ក្រុងញូវដែលី: នាយករដ្ឋមន្ដ្រីឥណ្ឌា ណារ៉េន ដ្រា ម៉ូឌី បានឡើងកញ្ចក់ទូរទស្សន៍ក្នុងស្រុកដ៏កម្រកាលពីថ្ងៃចន្ទ ដោយជជែកអំពីជីវិតរបស់លោក និងបរិស្ថាន និងរួមទាំងការហិតលាមកដំរីថែមទៀតជាមួយអ្នកផ្សងព្រេងអង់គ្លេស Bear Grylls។
កម្មវិធី «Man Vs. Wild» របស់ទូរទស្សន៍ Discovery Channel បានឃើញលោក ម៉ូឌី បានបង្ហាញមុខយ៉ាងពិសេសក្នុងនាមជាអ្នកការពារធម្មជាតិ ដោយបានរៀបរាប់ដំណើររឿងជីវិតប្រាប់ពិធីករផ្នែកដំណើរផ្សងព្រេងរបស់ទូរទស្សន៍អង់គ្លេសក្នុងតំបន់ធម្មជាតិឥណ្ឌា។
លោក ម៉ូឌី បាននិយាយពេលអ្នកទាំង ២ ជិះទូកឆ្លងទន្លេដ៏ត្រជាក់ថា៖ «គ្រប់រុក្ខជាតិទាំងអស់គឺជាផ្កា។ យើងមើលឃើញអាទិទេពក្នុងដើមឈើនីមួយៗ»។
លោកនិយាយភាសាឥណ្ឌាដែលលោក Grylls ទំនងជាយល់ថា៖ «វាជាកិច្ចការទទួលខុសត្រូវរបស់មនុស្សក្នុងការអភិរក្សបរិស្ថាន។ បញ្ហាធំបំផុតគឺជាជិវិតរបស់យើង។ យើងបានបំពានធម្មជាតិដើម្បីតែភាពរីករាយរបស់យើង»។
លោក ម៉ូឌី ដែលបានជាប់ឆ្នោតជាថ្មីកាលពីឆ្នាំក៏បានប្រាប់លោក Grylls អំពីឆាកជីវិតតស៊ូក្នុងនាមជាកូនអ្នកលក់ទឹកតែ និងដំណើរដ៏សែនឯកោទៅកាន់ភ្នំហិមពាន្ដកាលពីរូបលោកនៅជាយុវវ័យ។
ជាមេដឹកនាំ និងតារាលើបណ្ដាញសង្គមលោក ម៉ូឌី ដែលមានអ្នកគាំទ្រលើ Twitter ៤៩ លាននាក់តែងតែបានលើកតម្កើងខ្លួនជាវរជនការពារប្រទេស និងប្រជាជនរបស់លោក។
លោកនាយករដ្ឋមន្ដ្រី ម៉ូឌី អាយុ ៦៨ ឆ្នាំ ធ្លាប់បានផ្សព្វផ្សាយវីដេអូខ្លួនឯងហាត់យោគៈ និងនៅចុងយុទ្ធនាការរកសំឡេងឆ្នោតឆ្នាំនេះលោកបង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍កំពុងធ្វើសមាធិក្នុងល្អាងពិសិដ្ឋដាច់ស្រយាលមួយ៕ HR