ភ្នំពេញ៖ ចាប់​តាំង​ពី​​ក្លាយ​ជា​ទូតសុច្ឆន្ទៈ​នៃ​សមាគម​​អភិរក្ស​ដំរី​អៃរ៉ាវត្តា ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​រតនគិរី​មក​នោះ មាន​រយៈពេល​ ១ ​ឆ្នាំ​​ហើយ ខណៈ​តារា​សម្តែង​ និង​ពិធី​ការិនី​​រូប​ស្រស់​​កញ្ញា ឌួង ហ្សូរីដា កើត​សេចក្តី​រន្ធត់​ចិត្ត​ខ្លាំង​​នៅ​ពេល​​​​ឮ​ដំណឹង​សត្វ​ដំរី​ឈ្មោះ​ Bakmai បាន​បាត់បង់​ជីវិត​​​នា​ពេល​ថ្មីៗ​នេះ។​

ដោយសារ​​មើល​ឃើញ​ពី​គុណ​សម្បត្តិ​តាមរយៈ​​សកម្មភាព​ចូលរួម និង​ឆន្ទៈ​ល្អ​ ចង់​ជួយ​ធ្វើ​កិច្ច​ការ​ផ្នែក​កិច្ចការ​​អភិរក្ស​សត្វ​ដំរី​នៅ​កម្ពុជា​​នោះ តារា​សម្តែង​ស្រី​ និង​ពិធីការិនី និង​ជា​ថៅកែ​អាជីវកម្ម​លក់​ផលិតផល​រក្សា​សម្រស់​ កញ្ញា ឌួង ហ្សូរីដា និង​លោក ហេរ៉ូ ត្រូវ​បាន​សមាគម​អភិរក្ស​ដំរី​អៃរ៉ាវត្តា ​​​តែងតាំង​ជា​អគ្គរដ្ឋទូត​សុច្ឆន្ទៈ​​​កាល​ពី​ឆ្នាំ ​២០១៩ ​កន្លង​មក​​។

សម្រាប់​កិច្ច​ការងារ​សង្គម​វិញ​តារា​សម្តែង និង​ពិធី​ការិនី​រូប​នេះ ​ក៏​មាន​សកម្មភាព​ជា​ហូរហែ​មិន​សូវ​លស់​ពេល​នោះ​ទេ ខណៈ​កញ្ញា​ ឌួង ហ្សូរីដា ក៏​បាន​ទទួល​លិខិត​សរសើរ​ ក្រោយ​ពី​ចូលរួម​ជួយ​ក្នុង​សកម្មភាព​រៃ​អង្គាស​ប្រាក់​សម្រាប់​មូលនិធិ​សមាគម​អភិរក្ស​ដំរី​អៃរ៉ាវត្តា ​កាល​ពី​​ចុង​ខែ​មីនា ឆ្នាំ​ ២០១៩ កន្លង​មក​ នៅ​ឯ​​សណ្ឋាគារ​រ៉ាហ្វល់ឡឺរ៉ូយាល់​។

ទោះបី​ជា​ខាង​​ភ្នំពេញ​ប៉ុស្តិ៍​ មិន​​អាច​ទទួល​​បាន​នូវ​ការ​បញ្ជាក់​ផ្ទាល់​​​ពី​អារម្មណ៍​របស់​តារា​ស្រី ជា​ទូត​សុច្ឆន្ទៈ​សមាគម​អភិរក្ស​ដំរី​អៃរ៉ាវត្តា ពី​​​កញ្ញា ឌួង ហ្សូរីដា យ៉ាង​ណា​​ក្តី តែ​តារា​ស្រី​ដែល​ជា​ទូត​​សុច្ឆន្ទៈ​រូប​នេះ បង្ហាញ​សារ​​​យ៉ាង​ស្លុត​ចិត្ត​ខ្លាំង​​ ចំពោះ​ដំណឹង​បាត់បង់​ជីវិត​​​របស់​ដំរី​ឈ្មោល​​មាន​អាយុ ៣៧ ឆ្នាំ ឈ្មោះ បាក់ម៉ៃ នោះ​ដែរ តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​​ខ្លួន​។

កញ្ញា ឌួង ហ្សូរីដា ​បង្ហោះ​សារ​ថា៖ «​RIP To Bakmai ​ជា​ដំណឹង​​​គួរ​ឲ្យ​សោក​សង្រេង​​បំផុត​! ​​បាក់ម៉ៃ ​ជា​​ដំរី​​ដ៏​សែន​ឆ្លាត​​ រហ័ស​រហួន និង​មាន​​​​ប្រជាប្រិយភាព​​គួរ​ឲ្យ​ស្រឡាញ់​ចូល​​​ចិត្ត​ ​ហេតុអ្វី​ឯង​​ទៅ​ចោល​​ពួក​យើង​​លឿន​ម្ល៉េះ? ​ខេត្ត​រតនគិរី ​មាន​តែ​ពួក​ឯង​ ៤ នាក់​ (ក្បាល)​ ទេ ​ហើយ​​​ពួក​យើង​ សង្ឃឹម​ថា​ ពួក​ឯង​​​ជា​អ្នក​បន្ត​ពូជ​ និង​បង្កាត់​ពូជ​​បង្កើត​ហ្វូង​ដំរី​ ជា​ច្រើន​នៅ​ទីនេះ។​ ​សូម​ឯង​ទៅ​កាន់​សុគតិភព​ចុះ ពួក​យើង​នឹង​នៅ​តែ​​ចងចាំ​បុរស​​សង្ហា​ Bakmai​ ក្នុង​ដួងចិត្ត ​និង​បេះដូង​រហូត​ គាត់​(វា)​ជា​ដំរី​ដំបូង​បង្អស់ ដែល​ខ្ញុំ​ហ៊ាន​​​​​លេង និង​ស្និទ្ធស្នាល​ជាមួយ​​​​វា ហើយ​ខ្ញុំ​ក៏​ដឹង​​ដែរ​​​ថា ​គាត់​ចូល​ចិត្ត​ខ្ញុំ និង​​​គាត់​ចេះ​សម្រប​​​ជាមួយ​​មនុស្ស​ផ្សេងៗ​បាន​​ដោយ​​ងាយ ទោះបី​​​ធ្លាប់​ឆ្លង​កាត់​ជីវិត​​ដ៏​សែន​​​កម្សត់​រហូត​​​​មក​ដល់​សមាគម​អៃរ៉ាវត្តា របស់​យើង បាក់​ម៉ៃ ​អើយ ​ខ្ញុំ​​ពិត​ជា​​​មិន​ដឹង​និយាយ​ថា​ម៉េច​​ទេ!»។​

ដំរី​ឈ្មោះ បាក់​ម៉ៃ ​ជា​សត្វ​ដំរី ​១ ក្បាល ​​​ក្នុង​ចំណោម​​​ដំរី​ទាំង ៤ ក្រោម​​​ការ​​គ្រប់គ្រង​សមាគម​អភិរក្ស​​​​ដំរី​អៃរ៉ាវត្តា​ ​នៅ​ក្នុង​ខេត្ត​​រតនគិរី ​មាន​​អ្នក​ស្រី ខៃ ចិន្តា​ ជា​ប្រធាន​​​​សមាគម ​ខណៈ​មូលហេតុ​នៃ​ការ​ស្លាប់​ក៏​​​ពុំ​ទាន់​មាន​ការ​បញ្ជាក់​ពិត​ប្រាកដ​នៅ​​ឡើយ​ទេ​ ខណៈ​​ដំរី​​ បាក់​ម៉ៃ​ បាន​​​ស្លាប់​​កាល​ពី​ថ្ងៃ​ទី ​២១ ខែ ​ឧសភា ឆ្នាំ ​២០២០៕