ភ្នំពេញៈ ថ្មីៗ​នេះ​ស្រាប់តែ អ្នកនាង ទូច ស្រីល័ក្ខណ៍ តារាចម្រៀង​ស្រី​យេយេ ដែល​ទើប​បាន​វិល​ត្រឡប់​មក​ប្រឡូក​សិល្បៈ​វិញ​ក្រោយពី​បាត់​មុខ​មួយរយៈ​ដោយសារ​បាន​សម្រេច​ចិត្ត​ទៅ​រៀបការ​ជាមួយ​ស្វាមី​បរទេស​នោះ បង្ហោះ​សារ​បែប​រំឭក​ពី​ទុក្ខលំបាក​របស់​អ្នកសិល្បៈ​ដែល​ត្រូវ​បាន​ជន​មាន​អំណាច​ដោយ​ប្រាក់​មាក់ងាយ និង​មិន​ឲ្យ​តម្លៃ​ដល់​អ្នកសិល្បៈ បង្ក​ការងឿងឆ្ងល់​ពី​មហាជន​។

ក្រោយពី​បាន​ឃើញ​សារ​ដ៏វែងអន្លាយ​គួរសម​របស់​តារាចម្រៀង​ស្រី​ដែល​កំពុងតែ​ស្រូប​បាន​នូវ​ប្រជាប្រិយភាព​លើ​វិថី​សិល្បៈ​ឡើង​វិញ​អ្នកនាង ទូច ស្រីល័ក្ខណ៍ មក​ក៏​មាន​ការលើក​យក​មក​ជជែក​គ្នា​មួយ​រំពេច​ដែរ​ថា​៖ «​បើ​យើង​ពិនិត្យ​តាមដាន​មើល​នូវ​សារ​របស់​នាង​នោះ​អាច​និយាយ​បាន​ថា​អ្នកនាង ទូច ស្រីល័ក្ខណ៍ ក៏​ធ្លាប់​ទទួលរង​ការ​មាក់ងាយ ឬ​មិន​ឲ្យ​តម្លៃ​ពី​ជន​មាន​អំណាច​ដោយ​ទឹកប្រាក់​ដែរ មែន​ទេ​ទើប​បាន​ជា​នាង​ហ៊ាន​ទម្លាយ​សារ​ពី​ក្នុង​ចិត្ត​មក​ក្រៅ​អ៊ីចឹង?»​។

តារាចម្រៀង​ស្រី​ដែល​មាន​ផុសផុល​ទាំង​ការ​ខំ​ផលិត​បទចម្រៀង​អូរីជីណល​ផ្ទាល់ខ្លួន និង​ចូលរួម​កិច្ចការ​សប្បុរសធម៌​ជួយ​សង្គម អ្នកនាង ទូច ស្រីល័ក្ខណ៍ បង្ហើប​ប្រាប់​ពី​អត្ថន័យ​សារ​ខ្លួន​ដល់​ភ្នំពេញ-ប៉ុស្តិ៍​ថា​៖ «​តាមពិត​ទៅ​សារ​របស់​នាង​ខ្ញុំ​មាន​ន័យ​ ២-៣ ​យ៉ាង​ឯណោះ​។ ទី​ ១ ចង់​ប្រាប់​ថា​តាមរយៈ​បណ្តាញ​សង្គម​សម័យ​បច្ចុប្បន្ន​នេះ​គឺ​វា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​តថភាព​សង្គម​ទាំងឡាយ ជាពិសេស​សម្រាប់​អ្នកសិល្បៈ​តែម្តង ប្រសិន​បើ​យើង​ប្រៀបធៀប​កាលពី​សម័យ ១០ ​ឆ្នាំ​មុន​នោះ​គឺ​ខុស​គ្នា​ខ្លាំងណាស់​។ កាលពី ១០ ឆ្នាំ​ប្រសិន​បើ​អ្នកសិល្បៈ​រង​ការ​មាក់ងាយ​ដោយ​អំណាច​អ្នក​មាន​ប្រាក់​មួយ​ចំនួន​តូច មិន​ត្រូវ​បាន​គេ​ដឹងឮ ឬ​មើលឃើញ​អំពើ​មិន​ល្អ​នេះឡើយ តែ​ឥឡូវ​នេះ​ទោះបី​ជា​អ្នក​មានអំណាច ឬ​ឋានៈ​ដល់​ណា​ក្តី​ក៏​ត្រូវ​បាន​បណ្តាញ​សង្គម​ជួយ​ចែករំលែក​បន្ត​ឲ្យ​មហាជន​បាន​ដឹងឮ​យ៉ាង​ឆាប់រហ័ស​តែម្តង​។ ទី​ ២ នាង​ខ្ញុំ​ចង់​ប្រាប់​ថា​អ្នកសិល្បៈ​នីមួយៗ​គឺ​សុទ្ធ​តែ​មានតម្លៃ​សិល្បៈ​ផ្ទាល់​ខ្លួន​របស់​ពួកគាត់ ដូច្នេះ​សុំ​មេត្តា​កុំ​មាន​ការរិះគន់ ឬ​ដៀល​បែប​ណា​មួយ ដែល​មើល​រំលង​ពី​តម្លៃ​ពិត​ពួកគាត់​អី​គឺ​គាត់​ក៏​បាន​ចូលរួម​ក្នុង​សិល្បៈ​ដែរ​។ ទី ​៣ នាង​ខ្ញុំ​ចង់​ផ្តាំផ្ញើ​សារ​ផ្ទាល់​ខ្លួន​ដែរ​ថា​នឹង​​ខិតខំ​រិះរក​និពន្ធ​បទចម្រៀង​ដែល​មាន​ន័យ​លើកស្ទួយ​តម្លៃ​វប្បធម៌​ជាតិ និង​ផ្តល់​តម្លៃ​អប់រំ​ទៅ​ដល់​យុវជន​ជំនាន់​ក្រោយ​»​។

ចំពោះ​បទពិសោធ​ផ្ទាល់ខ្លួន​ដ៏អាប់អួ​នៅក្នុង​ពិភព​នៃ​សិល្បៈ​កាលពី ១០ ឆ្នាំ​មុន​នោះ ទូច ស្រីល័ក្ខណ៍ ក៏​បង្ហើប​ឲ្យ​បាន​ដឹង​បន្ត​ទៀត​ផងដែរ​ថា​៖ «​សម្រាប់​រូបនាង​ខ្ញុំ​ក៏​ធ្លាប់​ប៉ះ​ដែរ​។ តែ​វា​មិនមែន​ជា​រឿង​ធ្ងន់ធ្ងរ​នោះ​ឡើយ ដោយ​គ្រាន់តែ​ជា​ការទទួល​រង​នូវ​ពាក្យពេចន៍​មាក់ងាយ​ដូចជា​អ្នកសិល្បៈ​ទូទៅ​អ៊ីចឹង​!»៕