ក្រុងកំពតៈ ក្រោយវិលត្រឡប់ពីកម្សាន្តនៅតំបន់រមណីយដ្ឋានកោះសង្សារ ដោយបានឃើញគេប្រើឫស្សីតូចៗធ្វើជាទុយោបឺតមកនោះ ក៏បាននាំឲ្យស្ត្រីវ័យ ៣២ ឆ្នាំជាអ្នកខេត្តកំពត ប្រើគំនិតច្នៃបង្កើតបានជាចង្វាក់សិប្បកម្មផលិតទុយោឫស្សីព្រេចដោយខ្លួនឯងនៅឯសហគមន៍អេកូកំពតដែលដំណើរការផលិតជិត ២ ឆ្នាំមកហើយនោះ កំពុងតែពេញនិយមពីអ្នកប្រើនៅក្រៅប្រទេសទៀតផង។
អ្នកស្រី គីង សុភីម វ័យ ៣២ ឆ្នាំជាអ្នកកើតនៅខេត្តកំពតមានស្វាមីជាជនជាតិអង់គ្លេស និងជាម្ចាស់ភោជនីយដ្ឋាន «ដឺស្ទាមបល់អ៊ីន ឬ The Stumble Inn Restaurant» ដែលប្រើប្រាស់ទុយោឫស្សីព្រេចទាំងស្រុងនោះ បានបង្ហើបពីការផលិតទុយោឫស្សីព្រេចថា៖ «ទុយោឫស្សីព្រេចនេះ ខាងនាងខ្ញុំបានផលិត ដើម្បីប្រើប្រាស់អស់រយៈពេល ២ ឆ្នាំមកនេះនៅឯភោជនីយដ្ឋានខ្ញុំផ្ទាល់ ហើយក៏បានលក់ឲ្យអតិថិជនបរទេសនៅក្រៅប្រទេសមួយចំនួនផងដែរ។ នៅស្រុកខ្មែរយើងគឺមានការពេញនិយមតែជនបរទេសប៉ុណ្ណោះ ដែលបានប្រើវា សម្រាប់បឺតទឹក ឬភេសជ្ជៈនានា ព្រោះថាពួកគាត់បានយល់ពីអត្ថប្រយោជន៍នៃការប្រើប្រាស់ទុយោបឺតដែលផលិតពីឫស្សីនេះច្បាស់ និងមានប្រើនៅតាមភោជនីយដ្ឋាន និងសណ្ឋាគារ។ ខណៈខ្មែរយើងវិញមិននិយមប្រើទេ ដោយសារតែមិនសូវបានយល់ពីអត្ថប្រយោជន៍របស់វា ហើយវិធីនេះមានសុវត្ថិភាពជាងប្រើទុយោជ័រទៀតផង»។
ស្ត្រីម្ចាស់ភោជនីយដ្ឋាន និងជាតំណាងសហគមន៍អេកូកំពតដែលផលិតទុយោឫស្សីព្រេចនេះបន្តថា៖ «សព្វថ្ងៃនេះភ្ញៀវទេសចរបរទេសដែលបានមកកម្សាន្តនៅស្រុកយើងពេលពួកគាត់វិលត្រឡប់ទៅស្រុកកំណើតវិញក៏បានជាវទុយោឫស្សីនេះប្រើតាមចំនួនត្រូវការពួកគាត់។ ភ្ញៀវមានជាតិអង់គ្លេស អាមេរិក អាល្លឺម៉ង់ បែលហ្ស៊ិក និងមកពីអាហ្វ្រិកខាងត្បូងជាដើម»។
ទោះបីជាយ៉ាងណាការប្រកបមុខរបរផលិតទុយោឫស្សីនេះ គ្រាន់តែជាមុខរបរបន្ទាប់បន្សំតែប៉ុណ្ណោះ ខណៈការផលិតក៏មិនមែនងាយស្រួលនោះឡើយ ដោយចំណាយពេលយូរទើបអាចសម្រេចជាផលិតផលអាចយកមកប្រើប្រាស់បាន។
អ្នកស្រី គីង សុភីម បានប្រាប់ថា៖ «ចំពោះរបៀបធ្វើវាវិញ ដំបូងគឺត្រូវកាប់ឫស្សីព្រេចចាស់ៗដែលមានតែនៅតំបន់ភ្នំប៉ុណ្ណោះយកមកដាក់ហាលថ្ងៃ ១ ខែរហូតឲ្យស្ងួតល្អ ទើបកាត់ជាទុយោ។ បន្ទាប់មកត្រូវយកទៅស្ងោរនឹងទឹកក្តៅលាយទឹកខ្មេះប្រមាណ ៣០ នាទី និងយកទៅដាក់ហាលថ្ងៃចំនួន ១ ថ្ងៃទៀត ទើបអាចយកមកប្រើប្រាស់វាបាន។ ដោយឡែកទុយោបឺតនេះក៏អាចយកមកប្រើប្រាស់សាជាថ្មីបានដែរដោយគ្រាន់តែយកមកស្ងោរទឹកខ្មេះ ដើម្បីរម្ងាប់មេរោគលើកទី ២ ចំនួន ១៥ នាទីមកនោះគឺប្រើបានហើយ»។
ចំពោះការផលិតទុយោបឺតពីឫស្សីព្រេចនេះ យើងអាចធ្វើវាបានចន្លោះក្រោម ឬត្រឹម ១០០ ដើមតែប៉ុណ្ណោះក្នុង ១ ថ្ងៃ ខណៈការលក់វិញគឺតម្លៃគិតតាមចំនួនដើម។
ស្ត្រីវ័យ ៣២ ឆ្នាំជាតំណាងសហគមន៍អេកូកំពតបន្ថែមថា៖ «ក្នុងមួយថ្ងៃអាចផលិតបានច្រើនបំផុត ១០០ ដើម ឬតិចជាងនេះ។ យើងលក់វាជាចំនួនតាមដើមគឺ ១ ដើមតម្លៃ ២០០០ រៀល តែប្រសិនមានការកុម្ម៉ង់ទិញច្រើនចាប់ពីចំនួន ២០០០ ដើមទៅយើងនឹងលក់ជូនក្នុងតម្លៃ ១ ដើមត្រឹមតែ ១០០០ រៀល»។
ប្រសិនបើមានការចាប់អារម្មណ៍ចង់កុម្ម៉ង់ទិញនោះអាចទាក់ទងតាមទូរស័ព្ទ ០៩៦ ២១៧ ៦៦៥៧ ដើម្បីជាវទុយោយបឺតដ៏ស្រស់ស្អាតផលិតពីឫស្សីព្រេច ដែលជារបស់សហគមន៍អេកូកំពត៕