ភ្នំពេញៈ ក្រៅ​ពី​ខំ​រិះរក​បទ​ចម្រៀង​ប្រភេទ​អូរីជីណល ឬ​ការ​និពន្ធ​ដោយ​ខ្លួន​ឯង​មក​បំពេ​អារម្មណ៍​ទស្សនិក​ជន និង​ផុសផុល​ភាព​ខ្នះខ្នែង​រក​មូលនិធិ​ដើម្បី​ជួយ​ព្យាបាល​ជំងឺ​មិត្ត​អ្នក​សិល្បៈ​រួម​ជំនាន់​គឺ​លោក យូ ឌីស្កូ មាន​ជំងឺ​ខូច​តម្រង​នោម ឬ​ខូច​ក្រលៀន​នា​ពេល​ថ្មីៗ​មក​នេះ តារា​ចម្រៀង​ស្រី​អ្នក​នាង​ទូច ស្រី​លក្ខណ៍ ក៏​លេច​ចេញ​គំនិត​ច្នៃ​ប្រឌិត​ថ្មី​គួរ​ឲ្យ​កោត​សរសើរ​គឺ​ច្នៃ​សម្លៀក​បំពាក់ និង​ឈុត​ស្រោម​ខ្នើយ ទ្រនាប់​ចាន កែវ​ពី​ក្រណាត់​សារុង​ដ៏​ស្រស់​ស្អាត​ថែម​ទៀត។

តារាចម្រៀង​ស្រី​មានកូន​មួយ ដែល​ទើបតែ​បានប្រកាស​វិល​ចូល​សិល្បៈ​ក្នុង​ពេល​ថ្មីៗ ក្រោយ​ពី​នាង​សម្រេច​ចិត្ត​ចូល​រោងការ​ជាមួយ​ស្វាមី មាន​សញ្ជាតិ​ហូឡង់ ដើម​កំណើត អង់គ្លេស លោក ម័រថេន ក្វាមេន តាំង​ពី​ឆ្នាំ ២០១១ មក និង​បាន​សម្រេច​ចិត្ត​វិល​ចូល​រក​សិល្បៈ ដែល​ជា​ឆ្នាំង​បាយ​ចាស់​វិញ​ក្រោយ​ពី​បែក​ធ្លាយ​ដំណឹង​ចចាម​អារ៉ាម​ថា លែង​លះ​ស្វាមី​នោះ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​គំនិត​ច្នៃ​ប្រឌិត​ថ្មី​របស់​ខ្លួន​ថា៖ «ទើប​តែ​ពេល​ថ្មីៗ​ប្រមាណ​ជា ២- ៣ ខែ​នេះ​ប៉ុណ្ណោះ ដែល​នាង​ខ្ញុំ​លេច​ចេញ​គំនិត​ចង់​យក​សាច់​ក្រណាត់​សារុង​មក​កែច្នៃ​ជា​សម្លៀក​បំពាក់ ជា​ស្រោម​ខ្នើយ ឬ​ទ្រនាប់​កែវ ចាន ជា​ដើម​នោះ​គឺ​ដោយសារ​តែ​ការ​សាក​ល្បង​ពី​ផ្ទះ​ខ្លួន​ឯង​មុន។ នាង​ខ្ញុំ​បាន​កាត់​ស្រោម​ខ្នើយ ទ្រនាប់​ចាន និង​កែវ​សម្រាប់​ប្រើប្រាស់​នៅ​ផ្ទះ​ផ្ទាល់​ខ្លួន គឺ​មើល​ទៅ​ឃើញ​ប្លែក និង​មាន​លក្ខណៈ​ស្អាត​ម្យ៉ាង ហើយ​ក្រោយ​មក​ក៏​ថត​រូប​បង្ហោះ​ចែក​ជូន​ដល់​បង​ប្អូន​យើង​មើល​កម្សាន្ត»។

អ្នកនាង ទូច ស្រី​លក្ខណ៍ បាន​ឲ្យ​ដឹង​ពី​ចំណាប់​អារម្មណ៍​មហាជន​មកលើ​ការកែច្នៃ​របស់​ខ្លួន​ថា៖ «ក្រោយ​ពី​បង្ហោះ​រូប និង​ជូន​ដំណឹង​ពី​ការ​លក់​ដូរ​នូវ​គ្រឿង​ច្នៃ​ពី​ក្រណាត់​សារុង​នោះ​មក ឃើញ​ថា បង​ប្អូន​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ទៅ​លើ​ផលិតផល​ជា​ស្រោម​ខ្នើយ ទ្រនាប់​ចាន ឬ​ទ្រនាប់​កែវ ខ្លាំង​ជាង​សម្លៀក​បំពាក់។ ដោយ​ឡែក​ការ​លក់​ដូរ​វិញ​នោះ នាង​ខ្ញុំ​ក៏​មាន​ការ​គិតពី​តម្លៃ​ផងដែរ សម្រាប់​បងប្អូន​យើង​ដោយ​យល់​ឃើញ​ថា ប្រសិន​បើ​ដាក់​តម្លៃ​ខ្ពស់​ពេក ពិត​ជា​មិន​អាច​លក់​បាន​ទៅ​តាម​ទីផ្សារ​បងប្អូន​ខ្មែរ​ភាគ​ច្រើន​នោះ​ឡើយ សម្រាប់​ផលិតផល​កែច្នៃ​ពី​ក្រណាត់​សារុង​នេះ»។

តារាចម្រៀង​ស្រី ដែល​ពូកែ​ខាង​សម្តែង​លេង​ទឹកមុខ និង​មាន​ទេពកោសល្យ​ដ៏​ប៉ិន​ប្រសប់ ក្រមិច​ក្រមើម តែង​តែ​បាន​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​សំណើច​មិន​ដឹង​ខ្លួន​អ្នក​នាង ទូច ស្រី​លក្ខណ៍ ក៏​បញ្ជាក់​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ពី​ដំណើរការ​បច្ចុប្បន្ន​លើ​ផលិតផល​កែច្នៃ​នេះ​ទៀត​ដែរ​ថា៖ «ឥឡូវ​នេះ​និយាយ​ឲ្យ​ត្រង់​ទៅ​ចំពោះ​ម៉ូដ​សម្លៀក​បំពាក់​នាង​ខ្ញុំ​មិន​ទាន់​បាន​កាត់​សម្រាប់​ដាក់​លក់​នៅ​ឡើយ​ដែរ​ទេ ដោយ​រង់ចាំ​មើល​ពី​សម្ទុះ​នៃ​ការ​ពេញ​និយម និង​ស្ទង់​តម្លៃ​សិន ខណៈ​នាង​ខ្ញុំ គ្រាន់​តែ​បាន​កាត់​សម្រាប់​ស្លៀក​ខ្លួនឯង​ដើម្បី​បង្ហាញ​បងប្អូន​សិន ហើយ​ខ្ញុំ​ក៏​សង្ឃឹម​ថា បងប្អូន​គាំទ្រ​វា​នៅ​ពេល​ក្រោយ​ជា​មិន​ខាន។ ចំពោះ​ស្រោម​ខ្នើយ នាង​ខ្ញុំ ក៏បាន​ដាក់​កំណត់​លក់​ហើយ​គឺ ១ តម្លៃ ៥ ដុល្លារ ហើយ​ទ្រនាប់​កែវ ឬ​ចាន នោះ​មាន​តម្លៃ ៣ ឬ ៤ ដុល្លារ ដោយ​មាន​បង​ប្អូន​មួយ​ចំនួន​បាន​កុម្ម៉ង់​ជា​បណ្តើរៗ​ហើយ​ដែរ»៕