ភ្នំពេញៈ នាថ្ងៃមង្គលការតារាចម្រៀងស្រីកំពូល ឱក សុគន្ធកញ្ញា និងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសបង្កើតថៅកែផលិតកម្មហង្សមាសកាលពីពាក់កណ្តាលខែនេះបានជះឥទ្ធិពលបោកបក់ខ្លាំងលើគូស្នេហ៍អ្នកសិល្បៈ ២ គូឲ្យនៅមិនស្ងៀម ហើយរុញគ្នាទៅមុន ទៅក្រោយរកពេលាចូលរោងជ័យបន្ទាប់ គួរឲ្យចាប់អារម្មណ៍ពីមហាជន។
គូស្នេហ៍អ្នកសិល្បៈ ២ គូនោះគឺ កញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត និងតារាចម្រៀងស្រីអូរីជីណល អេដា និងគូស្នេហ៍កាត់ ៣ សាសន៍លោក អេលែន តាន់ ដោយម្ខាងៗប្រើពាក្យស៊កសៀតគ្នាឲ្យទៅរកពេលាចូលរោងជ័យ បន្ទាប់ពីមង្គលការរបស់ ឱក សុគន្ធកញ្ញា។
ដោយឡែកក្រោយពីសម្ព័ន្ធស្នេហ៍មានដំណើរការយ៉ាងរលូនល្អ ចាស់ទុំទាំងសងខាងក៏ដឹងឮថែមទាំងហ៊ានប្រើពាក្យហៅគ្នាថា បង និងអូន ពេញៗមាត់ ប្រៀបដូចប្តីប្រពន្ធរៀបការថ្មីថ្មោងទៅហើយ តារាចម្រៀងដែលកាន់តែសិចស៊ី និងកែខៃរាងកាយកាន់តែប្លែកៗជាងមុនកញ្ញា ទេព បូព្រឹក្ស និងតារាចម្រៀងប្រុសលោក ងួន ចាន់ដេវីត ក៏បាននាំគ្នាសន្សំថត Pre-Wedding នៅឯដែនកោះប្រទេសម៉ាល់ឌីវរួចមកហើយដែរ។
តាមការសង្កេតឃើញថាអ្នកទាំង ២ មានភាពចុះសម្រុងគ្នាគឺចាប់តាំងពីផលិតកម្មហង្សមាសបានផ្តល់ឱកាសឲ្យពួកគេសហការផលិតបទចម្រៀងរួមគ្នាមកគឺថាកញ្ញា ទេព បូព្រឹក្ស និង ងួន ចាន់ដេវីត មិនត្រឹមតែជាដៃគូចម្រៀងស៊ីចង្វាក់គ្នាប៉ុណ្ណោះទេ គឺថែមទាំងបានបង្ហួសផ្សារភ្ជាប់បេះដូងយ៉ាងស៊ីជម្រៅរហូតក្លាយជាគូស្នេហ៍ដ៏ស្អិតល្មួតទៀតផង។
កញ្ញា ទេព បូព្រឹក្ស ក៏បញ្ជាក់ថា៖ «ក្រោយពីពួកយើងបានស្រឡាញ់គ្នានារយៈពេលប៉ុន្មានឆ្នាំនេះមានចាស់ទុំដឹងឮទាំងសងខាងហើយឈានមកក្លាយជាគូសង្សារយល់ចិត្តគ្នា យើងសុំចិត្តរក្សាតែត្រឹមជាគូស្នេហ៍សិនគឺមិនទាន់ចង់រហ័សទៅរៀបការនោះទេ។ ម្យ៉ាងវិញទៀតពួកយើងទាំង ២ គឺសុទ្ធតែនៅមានវ័យក្មេងៗផងគឺត្រឹមជាង ២០ ឆ្នាំ ប៉ុណ្ណោះ ដូច្នេះនាងខ្ញុំគិតថាចង់ទុកពេលត្រឹមជាគូសង្សារ ដើម្បីស្វែងយល់គ្នាឲ្យច្រើនឆ្នាំទៀតសិន ចាំសម្រេចគិតរឿងរៀបការគឺតិចបំផុតក៏ ៥ ឆ្នាំទៀត ឬអាចដល់ ១០ ឆ្នាំទៀតក៏ថាចំពោះរឿងពេលារៀបការនោះ» ។
មួយរយៈចុងក្រោយនេះគឺថាជារឿយៗសង្កេតឃើញគូស្នេហ៍អ្នកសិល្បៈដូចគ្នា តែងតែប្រើរូបមន្តសន្សំទ្រព្យធនរួមគ្នានាពេលនៅជាគូសង្សារនឹងគ្នា ហើយក៏ហ៊ានដាក់ទុនរួមគ្នាទៅទិញផ្ទះវីឡារួមគ្នា ដើម្បីទុកជាទ្រនំរួមស្នេហ៍ ក្រោយពេលរៀបការផងដែរតួយ៉ាងដូចជាកញ្ញា សួស វីសា និងគូស្នេហ៍លោក ថមមី កញ្ញា ណូម័រ និងវីជេលោក សុភា ថែមទាំងមានអ្នកនាង ឱក សុគន្ធកញ្ញា ជាដើម។
ខណៈគូស្នេហ៍វ័យក្មេងដែលទើបតែមានវ័យ ២៤ ឆ្នាំដូចគ្នាគឺកញ្ញា ទេព បូព្រឹក្ស និងលោក ងួន ចាន់ដេវីត ក៏គេឃើញមានការដាក់ទុនរួមគ្នាខ្លះៗដែរដូចជា រថយន្តទំនើប ឬទូរស័ព្ទទំនើប។ តែគម្រោងទិញផ្ទះរួមគ្នាត្រូវបានកញ្ញា ទេព បូព្រឹក្ស បង្ហើបថា៖ «រឿងទិញផ្ទះរួមគ្នានោះ យើងក៏ចង់ដែរ តែពេលនេះយើងមិនទាន់ហ៊ានគិតរឿងនោះទេ ដោយសារតែស្ថានភាពពួកយើងនាពេលនេះនៅមានកម្រិតនៅឡើយ»៕