ភ្នំពេញ: ក្នុង​ចំណង​ស្នេហ៍​ដ៏​ផ្អែមល្ហែម​ជាង ២ ឆ្នាំ ជាមួយ​បុរស​ជនជាតិ​អាមេរិក​ជា​អ្នក​ជំនួញ​អចលនទ្រព្យ​ល្បី​មួយរូប​នៅ​កម្ពុជា ដោយ​ក្លាហាន​បណ្ដើរ​គ្នា​ត្រសង​ចូល​កម្មវិធី​តូចធំ​ដូច​ប្ដី​ប្រពន្ធ​ហើយ​នោះ​ក្ដី ប៉ុន្តែ​តារា​សម្ដែង និង​ម៉ូដែល​រាង​ស្រលូន កញ្ញា ទឹម រដ្ឋា នៅ​ពេល​មាន​ការ​ជជីក​ពី​វេលា​បញ្ចប់​ឈ្មោះ​ជា​គូស្នេហ៍ ទៅ​ជា​ប្តី​ប្រពន្ធ​បំពេញ​ក្រឹត្យ​ប្រពៃណី​នោះ នាង​ហាក់​នៅ​មិន​ប្រាកដ​ពី​ចម្លើយ​នេះ​ដដែល។

តារា​សម្ដែង និង​ម៉ូ​ដែល​ចាយរាង​សិច​ស៊ី កញ្ញា ទឹម រដ្ឋា បុប្ផា​ស្វាក់​ស្នេហ៍​កន្លង់​បរទេស ដែល​កំពុង​ភប់​ប្រសព្វ​ស្នេហា​ជាមួយ​បុរស​ជនជាតិ​អាមេរិក​នោះ នាង​បាន​និយាយ​លើក​ហេតុផល​ថា៖ «ខ្ញុំ​ត្រូវការ​ពេល​វេលា​បន្ត​ទៀត​ដើម្បី​ស្វែង​យល់​ចិត្ត​គ្នា​ឲ្យ​បាន​ច្បាស់​លាស់ មុន​នឹង​សម្រេច​ចិត្ត​ចូល​រោងការ»។

កញ្ញា ទឹម រដ្ឋា ដែល​គេ​ដឹង​គ្រប់គ្នា​ថា បាន​សាង​ជីវិត​ស្នេហា​យ៉ាង​ផ្អែមល្ហែម​ជាមួយ​សង្សារ​ជា​ជនជាតិ​អាមេរិក​ម្នាក់​នេះ មាន​រយៈពេល​ជាង ២ ឆ្នាំ ហើយ ទាំង​ឧស្សាហ៍​បណ្តើរ​គ្នា​ដោយ​បើ​ចំហ បង្ហាញ​ពី​ការ​យល់​ចិត្ត​ថ្លើម​គ្នា ធ្វើ​ឲ្យ​អ្នក​សិល្បៈ​រួម​អាជីព​ខ្លះ​ច្រណែន​នាង​ផង​ដែរ។

តែ​យ៉ាងណា​ជុំវិញ​រូបភាព​បង្ហាញ​ពី​ជីវិត​ស្នេហា​ដ៏​សុខសាន្ត​នេះ ក៏ត្រូវ​ស្រី​ស្រស់ ទឹម រដ្ឋា បន្ទរ​នឹង​ពាក្យមិន​ទាន់​ចង់​ធ្វើ​កូន​ក្រមុំ​នោះ ដោយ​នាង​បាន​លើក​ហេតុផល​ទៀត​ថា៖ «ហេតុផល​នេះ ខ្ញុំ​ពិត​ជា​ត្រូវការ​មើល​ចិត្ត​គ្នា​ឲ្យ​បាន​ល្អិត​ល្អន់ ដោយ​មិន​កំណត់ ប៉ុន្មាន​ឆ្នាំ​ទៀត​ឡើយ»។

គួររំឭកថា តារា​សម្ដែង និង​ម៉ូ​ដែល កញ្ញា ទឹម រដ្ឋា ដែលជា​បុប្ផា​ចាយ​សម្រស់​លើ​វិថី​សិល្បៈ ចូល​វ័យ​ខ្ទង់ ៣០ ឆ្នាំនេះ នាង​ក៏​ធ្លាប់​ខក​ស្នេហ៍​កន្លង់​បរទេស​ចំនួន ២ លើក​មក​ហើយ ដោយ​ស្នេហ៍​ទី ១ ប៉ះ​ចំ​បុរស​ប៉ាគីស្ថាន និង​ស្នេហ៍​ទី ២ ប៉ះ​បុរស​ប្រេស៊ីល ក្រោម​ហេតុផល​ភ្លើង​ប្រចណ្ឌ។

ដោយឡែក​សម្រាប់​ស្នេហា​បុរស​ជាតិ​បរទេស​ទី ៣ នេះ ក៏មាន​មហាជន​ជាច្រើន បាន​បង្ហាញ​ការ​ជឿ​ជាក់​ថា៖ «បើ​មិន​ច្បាស់​លាស់​ទេ គឺ​នឹង​មិន​បណ្ដើរ​គ្នា​ឡើយ ព្រោះថា​ខ្លាច​បែក​បាក់​គ្នា​នាំ​ឲ្យ​ខ្មាស​គេ ដូចនេះ​គេ​ជឿថា ទឹម រដ្ឋា នឹង​ដឹក​ដៃ​សង្សារ​ថ្មី​ចូល​រោងការ នាពេល​ខាង​មុខ​នេះ​ជា​មិន​ខាន​គ្រាន់​តែ​នាង​មិន​ទាន់​ប្រាប់​ថ្ងៃ​ពិត​ប្រាកដ​តែ​ប៉ុណ្ណោះ»។

អ្នកសិល្បៈ​រួម​អាជីព​ក៏បាន​ព្រលយ​ថា៖ «រដ្ឋា ស្វាក់​តែ​បុរស​បរទេស មើល​មិន​ឃើញ​បុរស​ខ្មែរ​ឡើយ តែ រដ្ឋា ថា ស្នេហា​សំខាន់​នៅ​លើ​និស្ស័យ​មិនអាច​កំណត់​បាន​ថា ជា​បុរស​ខ្មែរ ឬ​បរទេស​ទើប​ធ្វើជា​គូស្នេហ៍​ទេ»។

ប្រភព​អ្នក​រួម​អាជីព​នោះ​ក៏បាន​បង្ហើរ​ទៀតថា៖ «តារា​មួយ​ចំនួន​ច្រណែន​នឹង​រដ្ឋា យ៉ាងខ្លាំង​ថា ពិតជា​ពូកែ​រក​បាន​សង្សារ​សម​គ្នា ហើយ​សង្សារ​អាមេរិក​នោះ​ក៏​ជា​សុភាព​បុរស​ស្លូត​បូត និង​ចេះ​គោរព​ស្រឡាញ់ ដោយ​ស្គាល់​ពី​កិច្ចការ​នាង​ជា​អ្នក​សិល្បៈ​ថែម​ទៀត»។

ក្នុងការ​លើកឡើង​នេះ កញ្ញា ទឹម រដ្ឋា ក៏បាន​បកស្រាយ​ផងដែរ​ថា៖ «មិន​ដឹង​ជា​ថា​យ៉ាង​ណា​ដែរ សម្រាប់​ខ្ញុំ​បុរសៗ​ខ្មែរ ដែល​ជា​ជាតិ​សាសន៍​ឯង ខ្ញុំ​ពិត​ជា​មិន​មាន​បំណង​ស្នេហា​ជាមួយ​មែន ហើយ​ការ​ស្នេហា នឹង​ជនជាតិ​បរទេស​នេះ​ក៏​ជា​និស្ស័យ​របស់​ខ្ញុំ​ដែរ បើ​ទោះ​ជា​មុនៗ​នេះ​ខ្ញុំ​ក៏​ធ្លាប់​ខក​ស្នេហ៍​នឹង​សង្សារ​បរទេស ១ លើក​ជា ២ លើក​ហើយ​ក្តី»៕