេហ៍​ដ៏​ផ្អែម​ល្ហែម​នឹង​បុរស​ជាតិ​អាមេរិក ជា​អ្នក​ជំនួញ​អចល​នទ្រព្យ​ល្បី ១ រូប​នៅ​ស្រុក​ខ្មែរ ដែល​បង្កាត់​ភ្លើង​ស្នេហ៍​ជាង ២ ឆ្នាំ មក ឃើញ​សកម្ម​ទៅ​រៀន​ភាសា​ចិន​សោះ​នោះ ក៏​ស្រាប់​តែ​ថ្មីៗ​នេះ នាង​បង្ហោះ​សារ​ចម្លែក​ដូចជា​មាន​រឿង​រកាំ​រកូស​នឹង​គូស្នេហ៍​ទៅ​វិញ។

សារ​នោះ តារា​ស្រី​ដែល​ហ៊ាន​សម្រេចចិត្ត​រួមរស់នៅ​ក្រោម​ទ្រនំ​ថ្មី​តែមួយ ជាមួយ​នឹង​សង្សារ​ថ្មី​ទ្រព្យ​ស្តុក​ជាតិ​អាមេរិក​ឈ្មោះ ចូវ៉ានី អេនតូនីញ៉ូ​គឺជា​នាយក​ប្រតិបត្តិ និង​ស្ថាបនិក​នៃ​ក្រុមហ៊ុន​អចល​នទ្រព្យ CMS នោះ សរសេរ​ថា៖ «ស្ថានភាព​ជីវិត​របស់​ខ្ញុំ មាន​ភាព​ផ្សេង​គ្នា​ពី​ជីវិត​អ្នក ដោយ​នាង​ខ្ញុំ​ខំ​ប្រឹង​រក​ប្រាក់​ដើម្បី​ជួយ​ផ្គត់ផ្គង់​គ្រួសារ​ទាំង​ស្រុង។ អ្នក​ឯង​វិញ​ចំណាយ​ប្រាក់​ជួយ​ទៅ​គ្រួសារ​តែ ១០ ភាគរយ​ប៉ុណ្ណោះ តែ​ខ្ញុំ​វិញ​គឺ​ចំណាយ ១០០ ភាគរយ​តែ​ម្តង។ អ៊ីចឹង​អ្នកឯង​សាក​ស្រមៃ​គិត​មើល​ទៅ កុំ​យក​ខ្លួន​មក​ប្រៀប​ធៀប​ជាមួយ​នឹង​ខ្ញុំ​ឲ្យ​សោះ!»។

មិនយូរប៉ុន្មាន​ក្រុម​អ្នក​និយម​តាមដាន​ជីវិត​ឯកជន​របស់​តារា​សម្ដែង និង​ម៉ូ​ដែល​ស្រី​រាង​សិច​ស៊ី កញ្ញា​ទឹម រដ្ឋា ក៏​លាន់​មាត់​ថា៖ «អីយ៉ា!​កញ្ញា​បុប្ផា​ស្វាក់​ស្នេហ៍​កន្លង់​បរទេស ដែល​កំពុង​តែ​មាន​ភាព​ផ្អែម​ល្ហែមនៃ​ចំណង​ស្នេហ៍​ច្រើន​ឆ្នាំ​ហើយ ជាមួយ​នឹង​បុរស​ជាតិ​អាមេរិក​សោះ ម៉េច​ឥឡូវ ក៏​ហាក់​ដូចជា​កើត​មាន​រឿង​រកាំ​រកូស​នឹង​គ្នា​ព្រោះ​ការ​ចំណាយ​ប្រាក់​ទៅ​វិញ​អ៊ី​ចឹង?»។

ខុសស្រឡះ​ពី​ការ​ស្មាន ខណៈ​កញ្ញា ទឹម រដ្ឋា បាន​បំភ្លឺ​ប្រាប់​ពីសារ​នោះ​ឲ្យ​ភ្នំពេញ​ប៉ុស្តិ៍​បានដឹង​ថា៖ «នោះ​មិន​មែន​ជា​សារ​និយាយ​ពី​រឿង​នាង​ខ្ញុំ និង អេនតូនីញ៉ូ ទេ!​តាម​ពិត​ទៅ​វា​ជា​សារ​មួយ​ដែល​នាង​ខ្ញុំ ចង់​មាន​ន័យ​ចំអក​ទៅ​ឲ្យ​ក្រុម​អ្នក​មាន​អាជីព​សិល្បៈ​ដូចគ្នា​មួយ​ចំនួន ដែល​មាន​ចិត្ត​ទើស​ទែង​គេ និង​តែង​រិះគន់​មើល​ពី​ទង្វើ​របស់​គេ​ប៉ុណ្ណោះ។ ព្រោះ​ថា​ខ្ញុំ​ពេល​ថ្មីៗ​នេះ មាន​បញ្ហា​ទាស់​ត្រចៀក​ខ្លាំង​ណាស់​ជាមួយ​នឹង​ក្រុម​មនុស្ស​ចូល​ចិត្ត​រិះគន់​គេ ដែល​ទំនង​ជាមាន​ភាព​ច្រណែន​គេ​ផង​នោះ។ ហើយ​ខ្ញុំ ក៏​ចង់​ផ្តាំ​ដែរ​ថា ខ្ញុំ​ជា​កូន​កតញ្ញូ ត្រូវ​ចិញ្ចឹម​គ្រួសារ​ទាំង​ស្រុង​អ៊ីចឹង​ហើយ បើ​អ្នក​ជា​កូន​អកតញ្ញូ​នោះ សុំ​បន្ត​ធ្វើ​ទៀ​តទៅ​ចុះ សុំ​កុំ​យក​ខ្ញុំ​ទៅ​ប្រៀប​នឹង​អ្នក​ឲ្យ​សោះ»។

កញ្ញា ទឹម រដ្ឋា ដែល​សាង​ជីវិត​ស្នេហា​យ៉ាងផ្អែមល្ហែម​ជាមួយនឹង​គូសង្សារ​ជា​ជនជាតិ​អាមេរិក​ម្នាក់​នេះ​បាន​ជាង ២ ឆ្នាំ មក​ហើយ ហើយ​ក៏​ថែម​ទាំង​ឧស្សាហ៍​បណ្តើរ​គ្នា ដោយ​ការ​បើក​ចំហ​បង្ហាញ​ពី​ការ​យល់​ចិត្ត​ថ្លើម​គ្នា ក៏​ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រួម​អាជីព​ខ្លះ​ច្រណែន​នាង​ផង​នោះ ក៏​បង្ហើប​ការ​ពិត​រឿង​រៀន​ភាសា​ចិន​ដែរ​ថា៖ «អាច​ពិត​ខ្លះ​ទៅ​តាម​ការ​សន្និដ្ឋាន​របស់​បង​ប្អូន​ផង​ដែរ ចំពោះ​រឿង​ដែល​នាង​ខ្ញុំ​ងាក​មក​រៀន​ភាសា​ចិន​ថ្មី​នេះ ដោយសារ​ថ្ងៃ​មុខ​នាង​ខ្ញុំ​ទំនង​ជា​ត្រូវ​មាន​ការងារ​រក​ស៊ី​ជាមួយ​នឹង​ជន​ជាតិ​ចិន​មែន​ដែរ​ហ្នឹង»៕