The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ទូរ​ទស្សន៍​ប្រហុក​កំពុង​ទាក់​ចិត្ត​យុវវ័យ​តាម​រយៈ​វីដេអូ​កំប្លែង​ខ្លី​ខ្មែរ




ទូរ​ទស្សន៍​ប្រហុក​កំពុង​ទាក់​ចិត្ត​យុវវ័យ​តាម​រយៈ​វីដេអូ​កំប្លែង​ខ្លី​ខ្មែរ

Content image - Phnom Penh Post
ក្រុម​ការងារ​ផលិត​កម្មវិធី​ទូរទស្សន៍​តាម​អ៊ីនធឺណិត Prahok TV ដែលមាន​ការ​បង្ហោះ​វីដេអូ​រៀង​រាល់​ថ្ងៃ​ចន្ទ​។ ផា លីណា

ទូរ​ទស្សន៍​ប្រហុក​កំពុង​ទាក់​ចិត្ត​យុវវ័យ​តាម​រយៈ​វីដេអូ​កំប្លែង​ខ្លី​ខ្មែរ

ភ្នំពេញ: ស្រប​ពេល​ដែល​វីដេអូ​កំប្លែង​ខ្លីត្រូវ​បាន​ផលិត​ជាច្រើន​នៅ​ប្រទេស​ភាគ​ខាងលិច​ដូចជា​កម្មវិធី​កម្សាន្ត «Saturday Night Live» នៅ​សហដ្ឋ​អាមេរិក និង «Monty Python's Flying Circus» របស់​អង់គ្លេស ប្រទេស​កម្ពុជា​ក៏​ចាប់ផ្តើម​និយម​ទស្សនា​វីដេអូ​កំប្លែង​ខ្លីបែប​កម្សាន្ត​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ។

ផលិតករ និង​សិល្បករ​មួយ​ក្រុម​ក្រោម​គម្រោង​របស់​ផលិតកម្ម​រ៉ុកបាន​បង្កើត​កម្មវិធី​ទូរទស្សន៍​តាម​អ៊ីនធឺណិត​មួយ​មាន​ឈ្មោះ​ថា​ទូរទស្សន៍​ប្រហុក «Prahok TV-សើច សើច សើច» កាលពី​ដើម​ខែ​មិថុនា។

លោក ចាប សុខន ហៅ ដេវីត ជា​ប្រធាន​ក្រុម​រៀបចំ​ផលិត​បាន​ឲ្យដឹង​ថា មានការ​ចោទ​ជាសំណួរ​ជាច្រើន «តើហេតុអី្វ​បាន​ជាដាក់​ឈ្មោះ​កម្មវិធី​ថា «Prahok TV» ហើយ​លោកបាន​បង្ហើប​ទំាងអស់​សំណើច​ថា៖ «មនុស្ស​ភាគ​ច្រើនផ្ទុះ​សំណើច និង​និយាយ​ថា​ពួកយើង​ប្រហែល​ជាឆ្គួត​ដែល​ជ្រើសរើស​យក​កម្មវិធី​ទូរទស្សន៍​ដែល​មានឈ្មោះ​ថា​ប្រហុក «Prahok TV»។

«Prahok TV» គឺជា​ឈ្មោះ​ដែល​ងាយ​ស្រួល​ចំាពី​ព្រោះ​ប្រហុក​គឺជា​ម្ហូប​ប្រពៃណី​របស់ខ្មែរ​ហើយ​មនុស្ស​ភាគ​ច្រើន​បាន​ស្គាល់។

ដោយ​មាន​សន្ទុះ​លើសពី​ការ​រំពឹង​ទុកនៃ​ការ​គាំទ្រ​យ៉ាង​ច្រើនសន្ធឹក​ ពួកលោក​កាន់តែ​មានទឹកចិត្ត​បន្តក្នុង​ការផលិត​វីដេអូ​កម្សាន្ត​ដែល​មាន​គុណភាព​ដែល​បង្ហាញពី​តថភាព​សង្គម​បន្ថែម​ទៀត​ក្នុង​គម្រោង​រៀបចំ​ទុក​សម្រាប់​ពីរឆ្នាំ​ដំបូង​នេះ។

Content image - Phnom Penh Post
កម្មវិធី​ Prahok TV​ ផ្ដល់​ការ​កម្សាន្ដ​តាម​រយៈ​វីដេអូ​កំប្លែង​បែប​ខ្លី​។ ផា លីណា

លោក ដេវីត ថ្លែងថា៖​ «ពួក​យើង​ពិតជា​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំងនៅ​ពេល​ដែល​វីដែអូ​កំប្លែងខ្លី​ដំបូងមាន​ការគាំទ្រ​ពី​ទស្សនិកជន​បន្ទាប់ពី​បាន​ផ្សព្វផ្សាយ​ក្នុង​សប្តាហ៍​ដំបូង​នេះហើយ​ទស្សនិកជន​បាន​គំាទ្រ​តាម​រយៈការ​ចូលចិត្ត និង​ចែករំលែក «Like» និង «Share» ដែល​កើនពី​ ១ ពាន់​ទៅ​រាប់លាន​នាក់ចូល​ទស្សនា»។

មិនតិច​ជាង ៦ ខែទេ​ដែល​ក្រុម «Prahok TV» បាន​រៀបចំ​ក្រុម​ការងារ និង​សិក្សា​ស្រាវជ្រាវ​ជា​គំនិត​ដើម្បី​បង្កើត​ជា​កម្រង​វីដេអូ​កម្សាន្ត​ដែលមាន​កាលវិភាគ​បង្ហោះ​វីដេអូ​តាមរយៈ Youtube និង​បណ្ដាញ​សង្គម Facebook រៀងរាល់​ថ្ងៃ​ចន្ទ។

រហូត​មកដល់​ឥឡូវ ពួកលោក​បាន​បញ្ចប់ការ​ថត​វីដេអូ​ខ្លីចំនួន ៥ វគ្គ​ដែលក្នុង ១ វគ្គមាន​វីដេអូពី ៥ ទៅ ៧ នាទីហើយ​នឹងបន្ត​រិះរក​នូវ​គំនិត​ថ្មី​ដែលកើត​ឡើង​ផ្ទាល់ ឬ​កម្មវិធី​ពិសេសៗ​ដើម្បី​កំដរ​អារម្មណ៍​ទស្សនិកជន​ពីទុក្ខ​កង្វល់​មិន​សប្បាយ​ចិត្ត​នានា។

លោក និងក្រុម «Prahok TV» បាន​ពន្យល់​ថា​ពួកលោក​បាន​ពិភាក្សា​ជាច្រើន​មុន​ពេល​ផលិត​ចេញជា​វីដេអូ​ពីព្រោះ​ពួកលោក​ត្រូវរក​គំនិត​យ៉ាងណា​ដែល​អាច​ធ្វើឲ្យ​អ្នក​ទស្សនា​សើច​សប្បាយ​ពីវគ្គ​មួយ​ទៅវគ្គ​មួយ​ទៀតដែល​មិនជា​ខុសគ្នា​នឹង​ប្រទេស​ដទៃ​នោះទេ។

ឧទាហរណ៍៖ ក្នុង​ឈុត​វីដេអូ​ស្ដែងពី​ស្ថានភាព​នៅ​កម្ពុជា​ដូចជា​ការ​ថែទាំ​សុខភាព ភាព​ក្រីក្រ​ ឆក់ប្លន់ និង​ជំនឿ​ជាមួយ​គ្រូទាយ​ជាដើម។

ក្នុង​វីដេអូ​នីមួយៗមាន​ការ​ចូលរួម​សម្តែង​ពីតារា​កំប្លែង តារា​ចម្រៀង និង​តួសម្តែង​ដូចជា ឌីជេ ក្តិប កញ្ញា​ ឌុច លីដា លោក ប៊ើរី និង​កញ្ញា ម៉ារី ជាដើម។ ប៉ុន្តែ​ពួកលោក​នឹង​ស្វាគមន៍​បើមាន​អ្នក​ចង់ចូលរួម​ផលិត និង​សម្តែង​ជាមួយ​ក្រុម​របស់​លោក។

ក្រុម Prahok TV នឹង​បង្កើត​កម្មវិធី​ថ្មីផ្សេង​ទៀត​ដែលបាន​កំណត់​ឈ្មោះ​ថា «Time» និង «Cafe Latte» ផ្តល់នូវ​ការ​ពិភាក្សា​ អប់រំ​ទាក់ទង​តថភាព​សង្គម សេដ្ឋកិច្ច នយោបាយ ​តាមរយៈ​វីដេអូ​កម្សាន្ត​ និងខ្សែ​ភាពយន្ត​ខ្លីៗ។

លោក​ ដេវីត សង្ឃឹម​ថា​ទស្សនិកជន​នៅបន្ត​ការ​គំាទ្រ​ទស្សនា​វីដេអូ​កម្សាន្ត​របស់​ក្រុម «Prahok TV»​ដើម្បី​ឲ្យ​ជោគ​ជ័យ​ទៅបាន៕

អត្ថបទគួរចាប់អារម្មណ៍